នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan សង្ស័យ​រំខាន​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​នៅ​ហុងកុង​

805
ចែករម្លែក

​យោងតាម​របាយការណ៍​ក្នុងស្រុក​បានឱ្យដឹងថា នាវា​ផ្ទុក​យន្តហោះ​របស់​កងទ័ពជើងទឹក​អាមេរិក​មួយគ្រឿង ដែល​ធ្វើ​ការចូល​ចត​នៅ​កំពង់ផែ​ហុងកុង បាន​បង្កឱ្យមាន​បញ្ហា​ដ៏​ធំ​សម្រាប់​មនុស្ស​នៅក្នុង​តំបន់​នេះ ដែល​ព្យាយាម​ប្រើ​ទូរស័ព្ទដៃ​និង​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​ទៀត​របស់​ពួកគេ​។​

​នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan បាន​មកដល់​ហុងកុង​កាលពី​ថ្ងៃ​ពុធ​ទី​២១​វិច្ឆិកា អំឡុងពេល​ថ្ងៃត្រង់​។ យោងតាម​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ Asia Times បានឱ្យដឹងថា ភ្លាមៗ​បន្ទាប់ពី​ទម្លាក់​យុថ្កា​របស់ខ្លួន មនុស្ស​នៅ​តំបន់​ជុំវិញ​នោះ​មិនអាច​បញ្ជា​បើកឡាន​របស់ខ្លួន​ពី​ចម្ងាយ​បាន ហើយ​អ្នក​ប្រើ​ទូរស័ព្ទដៃ​បាន​ត្អូញត្អែរ​ពី​ការរំខាន​សេវា​។​

​របាយការណ៍​នេះ​បានឱ្យដឹង​ទៀតថា អាជ្ញាធរ​ទូរគមនាគមន៍​ហុងកុង​បាន​បញ្ជាក់ថា ខ្លួន​បានទទួល​ការសួរនាំ​ជាច្រើន និង​ការហៅ​ទូរស័ព្ទ​ចូល​សួរ​អំពី​សេវា​ខុស​ប្រក្រតី​។ អ្នកនាំពាក្យ​របស់​អគ្គ​កុងស៊ុល​អាមេរិក​ប្រចាំ​នៅ​ទី​នោះបាន​និយាយថា គាត់​មិនបាន​ដឹងថា​នាវា​ផ្ទុក​យន្តហោះ​បាន​រំខាន​យានយន្ត​ស៊ីវិល​នោះទេ​។​

​យោងតាម​អ្នកជំនាញ​ទូរគមនាគមន៍​តាមរ​លក​វិទ្យុ​នៅ​តំបន់​នោះបាន​ឱ្យដឹងថា រថយន្ត​ដែល​ទទួលរង​ផលប៉ះពាល់​ជា​ចម្បង​គឺ​ផលិត​នៅ​ជប៉ុន​។ ប្រព័ន្ធ​ចាក់សោ​ពី​ចម្ងាយ​នៅលើ​រថយន្ត​ទាំងនេះ​ជាទូទៅ​ធ្វើ​ប្រតិបត្តិការ​លើ​ប្រេកង់ ៣១៥ MHz ។ កាសែត Asia Times បាន​លើកឡើងថា ប្រេកង់​នេះ​គឺ​កៀក​នឹង​ប្រេកង់ ដែល​ប្រើ​ដោយ​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​នៅលើ​នាវា USS Reagan ។​

​អ្នកសង្កេតការណ៍​ម្នាក់​បាន​ប្រាប់ Asia Times ថា នាវិក​របស់​នាវា USS Reagan ប្រហែលជា​អាច​ចុច​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ប្រឆាំង​រលក​វិទ្យុ​និង​ប្រឆាំង​ចារកម្ម នៅពេលដែល​នាវា​ដ៏​ធំ​នេះ​ចូល​សំចត​ក្នុង​ចម្ងាយ​ពីរ​បី​គីឡូម៉ែត្រ​ពី​មូលដ្ឋានទ័ព​របស់​កង​ទ័ព​រំដោះប្រជាជន​ចិន​នៅ​ហុងកុង​។ យោងតាម​កាសែត Asia Times បានឱ្យដឹង​ទៀតថា នាវា Reagan អាច​នឹង​ចាត់វិធានការ​ទាំងនេះ​ដើម្បី​ទប់ស្កាត់​ការប៉ុនប៉ង​ចារកម្ម​របស់​ចិន ដែលមាន​ប្រភព​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​នៅលើ​កោះ​ស្តូ​ន​ខាត់​ធឺ (Stonecutter) ដែលមាន​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​។​

​នាវា Reagan បានធ្វើ​ទស្សនកិច្ច​ជា​ញឹកញាប់​នៅ​ហុងកុង​ចាប់តាំងពី​ឆ្នាំ ២០០៣ ដោយ​បញ្ឈប់​ការផ្គត់ផ្គង់​សេវា​ទូរស័ព្ទ​ជា​ញឹកញាប់​។ ទោះយ៉ាងណា ការរំខាន​ផ្នែក​អេ​ឡិច​ត្រូ​និ​ចនេះ​មិន​ត្រូវបាន​រាយការណ៍​ដោយ​ជន​ស៊ីវិល​ទេ​ក្នុងអំឡុង​ការឈប់​សំចត​នៅ​កំពង់ផែ​កាលពី​លើក​មុនៗ​៕ ដោយ៖ កញ្ញាដាលីស

នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan