នាវា​របស់​ប្រតិភូ​យុវជន​អាស៊ីអាគ្នេយ៍​-​ជប៉ុន នឹង​ចាក​ចេញពី​ប្រទេស​កម្ពុ​ជានា​រសៀល​នេះ​ ​

218

(​ភ្នំពេញ​) ៖ នាវា​របស់​ប្រតិភូ​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន (SSEAYP) លើក​ទី​៤៤ នឹង​ចាក​ចេញពី​ប្រទេស​កម្ពុ​ជានា​រសៀល​ថ្ងៃនេះ ដោយមាន​ការជូន​ដំណើរ​ពី លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅឯ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្រោយពី​នាវា​នេះ​បាន​ចូល​ចត​នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល​៤​ថ្ងៃ​។​
​ ​
​ក្នុង​រយៈពេល​៤​ថ្ងៃ​នៅ​កម្ពុជា ក្រុមយុវជន​នាវា​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​ក៏បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​ផងដែរ ដោយ​ក្នុងនោះ​សម្តេច​បាន​ណែនាំ​យុវជន​ប្រតិភូ​ទាំងអស់ ត្រូវ​រក្សា​នូវ​ឥរិយាបថ​ល្អ​និង​មិត្ត​ភាពល្អ​ជាមួយនឹង​មិត្ត​រួម​ដំណើរ ពីព្រោះ​ក្មួយៗ​តំណាង​ឲ្យ​ជាតិ​សាសន៍​យើង​ទាំងមូល មិនមែន​តំណាង​ឲ្យ​បុគ្គល​នោះទេ ។​សម្តេច​បាន​​ណែនាំ​ថា យុវជន​ខិតខំ​កសាង​ទំនាក់​ទំនងជា​មិត្តភាព ទំនាក់ទំនង​រវាង​បុគ្គល​និង​បុគ្គល​ដែលជា​កត្តា​បង្ក​ឱកាស​ឲ្យ​មាន​ទំនាក់ទំនង​​រវាង​ជាតិ​សាសន៍ និង​ជាតិ​សាសន៍ ព្រមទាំង​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស​ផងដែរ​។​
​ ​
​គួរ​ឲ្យ​ដឹងផង​ដែរ​ថា នាវា​យុវជន ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៧៤ តាមរយៈ​ការ​ដំណើរ​ទស្សនកិច្ច​លើ​នាវា​ដែល​ត្រូវ​ឆ្លងកាត់​សមុទ្រ​​ប៉ាស៊ីហ្វិក ពី​ជប៉ុន​មក​កម្ពុជា ហើយ​បន្ត​ទៅកាន់​ប្រទេស​ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហើយ​វិលត្រឡប់​ទៅកាន់​ប្រ​ទ​សេ​ជប៉ុន​វិញ ។ គោលដៅ នៃ​ការធ្វើដំណើរ​នេះ គឺ​ដើម្បី​ពង្រឹង​នូវ​មិត្តភាព​រវាង​ប្រជាជន និង​ប្រជាជន និង​រវាង​ប្រទេស​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​ហើយ​កសាង​​សាមគ្គីភាព​រវាង​ប្រជាជន​នៅ​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​ផងដែរ​។​
​ ​
​កាលពី​ឆ្នាំ​២០១៤ នាវា NIPPON MARU របស់​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន បាន​ចូល​ចត​ជា​លើកដំបូង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​, ហើយ​នៅ​ឆ្នាំ​២០១៧​នេះ កម្ពុជា ក៏មាន​កិត្តិយស​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​ម្តងទៀត រយៈពេល​៤​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​
​ ​
​ប្រតិភូ​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន គឺមាន​១១​ប្រទេស មានដូចជា​៖ ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​ឥណ្ឌូណេស៊ី ប្រទេស​ម៉ាឡេស៊ី ប្រទេស​ប្រ៊ុយណេ ប្រទេស​មី​យ៉ាន់​ម៉ា ប្រទេស​ហ្វីលីពីន ប្រទេស​សិង្ហ​បុរី ប្រទេស​វៀតណាម ប្រទេស​ជប៉ុន និង​ប្រទេស​កម្ពុជា​៕​ដោយ​៖​វិបុល​/sn