នាំខ្លួន​ពេទ្យធ្មេញ​គ្មាន​សញ្ញាប័ត្រ​ម្នាក់​ទៅ​ពិន័យ​ហើយ​បិទ​ទីតាំង​ចោល​

678

(​សៀមរាប​)៖​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​បាន​ចុះទៅ​បិទ​ទីតាំង​ធ្វើ​ធ្មេញ​មួយកន្លែង​ចោល​និង​នាំខ្លួន​ម្ចាស់​ទៅ​ពិន័យ​ក្រោយ​រកឃើញថា ពេទ្យ​គ្មាន​សញ្ញាប័ត្រ​។​ហេតុការណ៍​នេះ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៧ ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​។

​លោក​វរសេនីយ៍ឯក​សឿន​សេន​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ឲ្យ​ដឹងថា​ការចុះ​បិទ​ទីតាំង​ធ្វើ​ធ្មេញ​យីហោ​ហេង​មង្គល​ខាងលើ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​និង​អាជ្ញាធរ​មូលដ្ឋាន​ក្រោម​ការដឹកនាំ​របស់លោក​រៀម​ច​ន្នី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​។​ក្រៅពី​បិទ​ទីតាំង​ក៏បាន​នាំខ្លួន​ម្ចាស់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ធ្វើ​ការពិន័យ​តាមច្បាប់​។​ម្ចាស់​ទីតាំង​ខាងលើ​មានឈ្មោះ​លី​ម៉េង​ហន​ភេទ​ប្រុស​រស់នៅ​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​។

​លោកនាយក​រិ​យា​ល័យ​ឲ្យ​ដឹង​ទៀតថា ម្ចាស់​ទីតាំង​នេះ​បើក​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​ត្រឹមត្រូវ​ពី​មន្ទីរ​សុខាភិបាល​នោះទេ ហើយ​អ្វីដែល​ធ្ងន់ធ្ងរ​គឺ​គាត់ ម្ចាស់​រូបនេះ គ្មាន​សញ្ញាប័ត្រ​ពេទ្យ (​បើក​អាជីវកម្ម​តាមរយៈ​ចេះ​តៗ​គ្នា​)​។ លោក​បញ្ជាក់ថា ម្ចាស់​ទីតាំង​ខាងលើនេះ​ថ្វី​ត្បិត​អនុញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​តែ​សំណុំរឿង​នឹងត្រូវ​បញ្ជូនទៅ​តុលាការ​ហើយ​ពិន័យ​ជា​ប្រាក់​ពី​១​លាន​ទៅ​៥​លាន រៀល​តាម​មាត្រា​១៣​នៃ​ច្បាប់​។ តែ​នេះ​មិនទាន់​គិត​អំពី​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត​នោះទេ​៕S/​ដោយ​:​អង្គរតូច​

​រូបភាព​:​សកម្មភាព​សមត្ថកិច្ច​ចុះ​បិទ​ទីតាំង​ពេទ្យធ្មេញ​។​


​ ​