នាំខ្លួន​ជន​បើករថយន្ត​បុក​រះ​ពេញ​ផ្លូវ​ព្រះមុនីវង្ស​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ច្រើន​នាក់មក​សាកសួរ​

429

​(​ភ្នំពេញ​)៖​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី ស៊ លីន​ណា​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ បាន​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស ម​១ នាំខ្លួន​ជនជាប់ចោទ​ម្នាក់​ឈ្មោះ មាស សុខ​ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ មាន​ទីលំនៅ​ផ្ទះ​លេខ​១១១ ផ្លូវជាតិ​លេខ​២ សង្កាត់​ភូមិ​ទួល​រការ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ មក​សាកសួរ​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឲ្យ​មាន​អ្នកស្លាប់ និង​របួស​ច្រើន​នាក់​នៅលើ​កំណាត់​ផ្លូវ​ព្រះមុនីវង្ស​។​

​ជនជាប់ចោទ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច បណ្តាល​ឲ្យ​ស្លាប់ និង​របួស​អ្នកដទៃ​(​របួស​ច្រើន​នាក់​)​។​

​គួររំលឹកថា កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៨ និង​១០​នាទី​នៅត្រង់ចំណុច​មុខ​រោងចក្រ គង់ ហុង លើ​មហាវិថី​មុនី​វង្ស កែង​ផ្លូវ​លេខ​៥០៨ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កឡើង​ដោយសារ​​រថយន្ត​ម៉ាក TOYOTA CAMRY ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-2245​។

​ពេលនោះ​រថយន្ត​បានធ្វើ​ដំណើរ​បញ្ច្រាសទិស​ចរាចរណ៍​តាម​មហាវិថី​ព្រះមុនីវង្ស ពី​ទិស​ខាងជើង​ទៅ​ត្បូង​។លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​បុក​រះ​ម៉ូតូ​ចំនួន​០៧​គ្រឿង ដែល​ធ្វើដំណើរ​ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​០៣​នាក់ រងរបួស​ធ្ងន់​០៥​នាក់ រងរបួស​ស្រាល​០៣​នាក់ រថយន្ត​ខូចខាត​ធ្ងន់​និង​ម៉ូតូ​ខូចខាត​ធ្ងន់​០៦​គ្រឿង និង​ខូចខាត​ស្រាល​០១​គ្រឿង​។

ករណីនេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើ​សំណើសុំ​បញ្ជូន​សំណុំរឿង វត្ថុតាង និង​អ្នកបើករថយន្ត​ជូនទៅ​ឯកឧត្តម​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​សហការី​