នាំខ្លួន​ឃាតក​ទៅធ្វើ​ត្រាប់​សកម្មភាព​សម្លាប់ មានការ​ផ្ទុះ​កំហឹង​ពី​គ្រួសារ​ជនរងគ្រោះ​និង​មហាជន​, ករណី​ប្លន់​សម្លាប់​នៅ​ក្រុង​សៀមរាប​

1139
ចែករម្លែក

​ដោយ​: អង្គរតូច /​សៀមរាប​: កម្លាំង​នគរបាល​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០១៨​នេះ បាន​នាំខ្លួន​ឃាតក និង​បក្ខពួក​ម្នាក់ទៀត ដែល​ចាក់​សម្លាប់​បុរស ម្ចាស់​អាជីវកម្ម​លក់​គ្រឿងបន្លាស់​រថយន្ត ឲ្យ​ធ្វើ​ត្រាប់​ទាំងស្រុង​ឡើងវិញ នូវ​សកម្មភាព​ដែល​រូបគេ​ប្រព្រឹត្ត​នៅផ្ទះ​ជនរងគ្រោះ​។

ជនដៃដល់​ពាក់អាវ​យឺត​ខ្មៅ​ខោ​ខូវ​បូ​យ ជន​សមគំនិត​ខោ​ក្រហម (​រូប​៖ អង្គរតូច​)​

​ក្រោយ​បញ្ចប់​សកម្មភាព​ធ្វើ​ត្រាប់ ខណៈ​បណ្តើរ​ឃាតក និង​បក្ខពួក ចេញពីផ្ទះ​កើតហេតុ​បំ​រ៉ុង​បញ្ចូល​ទៅក្នុង​រថយន្ត ក៏ត្រូវ​សាច់ញាតិ​ជនរងគ្រោះ រួមទាំង​មហាជន​ដែល​ចោមរោម​មើល ស្ទុះ​សម្រុក​ចូលទៅ​វ៉ៃ​ឃាតក និង​បក្ខពួក​ម្នាក់ទៀត​នោះ យ៉ាង​កំរោល​បំផុត បើទោះបី​ក្រុម​សមត្ថកិច្ច​ជាច្រើន​នាក់ ព្យាយាម​រារាំង​យ៉ាងណាក៏ដោយ​។ ក្នុង​ភ្លើងកំហឹង​នោះ គេ​ឮសូ​សម្រែក​ព្រមៗ​គ្នា​ថា អាឃាត​ក​ហេតុ​អី​ឯង​សម្លាប់​បង​អញ​..?​។ ប៉ុន្តែ​សកម្មភាព​នោះ ក៏បាន​បញ្ចប់​ខណៈ​ក្រុម​សមត្ថកិច្ច ព្យាយាម​រុញ​ជនសង្ស័យ​ជា​ឃាតក​ទាំងពីរ ចូល​ឡាន​ហើយ​បើក​ចេញ​បាត់ទៅ​។​

​ជនសង្ស័យ​ជា​ឃាតក​ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន ទី​១.​ឈ្មោះ សយ ឡុង ហៅ​ជ្រូក ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មិនមាន​មុខរបរ​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ថ្នល់​ដាច់​ខាងលិច ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ជា​ចារី​ប្រព្រឹត្ត​ផ្ទាល់​(​ជនដៃដល់​)​។ ទី​២.​ឈ្មោះ អ៊ុន ប៉ូឡូញ ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំ​ដែក​លើ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម (​ជា​ជន​សមគំនិត​)​។​

