នាវា​ពិឃាត​អាមេរិក​បង្ហាញ​ខ្លួន​នៅ​សមុទ្រ​ចិន នៅពេល​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ចិន​-​អាមេរិក រកកល​នឹង​រលំរលាយ​

833
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​សម្តែង​ការប្រឆាំង​ជំទាស់​ដាច់ខាត​ចំពោះ​ការឆ្លងកាត់​របស់​នាវា​ពិឃាត​បំពាក់​ដោយ​កាំជ្រួច​នាំ​ផ្លូវ​របស់​អាមេរិក​២​គ្រឿង​នៅ​ជិត​ឆ្នេរ​ថ្ម​ប៉ប្រះ​ទឹក​Gaven និង Johnson​នៅ​ប្រជុំ​កោះ​ស្ព្រាត​លី ដែល​ចិន​អះអាងថា​ជា​របស់​ខ្លួន​, នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក ហ្គេង សួង​ប្រាប់​សន្និសីទកាសែត​មួយ​​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​ឧសភា​។​

​កងទ័ពជើងទឹក​ចិន​បាន​អំពាវនាវ​អោយ​នាវា​អាមេរិក​ចាកចេញ​ពី​តំបន់​នោះ​និង​បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អោយ​បញ្ឈប់​អំពើ​បង្ករឿង​ដូច្នេះ​ទៀត​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រមុន​នេះ​បាន​ស្រង់​សម្តី​មេបញ្ជាការ​កង​នា​វាទី​៧​អាមេរិក​លោក ក្លេ ដូស ដែលថា ការធ្វើដំណើរ​ឆ្លងកាត់​នៅ​ចម្ងាយ​២០​គីឡូ​ម៉ែត​ពី​កោះ ត្រូវបានធ្វើ​​ឡើង​ដើម្បី​ប្រឆាំង​នឹង​ការអះអាង​កម្មសិទ្ធិ​ដែន​សមុទ្រ​ដ៏​លើសលប់​និង​រក្សា​សិទ្ធិ​ចូល​ក្នុង​ដែនទឹក​នេះ​ស្របតាម​ច្បាប់​អន្តរជាតិ​។​

​ដំណើរ​វិវត្តន៍​នៃ​សភាពការណ៍​នេះ​កើតឡើង​ចំពេល​សារព័ត៌មាន South China Morning Post​រាយការណ៍​ថា ឧបនាយក​រដ្ឋមន្ត្រី​ចិន លីវ ហឺ នឹង​បន្ត​ដំណើរការ​ចរចា​ពាណិជ្ជកម្ម​​ដោយ​ត្រូវ​ធ្វើដំណើរ​ទៅ​អាមេរិក​នៅ​សប្តាហ៍​នេះ​សំរាប់​កិច្ចពិភាក្សា​ពាណិជ្ជកម្ម តែ​ត្រូវគេ​រំពឹងថា​នឹង​បន្ថយ​រយៈពេល​នៅ​អាមេរិក​។​

​ព័ត៌មាន​អំពី​វត្តមាន​នាវា​អាមេរិក​នេះ​ក៏​កើតឡើង​ចំ​ពេល​មាន​ការប៉ាន់ស្មាន​ថា​លោក​អាច​ផ្អាក​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​នៅ​សប្តាហ៍​នេះ​ដោយសារ​តែ​ប្រធានាធិបតី​អាមេរិក​បាន​ព្រមាន​បង្កើន​ពន្ធ​លើ​ទំនិញ​ចិន​តំលៃ​២០០.០០០​លាន​ដុល្លារ​ចាប់ពី​១០​ទៅ​២៥​ភាគរយ និង​វាយ​ពន្ធ​២៥​ភាគរយ​លើ​ទំនិញ​ចិន​ផ្សេង​ទៀត​តំលៃ​៣២៥.០០០​លាន​ដុល្លារ​៕

បញ្ហា​វត្តមាន​យោធា​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង ជា​ឧបសគ្គ​មួយ​នៅក្នុង​ទំនាក់ទំនង​អាមេរិក​-​ចិន