នាវា​ពិឃាដ​អាមេរិក​ធ្វើ​ប្រតិបត្តិការ​ក្បែរ​កោះ​សិប្បនិម្មិត​របស់​ចិន ក្នុង​សមុទ្រ​ចិន​ខាងត្បូង​

1100
ចែករម្លែក

​នាវា​ពិឃាដ​របស់​កងទ័ពជើងទឹក​អាមេរិក​បាន​អនុវត្ត​ប្រតិបត្តិការ “​ដើម្បី​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​” កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​សីហា ដែល​ស្ថិតនៅក្នុង​ចម្ងាយ​ជាង ២២ គីឡូម៉ែត្រ​ពី​កោះ​សិប្បនិម្មិត​មួយ ដែល​កសាង​ដោយ​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើតាម​ក្រុមមន្ត្រី​អាមេរិក​ប្រាប់​ទៅ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។​

​សមុទ្រ​ចិន​ខាងត្បូង​ត្រូវបាន​ហៅថា​សមុទ្រ​ខាងកើត​នៅក្នុង​ប្រទេស​វៀតណាម​។​

​ប្រតិបត្តិការ​នេះ​បានកើត​ឡើង ខណៈដែល​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ស្វែងរក​កិច្ចសហប្រតិបត្តិការ​រ​បស់​ចិន​ក្នុងការ​ដោះស្រាយ​ជាមួយ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ហើយ​អាចធ្វើ​ឱ្យមាន​ភាពស្មុគស្មាញ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួលបាន​ជំហរ​រួមមួយ​។​

​ក្រុមមន្ត្រី ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក បានឱ្យដឹងថា នាវា USS John S. McCain បានធ្វើ​ដំណើរ​ជិត​ឆ្នេរ​នៃ​កោះ​ថ្ម​ប៉ប្រះ​ទឹក មី​ស​ឈី​ហ្វ (Mischief) ក្នុង​ប្រជុំ​កោះ​ស្ព្រា​ត​លី ដែល​ស្ថិត​ក្នុងចំណោម​កោះ​តូចៗ កោះ​ថ្ម​ប៉ប្រះ​ទឹក និង​ថ្ម​ប៉ប្រះ​ទឹក​ដទៃទៀត​។ ប្រទេស​ចិន​មាន​ជម្លោះ​ដែនដី​ជាមួយ​ប្រទេសជិតខាង​របស់ខ្លួន​ជុំវិញ​តំបន់​នោះ​។​

​វា​គឺជា “​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​” លើក​ទី ៣ ហើយ ដែល​ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុង​ការដឹកនាំ​របស់លោក​ប្រធានាធិបតី​ត្រាំ​។ ទាំង​ក្រសួងការពារជាតិ​និង​ក្រសួងការបរទេស​ចិន​មិនបាន​ឆ្លើយតប​ភ្លាមៗ​ទៅនឹង​សំណើសុំ​អត្ថាធិប្បាយ​អំពី​រឿងនេះ​នៅឡើយ​ទេ​។​

​ប្រតិបត្តិការ​នេះ​គឺជា​ការប៉ុនប៉ង​ចុងក្រោយ​បំផុត​ដើម្បី​ប្រឆាំងនឹង​អ្វីដែល​ក្រុង​វ៉ាស៊ីនតោន​មើលឃើញថា​ជាការ​ខិតខំ​ប្រឹងប្រែងរ​បស់​ក្រុង​ប៉េកាំង​ក្នុងការ​កំណត់​នូវ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​ក្នុង​ដែនទឹក​យុទ្ធសាស្ត្រ​និង​បានកើត​ឡើង​ស្រប​ពេលដែល​លោក​ត្រាំ​កំពុង​ស្វែងរក​កិច្ចសហប្រតិបត្តិការ​រ​បស់​ចិន​ដើម្បី​ទប់ទល់​នឹង​កូរ៉េខាងជើង​។​

​ភាព​តានតឹង​បាន​កើនឡើង​នៅពេល​ថ្មីៗ​នេះ​បន្ទាប់ពី​កូរ៉េខាងជើង​បានធ្វើ​តេស្ត​នុយក្លេអ៊ែរ​ចំនួន​ពីរលើក​កាលពី​ឆ្នាំមុន​និង​ការសាកល្បង​គ្រាប់​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប ICBM ចំនួន​ពីរ​កាលពី​ខែ​កន្លងទៅ ដែល​ជំរុញឱ្យមាន​ការដាក់ទណ្ឌកម្ម​ខ្លាំងក្លា​ពី​អ​.​ស​.​ប ដែល​ធ្វើឱ្យ​ខឹងសម្បារ​ដល់​រដ្ឋាភិបាល​ព្យុងយ៉ាង ដែល​គំរាម​ប្រដៅ​អាមេរិក​នូវ “​មេរៀន​ដ៏​ធ្ងន់ធ្ងរ​”​។​

​រីឯ​ត្រាំ​វិញ​បាន​ឆ្លើយតប​ដោយ​ព្រមាន​កូរ៉េខាងជើង​ថា ពួកគេ​នឹង​ប្រឈមមុខ​នឹង “​ភ្លើង​និង​កំហឹង​” ប្រសិនបើ​កូរ៉េខាងជើង​នៅតែ​គំរាមកំហែង​សហរដ្ឋអាមេរិក​ទៀត​នោះ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក​ជី​ម ម៉ា​តទី​ស បាន​ព្រមាន​យ៉ាងខ្លាំង​ក្លា​ចំពោះ​កូរ៉េខាងជើង​កាលពី​ថ្ងៃ​ពុធ ដោយ​ប្រាប់​ក្រុង​ព្យុងយ៉ាង​ថា​គួរតែបញ្ឈប់​សកម្មភាព​ណាមួយ​ដែល​នឹង​នាំទៅដល់ “​ការបញ្ចប់​របប​រប​ស់​ខ្លួន​និង​ការបំផ្លាញ​ប្រជាជន​របស់ខ្លួន​”​។​

​សហរដ្ឋអាមេរិក​បាន​រិះគន់​ការកសាង​កោះ​របស់​ចិន​និង​ការកសាង​មូលដ្ឋាន​យោធា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​របស់​ចិន​ហើយ​មានការ​ព្រួយបារម្ភ​ថា​កោះ​ទាំងនោះ​អាច​ត្រូវបាន​ប្រើ​ដើម្បី​រឹតបន្តឹង​ការធ្វើដំណើរ​ដោយ​សេរី​នៅលើ​សមុទ្រ​៕ ដោយ៖ កញ្ញាដាលីស

នាវា​ពិឃាដ USS John S. McCain