នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក​ទៅដល់​ហ្វីលីពីន ចំ​ពេល​មាន​ភាព​តានតឹង​ជាមួយ​ចិន​

457
ចែករម្លែក

​នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan​និង​នាវា​ដទៃ​ទៀត​នៃ​ក្បួន​ទ័ពជើងទឹក រួម​មាន​នាវា​ប្រដាប់​ដោយ​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ USS Chancellorsville និង USS Antietam​បាន​បោះ​យុថ្កា​នៅ​ជិត​ទីក្រុង​ម៉ានីល​របស់​ហ្វីលីពីន​កាលពី​ថ្ងៃ​ពុធ​ទី​៧​សីហា ដែល​វា​ជា​ដំណើរ​ចូល​សំចត​ទី​២​នៅ​ក្រុង​ម៉ានីល​ក្នុង​រយៈពេល​តែ​មួយ​ឆ្នាំ​, នេះ​បើ​តាម​សារព័ត៌មាន​ Rappler​។​

​គោលបំណង​ផ្លូវការ​នៃ​ក្រុម​នាវា​ប្រយុទ្ធ​Ronald Reagan Carrier Strike Group គឺ​សម្រាក​ពី​ការ​ល្បាត ដោយ​ផ្តល់​ពេល​អោយ​ទាហាន​ជាង​៥.០០០​នាក់​មាន​ពេល​លំហែកាយ និង​​ធ្វើការ​ទាក់ទង​ជាមួយ​កងទ័ពជើងទឹក​ហ្វីលីពីន ។​

​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកកាសែត​អំពី​ភាព​តានតឹង​ខាង​ភូមិសាស្ត្រ​នយោបាយ​នៅក្នុង​តំបន់ ឧត្តមនាវី កាល់ ថូ​ម៉ាស នៃ​ក្រុម​នាវា​នេះ បាន​និយាយថា «​ភារកិច្ច​របស់​នាវា​​ផ្ទុក​យន្តហោះ​នេះ​គឺ​ផ្តល់​សន្តិសុខ និង​ស្ថិរភាព​ចំពោះ​តំបន់​។​វា​អនុញ្ញាតអោយ​យើង​ទៅ​ទីនោះ​និង​បង្កើត​បរិយាកាស​មួយ ដែល​ជម្លោះ​គ្រប់​ទំរង់​អាច​ត្រូវបាន​ដោះស្រាយ​ដោយ​​លក្ខណៈ​អហិង្សា​។​គោលដៅ​របស់​យើង​គឺ​អនុញ្ញាត​អោយ​នាវា​អាច​បើក​និង​ធ្វើ​ប្រតិបត្តិការ​នៅទីណា​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត និង​ខ្ញុំ​គិត​ថា​យើង​ធ្វើ​រឿង​ណឹង​បាន​ត្រឹមត្រូវ​​និង​មាន​ប្រសិទ្ធភាព​»​។​

​ដំណើរ​ទស្សនកិច្ច​របស់​នាវា​នេះ​កើតឡើង​ចំ​ពេល​រដ្ឋមន្ត្រីការពារ​ជាតិ​អាម៉េរិក​កំពុង​ទស្សនកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​និង​ថា​លោក​ចង់​ដាក់ពង្រាយ​កាំជ្រួច​ចម្ងាយ​មធ្យម​នៅ​ទី​​តាំង​ផ្សេងៗ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​អោយបាន​ឆាប់​។​

​លោក​ក៏​បាន​អះអាងថា ចិន​បាន​ធ្វើអោយ​បាត់បង់​ស្ថិរភាព​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក និង​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្វើ​«​សេដ្ឋកិច្ច​ឆក់​ប្លន់ លួច​កម្មសិទ្ធិបញ្ញា​និង​​ប្រើ​ប្រភព​ធនធាន​សកល​ជា​អាវុធ​។​

​តែ​ចិន​បាន​ឆ្លើយតប បាន​បដិសេធ​ការលើកឡើង​របស់​លោក​រដ្ឋមន្ត្រី ការពារ​ជាតិ​អាម៉េរិក និង​ថា​សកម្មភាព​យោធា​ចិន​មាន​លក្ខណៈ​ការពារ​ខ្លួន​សុទ្ធសាធ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ហួរ ជុន​យី​ង បាន​បន្ទោស​អាម៉េរិក​ថា​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​របស់​បណ្តា​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងស្រុង និង​ព្យាយាម​បំបែក​ពួកគេ​តាម​​រយៈ​ជំរុញ​យុទ្ធសាស្ត្រ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ក្នុងពេល​ដែល​ខ្លួន​ជំរុញ​ការ​ដាក់​ពង្រាយ​យោធា​និង​បង្កើន​សម្ពន្ធភាព​យោធា​នៅក្នុង​តំបន់​៕​ដោយ​៖​វាសនា​

អាម៉េរិក​តែង​បញ្ជូន​នាវាចម្បាំង​មក​កាន់​តំបន់​នេះ​ដើម្បី​អនុវត្ត​អ្វីដែល​ខ្លួន​អះអាងថា សេរីភាព​នាវាចរណ៍​