ជនដៃដល់​ពាក់អាវ​យឺត​ខ្មៅ​ខោ​ខូវ​បូ​យ ជន​សមគំនិត​ខោ​ក្រហម (​រូប​៖ អង្គរតូច​)​

​ភ្នាក់ងារ​រស្មី​កម្ពុជា ប្រចាំខេត្ត​សៀមរាប បាន​រាយការណ៍​ថា ក្នុង​ពេលធ្វើ​ត្រាប់ ឈ្មោះ សយ ឡុង ហៅ​ជ្រូក បានបង្ហាញ​សមត្ថកិច្ច​ថា ដំបូង​រូបគេ​ចូល​មកដល់​ក្នុងផ្ទះ​ស្រែកហៅ​ជនរងគ្រោះ​ឲ្យ​ចុះ​ពីលើ​ឡៅតឿ ខណៈ​គ្រា​ដំបូង​ជនរងគ្រោះ​ស្លៀកខោរ​ខ្លី​ក្រោម​ក្បាលជង្គង់​ចុះ​មោ​។ លុះ​ជនរងគ្រោះ​ឡើងទៅ​ស្រាតខោរ​ខ្លី ដោយ​សល់​តែ​លី​អូរ ជនសង្ស័យ​ក៏​យក​កាំបិត​ចុង​ស្រួច​កាន់​ក្នុង​ដៃ​ចាំ ហើយ​ជនរងគ្រោះ​ក្រោយ​ស្រាតខោរ​ខ្លី សល់​តែ​លី​អូរ​ចុះមក​ម្តងទៀត រូបគេ​ក៏​ចាក់​ចំ​បំពង់ក បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​តែម្តង​។ ភ្លាមនោះ​រូបគេ​(​ជនសង្ស័យ​) ក៏​ឡើង​ទៅលើ​ឡៅតឿ ដើម្បី​យក​វត្ថុ​មានតម្លៃ​។ ជននេះ​បាន​បញ្ចាក់​ជាមួយ​សមត្ថកិច្ច​ថា ក្នុង​សកម្មភាព​នោះ គឺ​មានតែ​រូបគេ​ម្នាក់​គត់ ដែលជា​អ្នក​ចាក់​សម្លាប់​ជនរងគ្រោះ ហើយ​បំណង​គឺ​ប្លន់​យក​មាសប្រាក់​និង​លុយ​។

​ក្រោយ​បញ្ចប់​ការធ្វើ​ត្រាប់ សមត្ថកិច្ច​ក៏បាន​ធ្វើ​សន្និសីទកាសែត​តូច​មួយ​ផងដែរ ជុំវិញ​ការចាប់ខ្លួន​ឃាតក និង​បក្ខពួក​ខាងលើ​។

​នៅក្នុង​សន្និសីទ​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការ​ង​នគរបាល​ខេត្តសៀមរាប បាន​បង្ហាញថា ករណី​ខាងលើ​ក្រោយពេល​កើតហេតុ ក្រុម​សមត្ថកិច្ច​បាន​ស្រាវជ្រាវ រហូតដល់​ព្រលប់​ថ្ងៃទី​២​ខែឧសភា ហើយ​តម្រុយ​ដែល​បង្ហាញ​ច្បាស់លាស់​គឺ តាមរយៈ​ទូរស័ព្ទ​នារី​ដែលជា​សង្សារ​បស់​ឃាតក​។ លុះ​ម៉ោង​១​និង​២០​នាទី​ឆ្លង​ចូល​ថ្ងៃទី​៣​ខែឧសភា សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​ជនសង្ស័យ​ទាំងពីរ នៅ​ចំណុច​រោងការ​មួយកន្លែង ក្នុងភូមិ​ថ្នល់​ដាច់ ឃុំ​ដាន​រុន ភូមិ​រស់នៅរ​បស់ជនស​ង្ស័​យ​។ លោក​បន្តថា បន្ទាប់ពី​ធ្វើការ​សាកសួរ ជនដៃដល់ សយ ឡុង បញ្ជាក់ថា រូបគេ​មាន​គម្រោង​រៀប​ទុក​រួចហើយ​ជាមួយ​ឈ្មោះ​អ៊ុន ប៉ូឡូញ​។ ដំបូង​ឡើយ​ឈ្មោះ​អ៊ុន ប៉ូឡូញ នាំ​រូបគេ​ឲ្យ​ចូលធ្វើការ​ជាមួយ​ជនរងគ្រោះ ដើម្បី​រៀប​គម្រោង​ប្លន់​នេះ​។ នៅ​យប់កើតហេតុ រូបគេ​បាន​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​ឲ្យ​បើកទ្វារ​ឲ្យ ដោយ​ឲ្យ​ឈ្មោះ​ប៉ូឡូញ ត្រៀម​ម៉ូតូ​ចាំ​ឌុប​រូបគេ​ក្រោយ​ប្លន់​បានសម្រេច​។

