នាឡិកា​ឆ្លាត Apple Watch ថ្មី​កាន់តែ​ផ្តោត​សំខាន់​លើ​សុខភាព​និង​កាយសម្បទា

1474

​ក្រុមហ៊ុន Apple បាន​សន្យា​ពង្រឹងគោលជំហរ​របស់​នាឡិកា​ឆ្លាត Apple Watch ក្នុងនាម​ជា “​អាណាព្យាបាល​ឆ្លាត​វៃ​” នៃ​សុខភាព​និង​កាយសម្បទា ខណៈដែល​ក្រុមហ៊ុន​បានបង្ហាញ​នាឡិកា​ជំនា​ន់ទី​៤​របស់ខ្លួន​។​

​នាឡិកា​ឆ្លាត Apple Watch Series 4 ត្រូវបាន​រចនា​ឡើងវិញ​ទាំងស្រុង ដែលមាន​អេក្រង់​ធំ​ជាង​មុន ខណៈដែល​ឧបករណ៍​អេឡិចត្រូនិក​ទាំងមូល​មាន​កម្រាស់​ស្តើង​មិនគួរ​ឱ្យ​ជឿ​។​

​អេក្រង់​ថ្មី​របស់​វា​ឥឡូវនេះ​មាន​ទំហំ​ធំ​ជាង​នាឡិកា​ជំនាន់​មុនៗ ៣០ ភាគរយ ហើយ​បើទោះបីជា​សំបក​របស់​វា​កាន់តែ​ស្តើង​ក៏ដោយ ក៏ប៉ុន្តែ​ឧបករណ៍​ចាប់​សញ្ញា​កែលម្អ​ថ្មី (Sensor) ត្រូវបាន​បំពាក់​នៅ​ខាងក្នុង​ដើម្បី​បង្កើន​សមត្ថភាព​ពិនិត្យ​តាមដាន​របស់​វា​។​

​នាឡិកា Series 4 ឥឡូវនេះ​អាចមាន​សមត្ថភាព​ពិនិត្យ​ដឹង នៅពេល​អ្នកប្រើប្រាស់​រត់​ដួល​មួយ​ទំហឹង ដោយសារតែ​ឧបករណ៍​វាស់​ស្ទង់​ដ៏​រហ័ស​របស់​វា ឈ្មោះថា Accelerometer និង Gyroscope ដោយ​ហៅ​ទូរស័ព្ទ​ដោយ​ស្វ័យប្រវត្តិ​ទៅ​សេវាកម្ម​សង្គ្រោះបន្ទាន់ ប្រសិនបើ​វា​យល់ថា​មនុស្ស​មិន​កម្រើក​រយៈពេល ៦០ វិនាទី បន្ទាប់ពី​វា​បាន​ពិនិត្យឃើញ​ឧបទ្ទវហេតុ​នោះ​។​

Sensor ថ្មី​កាន់តែ​ប្រសើរឡើង​នេះ​ឥឡូវ​ក៏​អាច​រកឃើញ​ចង្វាក់បេះដូង​លោត​មិន​ទៀងទាត់​ឬ​បេះដូង​ខ្សោយ​ផងដែរ ដោយ​ផ្ញើ​ការជូនដំណឹង​ដល់​អ្នកប្រើប្រាស់​ដើម្បី​សម្រេចចិត្ត​ទៅ​ជួប​វេជ្ជបណ្ឌិត​ដោយ​ខ្លួនឯង​។​

​នាឡិកា​នេះ​គ្រោង​នឹងដាក់​លក់​នៅ​ថ្ងៃទី ២១ កញ្ញា ដោយ​ចាប់ផ្តើម​ពី​តម្លៃ ៣៩៩ ផោន (៥២០ ដុល្លារ​)៕ ដោយ៖ កញ្ញាដាលីស

នាឡិកា​ឆ្លាត Apple Watch Series 4
នាឡិកា​ឆ្លាត Apple Watch Series 4