នាវា​សង្គ្រោះ​នឹង​ទៅដល់​ប្រទេស​អេ​ស្ប៉ា​ញ​ជាមួយ​ជនអន្តោប្រវេសន៍​ជាង​៣០០​នាក់​

489
ចែករម្លែក

​នាវា​សង្គ្រោះ​មនុស្សធម៌​របស់​ប្រទេស​អេ​ស្ប៉ា​ញ​គ្រោង​នឹង​មកដល់​កំពង់ផែ​ភាគខាងត្បូង​នៃ​ប្រទេស​អេ​ស្ប៉ា​ញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៨ ខែធ្នូ ដោយ​ដឹក​ជនអន្តោប្រវេសន៍​​ជាង​៣០០​នាក់​ដែល​ត្រូវបាន​ជួយសង្គ្រោះ​នៅ​ឆ្នេរសមុទ្រ​លី​ប៊ី កាល​ពីមួយ​សប្តាហ៍​មុន​។​

​អង្ក​ការ​មនុស្សធម៌​អេ​ស្ប៉ា​ញ​ដែល​គ្រប់គ្រង​នាវា​សង្គ្រោះ​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា នាវា​សង្គ្រោះ​Open Arms​នេះ គ្រោង​នឹង​ចូល​ចត​នៅ​កំពង់ផែ​Crinavis ​នៅ​ទីក្រុង​San Roque​ប្រទេស​អេ​ស្ប៉ា​ញ នៅពេល​ព្រឹក​ថ្ងៃ​សុក្រ​។​

​បុគ្គលិក​កាកបាទក្រហម​នឹង​ត្រៀម​ផ្តល់​អាហារ​សំលៀកបំពាក់​និង​ជំនួយ​ថ្នាំពេទ្យ​ដល់​ជនអន្តោប្រវេសន៍​៣១០​នាក់ ដែល​ជិះ​លើ​នាវា​នោះ ដោយ​រួមទាំង​ប្រជាជន​​មកពី​ប្រទេស​សូ​ម៉ាលី នី​ហ្សេ​រី​យ៉ា និង​ម៉ាលី​។​

​ប៉ូលិស​នឹង​កំណត់​អត្តសញ្ញាណ​ពួកគេ​មុននឹង​បញ្ជូន​ពួកគេ​ទៅ​កន្លែង​ស្នាក់នៅ​។​

​អង្គការ​សប្បុរសធម៌​នេះ ធ្វើ​ប្រតិបត្តិការ​នៅលើ​សមុទ្រ​រវាង​ប្រទេស​លី​ប៊ី​និង​អឺរ៉ុប ភាគខាងត្បូង ដោយ​មកដល់​កន្លែង​ស្ថិតនៅ​របស់​ជនអន្តោប្រវេសន៍​ដែល​ជួប​ការលំបាក​​ក្នុងអំឡុងពេល​ឆ្លងកាត់​ពី​អាហ្វ្រិក​ខាងជើង និង​បាន​ជួយសង្គ្រោះ​ជនអន្តោប្រវេសន៍​នោះ​កាលពី​ថ្ងៃទី​២១​ខែធ្នូ​ពី​ទូក​ចំនួន​៣​។​

​រដ្ឋាភិបាល​សង្គមនិយម​របស់​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ លោក Pedro Sanchez កាលពី​ថ្ងៃ​សៅរ៍​បានអនុញ្ញាត​ឱ្យ​នាវា​នេះ​ចូល​កំពង់ផែ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ បន្ទាប់ពី​​ប្រទេស​អ៊ីតាលី​និង​ប្រទេស​ម៉ា​ល់ត៍ បាន​បដិសេធ​មិនឱ្យ​ចូល​៕ដោយ៖សុខា/SN

នាវា​សង្គ្រោះ​Open Arms និង​ក្រុម​អង្គការ​សង្គ្រោះ​ផ្សេងៗ​ទៀត ត្រូវការ​កំពង់ផែ​អឺរ៉ុប​ដែល​ស្ម័គ្រចិត្ត​ទទួលយក​ក្រុម​ជនអន្តោប្រវេសន៍ ដែល​ត្រូវបាន​សង្គ្រោះ​នេះ​