​ចម្លើយសារភាព​បញ្ជាក់ថា មូលហេតុ​ដែល​ជនរងគ្រោះ ព្រម​បើកទ្វារ​ឲ្យ​រូបគេ​(​ជនសង្ស័យ​)​ចូល​ផ្ទះ​ទាំងយប់ ព្រោះ​ជនរងគ្រោះ​ជា​ប្រុស​(​ស៊ី​ភេទ​ដូចគ្នា​) ហើយ​ឈានដល់​ការព្រម​ស៊ី​ភេទ​គ្នា​នេះ ឈ្មោះ​ប៉ូឡូញ ដែល​ធ្លាប់​ជនរងគ្រោះ​ស៊ី​ភេទ​រួចហើយនោះ ជា​អ្នកទំនាក់ទំនង​ឲ្យ​ជនរងគ្រោះ​ស៊ី​ភេទ​រូបគេ​(​ជនដៃដល់​) អ៊ីចឹង​ហើយ​បានជា​ពួកគេ​រៀប​គម្រោង​ប្លន់​នេះ​បានសម្រេច​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឲ្យ​ដឹង​ទៀតថា ចំពោះ​លុយ​ដែល​បាត់បង់ ខ្សែក​៣.៥​តម្លឹង ចិញ្ចៀនពេជ្រ​រក​មិនទាន់​ឃើញ​ទេ ដោយ​ជន​ទាំងពី​កុហក ម្តង​ទុក​នេះ​ម្តង​ទុក​នោះ ប៉ុន្តែ​វត្ថុតាង​កាំបិត​ចុង​ស្រួច ទូរស័ព្ទ​ជនរងគ្រោះ​រកឃើញ​ហើយ​។ ពេលនេះ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជន​ទាំងពីរ​ទៅ​តុលាការ​។​

​គួររម្លឹកថា បុរស​ម្ចាស់​អាជីវកម្ម​លក់​គ្រឿងបន្លាស់​រថយន្ត​ម្នាក់ ត្រូវ​ឃាតក​ចាក់​សម្លាប់​ដោយ​កាំបិត​ចុង​ស្រួច នា​អំឡុង​ម៉ោងជាង​៩​យប់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ ហើយ​ទើប​ភ្ញាក់ផ្អើល​នា​ម៉ោងជាង​៧​ព្រឹក​ថ្ងៃទី​២៤​ខែមេសា​។ ជនរងគ្រោះ​មានឈ្មោះ ពិត បារាំង អាយុ​៤៥​ឆ្នាំ រស់នៅ​ផ្ទះកើតហេតុ ស្ថិតក្នុង​ភូមិ​គ្រួស​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ត្រង់ចំណុច​ខាងត្បូង​ស្តុ​ប​សណ្ឋាគារ​ស៊ី​ធី​អង្គរ​៕ ល​

ជនដៃដល់​ពាក់អាវ​យឺត​ខ្មៅ​ខោ​ខូវ​បូ​យ ជន​សមគំនិត​ខោ​ក្រហម (​រូប​៖ អង្គរតូច​)​
ជនដៃដល់​ពាក់អាវ​យឺត​ខ្មៅ​ខោ​ខូវ​បូ​យ ជន​សមគំនិត​ខោ​ក្រហម (​រូប​៖ អង្គរតូច​)​