នាវា​ផ្ទុក​យន្តហោះ​ធ្វើ​ដោយ​ចិន​ជា​លើ​ដំបូង បញ្ចប់​ការសាកល្បង​នៅ​សមុទ្រ​

413

ចិនបាននិយាយនៅថ្ងៃសុក្រទី១៨ខែឧសភាថានាវាផ្ទុកយន្តហោះដែលកសាងនៅប្រទេសចិនជាលើកដំបូង បានបញ្ចប់ការសាកល្បងចំនួន៥ថ្ងៃនៅសមុទ្រដោយធ្វើឱ្យវាកាន់តែខិតជិតទៅរកការចូលរួមជាមួយកងនាវាដែលមានឥទ្ធិពលកាន់តែខ្លាំងឡើរបស់ខ្លួន។

បណ្តាញសារព័ត៌មានរដ្ឋរបស់ចិនបានរាយការណ៍ថា នាវាដែលមិនទាន់ត្រូវដាក់ឈ្មោះនៅឡើយនេះ បានបំពេញភារកិច្ច ដែលបានប្រគល់ទាំងអស់នៅមុនពេលវិលត្រឡប់មកកន្លែងសាងសង់របស់វានៅទីក្រុងDalian ភាគខាងជើងនៃប្រទេសចិន។

នាវាផ្ទុកយន្តហោះដែលមានទម្ងន់៥០.០០០តោននេះ គឺជានាវាទី២របស់ចិន ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងកងទ័ពចិន នៅមុនឆ្នាំ២០២០។

នាវាផ្ទុកយន្តហោះ Liaoning គឺជានាវាទីមួយរបស់ចិន។តែLiaoningត្រូវបានទិញពីប្រទេសអ៊ុយក្រែនមកជួសជុលនិងត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១២ដោយមានយន្តហោះចម្បាំងចិនJ-15 ច្រើនគ្រឿងនៅលើនាវានេះ។

ចិនត្រូវបានគេមើលឃើញមានការខិតខំដើម្បីយកឈ្នះសហរដ្ឋអាមេរិកជាមហាអំណាចកងទ័ពជើងទឹកនៅទ្វីបអាស៊ី ហើយចិនមានរួចទៅហើយនូវកងនាវាដ៏ធំបំផុតនៅពិភពលោក។

រដ្ឋាភិបាលក្រុងប៉េកាំងនិយាយថាខ្លួនត្រូវការនាវាផ្ទុកយន្តហោះទាំងនេះដើម្បីការពារឆ្នេរសមុទ្រនិងផ្លូវពាណិជ្ជកម្មរបស់ខ្លួន ប៉ុន្តែពួកវានេះ ក៏ត្រូវបានគេមើលឃើញថាជាកម្លាំងគាំទ្រដល់ការអះអាងសិទិ្ធកាន់កាប់ទឹកដីរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើកោះតៃវ៉ាន់និងការកាប់កាប់ទឹកដីស្ទើរតែទាំងអស់របស់ខ្លួន នៅសមុទ្រចិនខាង
ត្បូងផងដែរ៕ដោយ៖សុខា/SN

នាវាផ្ទុកយន្តហោះធ្វើដោយចិនជាលើដំបូងនេះ ត្រូវបានគេឃើញនៅទីក្រុងDalian ភាគខាងជើងនៃប្រទេសចិន