នាវា​ដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹក​ពីព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ ទទួលបាន​ជិត​បី​ពាន់​នាក់​ក្នុងឱកាស​បុណ្យចូលឆ្នាំ​

1498
ចែករម្លែក
សេវាដឹកជញ្ជូនតាមផ្លូវទឹកចាលើកដំបូងព្រែកព្នៅ ទៅក្រុងតាខ្មៅ

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​កន្លងទៅ​ថ្មីៗ​នេះ នាវា​ដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹក​ពី ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ បានទទួល​ដឹក​អ្នកដំណើរ​ចំនួន​សរុប ២.៨២៦​នាក់​។​ការធ្វើដំណើរ​តាមផ្លូវ​ទឹក​ពី ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ​នេះ មិន​គិតថ្លៃ​រហូតដល់​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨​។សេវាដឹកជញ្ជូនផ្លូវទឹកមួយ​នេះ​បានដាក់ឲ្យដំណើរការកាលពីថ្ងៃទី៤ខែមេសា។

​យោងតាម​ក្រសួង​សាធារណ​ការ​និង​ដឹកជញ្ជូន​បានឱ្យដឹងថា បងប្អូន​ប្រជាពលរដ្ឋ បានផ្តល់​ការគាំទ្រ​ចំពោះ​ការបើក​ដំណើរការ​នាវា​ដឹក​អ្នកដំណើរ​តាមផ្លូវ និង​បាន​ចូលរួម​ការធ្វើដំណើរ​នេះ​។​

​លោក ហែ​ន មុនី​រ័ត្ន ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​តាខ្មៅ បានឱ្យ​រស្មី​កម្ពុជា​ដឹង​កាលពី​រសៀល​ថ្ងៃទី​១៩ ខែ មេសា ថា​ លោក​បាន​ជិះ​កាណូត​ពី​តាខ្មៅ មក​ផ្សារ​ចាស់ ដើម្បី​មករក​ទិញ​ឥ​វ៉ាន់ ដោយ​មិនមាន​គិតថ្លៃ​ទេ​ហើយ​មាន​មនុស្ស​ជិះ​ច្រើន ខ្លះ​ជិះ​កម្សាន្ត និង​ខ្លះទៀត​មានការ​ងារ​»​។​​លោក​បន្តថា​«​ការធ្វើដំណើរ​តាម​កាណូត​នេះ ងាយស្រួល លឿន និង​អត់​ស្ទះចរាចរណ៍ ខុសពី​ការ​ជិះ​ម៉ូតូ​ដែល ចំណាយពេល​យូរ ក្តៅ និង​ស្ទះចរាចរណ៍​»​។​

​ការដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​ពី​កំពង់ផែ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ទៅ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​នេះ ឆ្លង​កាត់​ស្ថានីយ​រង់ចាំ​អ្នកដំណើរ​ចំនួន​៦​កន្លែង មានដូចជា​៖ កំពង់ផែ​ព្រែក​ព្នៅ កំពង់ផែ​មុខ​ឃ្លាំង​សាំង​ឫស្សីកែវ កំពង់ផែ​ផែបណ្តែត កំពង់ផែ​ណាហ្គា កំពង់ផែ​ភូមិ​ដើម​ចាន់​ច្បារអំពៅ​និង​កំពង់ផែ​សួនច្បារ​តាខ្មៅ​។​ប៉ុន្តែ​ក្នុង​ដំណាក់កាល​សាកល្បង​នេះ​ពុំ​ឆ្លងកាត់ កំពង់ផែ​ព្រែក​ព្នៅ​និង​កំពង់ផែ​ភូមិ​ដើម​ចាន់​ច្បារអំពៅ ព្រោះ​ស្ថានីយ​ទាំងពីរ​កំពុង​រៀបចំ​។​សេវាកម្ម​ដឹក​អ្នកដំណើរ​គឺ​ពី​ម៉ោង​៥​កន្លះ​ព្រឹក​ដល់​៥​កន្លះ​ល្ងាច​៕មន

#