នាវា​អាម៉េរិក​និង​ជប៉ុន​បង្ហាញ​សាច់ដុំ​នៅ​សមុទ្រ​ចិន​ខាងត្បូង ចំ​ពេល​នាវា​ចិន​បង្ហាញខ្លួន​នៅ​សមុទ្រ​ចិន​ខាងកើត​

666
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តែងតែ​ប្រឆាំង​នឹង​វត្តមាន​នៃ​នាវា​អាម៉េរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​រំលោភ​អធិបតេយ្យភាព​របស់​ខ្លួន​​តែ​កាលពី​ថ្ងៃ​ពុធ​ទី​១២​មិថុនា កាសែត​ជប៉ុន​Sankei Shimbun​បាន​រាយការណ៍​ថា ជប៉ុន​និង​អាម៉េរិក​កំពុង​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​មាន​ការចូលរួម​​ពី​នាវា​នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក​USS Ronald Reagan និង​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​JS Izumo​ទៅ​ពី​កងកម្លាំង​ស្វ័យការពារ​របស់​ជប៉ុន​។​

​យោង​តាម​កាសែត​ជប៉ុន​ខាងលើ សមយុទ្ធ​នេះ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​១០​មិថុនា​។​ក្រៅពី​នាវា​JS Izumo នាវា​ពិឃាត​JS Murasame​និង​JS Akebone​ក៏​កំពុង​ចូលរួម​ក្នុង​លំ​ហាត់​​យោធា​នេះ ។​

USS Ronald Reagan ជា​នាវាចម្បាំង​ធំ​បំផុត​មួយ​នៅក្នុង​លោក​។​វា​ដើរ​ដោយ​ថាមពលបរមាណូ ដឹក​យន្តហោះ​បាន​៩០​គ្រឿង​និង​ឧទ្ធម្ភាគចក្រ​ប្រភេទ​ផ្សេងៗ​គ្នា​។​ចំណែក​នាវា JS Izumo ជា​នាវា​ប្រយុទ្ធ​ដ៏​មាន​ថាមពល​បំផុត​របស់​ជប៉ុន​។​វា​បាន​ចេញ​បំពេញ​បេសកកម្ម​រយៈពេល​វែង​ចាប់តាំងពី​ចុង​ខែ​មេសា ដោយ​បាន​ចូល​ចត​នៅ​ម៉ាឡេស៊ី​និង​សិង្ហ​បុរី​។​

​កាសែត​បាន​កត់សំគាល់​ថា សមយុទ្ធ​នេះ​មាន​គោលដៅ​ទប់ទល់​នឹង​ចិន ដែល​អះអាង​ជា​កម្មសិទ្ធិ​ភាគច្រើន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ចិន​ក៏​អះអាង​អធិបតេយ្យភាព​ជាន់គ្នា​​ជាមួយ​ជប៉ុន​នៅ​សមុទ្រ​ចិន​ខាងកើត​ផងដែរ​។​

​កាលពី​ខែ​មុន ចិន​បាន​ធ្វើ​ការប្រឆាំង​ជំទាស់​ជាខ្លាំង​បន្ទាប់​ពី​នាវា​អាម៉េរិក​២​គ្រឿង​បាន​បើក​ចូល​ជិត​កោះ​កាន់កាប់​ដោយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ក្នុង​ទង្វើ​មួយ​ដែល​​អាម៉េរិក​អះអាងថា​ដើម្បី​«​ប្រឆាំង​នឹង​ការអះអាង​ដែនទឹក​ធំធេង​ពេក​»​របស់​ចិន​។​

​ការបញ្ចេញ​អោយ​ដឹង​អំពី​សមយុទ្ធ​នេះ​កើតឡើង​ចំពេល​សារព័ត៌មាន​ជប៉ុន​បាន​អះអាង​ថា​នាវា​ផ្ទុក​យន្តហោះ​Liaoning​និង​នាវា​ផ្សេង​របស់​ចិន​បាន​បើក​នៅ​ចន្លោះ​កោះ​​ពីរ​នៃ​តំបន់​អូ​គី​ណា​វ៉ា​របស់​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​ទី​១១​មិថុនា ។​

​ទូរទស្សន៍​NHK​បាន​ស្រង់​សម្តី​ក្រសួង​ការពារជាតិ​ដែលថា ក្រុម​នាវា​នេះ​ត្រូវ​បាន​តាមដាន​ដោយ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន នៅ​ពេល​ពួក​វា​បាន​បើក​នៅ​ចន្លោះ​កោះធំ​អូ​គី​ណា​វ៉ា និង​កោះ​មី​យ៉ាកុ ។​ពួក​បាន​បើក​មក​ពី​សមុទ្រ​ចិន​ខាងកើត​និង​ឆ្ពោះ​ទៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​

​ក្រសួង​បាន​បន្ថែមថា នាវា​ទាំងនេះ​បាន​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​ណាមួយ និង​មិន​បាន​បើក​ចូល​ក្នុង​ដែនទឹក​ជប៉ុន​ទេ​។​

​វា​មិនមែន​ជា​លើក​ទី​១​ទេ​ដែល​ក្រុម​នាវា​ចិន​ត្រូវបាន​ប្រទះឃើញ​នៅ​ជិត​ឆ្នេរ​ជប៉ុន​។​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៦ ជប៉ុន​ក៏​ប្រទះ​ឃើញ​នាវា​Liaoning​បើក​ឆ្លងកាត់​នៅ​សមុទ្រ​ចិន​ខាង​​កើត​និង​ស្ថិតក្រោម​ការឃ្លាំមើល​របស់​ជប៉ុន​រហូត​៕​ដោយ​៖​វាសនា​