នាំគ្នា​ជិះ​កង់​ស្រាត​តវ៉ា​ប្រឆាំង​ការបើកបរ​ឥត​ប្រុងប្រយ័ត្ន

1874
ចែករម្លែក
  • 358
    Shares

ក្រុម​អ្នកជិះ​កង់​ជាច្រើន​បាននាំគ្នា​ជិះ​កង់​តាម​ដងផ្លូវ​នៅ​ទីក្រុង​សៅ​ប៉ូ​ឡូ ក្នុង​ការតវ៉ា​អាក្រាតកាយ​ប្រឆាំងនឹង​ការបើកបរ​មិន​ប្រុងប្រយ័ត្ន​នៅក្នុង​ទីក្រុង​នេះ និង​ជំរុញ​ឱ្យ​អាជ្ញាធរ​ប្រឹងប្រែង​បន្ថែម​ដើម្បី​ការពារ​ពួកគេ​។​

​ដង​មហាវិថី​ផូ​លី​ស្តា​នៅ​កណ្តាល​ក្រុង​សៅ​ប៉ូ​ឡូ ដែលជា​ទីក្រុង​ធំ​បំផុត​នៅ​ប្រេ​ស៊ី​ល ត្រូវបាន​ជោរជន់​ដោយ​អ្នកជិះ​កង់​ស្រាត​កាលពី​ថ្ងៃទី ១០ មីនា ដោយ​អ្នកខ្លះ​គ្រប​កាយ​ជាមួយ​ថ្នាំ​ពណ៌​គំនូរ និង​ខ្លះ​លើកដៃ​ដើម្បី​តវ៉ា​។​

​កាលពី​ឆ្នាំ ២០១៧ អ្នកជិះ​កង់ ៣៧ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ទីក្រុង​នេះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ពោលគឺ​កើនឡើង ២៣ ភាគរយ​ពី​ឆ្នាំទៅ​មិញ​មួយទៀត​។​

​យោងតាម​របាយការណ៍​ឆ្នាំ ២០១៧ ដោយ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អន្ដរជាតិ Inrix ទីក្រុង​សៅ​ប៉ូ​ឡូ គឺជា​ទីក្រុង​មមាញឹក​បំផុត​ទី​៤​នៅលើ​ពិភពលោក​សម្រាប់​ចរាចរណ៍ បន្ទាប់ពី​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស ទីក្រុង​មូ​ស្គូ និង​ទីក្រុង​ញូវយ៉ក​។​

​អ្នកជិះ​កង់​រាប់ពាន់នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់ឆ្នាំ​នៅ​ប្រេ​ស៊ី​ល​ដោយ​ទិន្នន័យ​ពី​ក្រសួងសុខាភិបាល​របស់​ប្រទេស​នេះ​បាន​បង្ហាញថា​អ្នកជិះ​កង់ ៨.៤៩៦ នាក់​ត្រូវបាន​សម្លាប់​ក្នុង​រវាង​ឆ្នាំ ២០១០ និង ២០១៥​។​

​ក្រុមអ្នកតវ៉ា​នៅឯ​ព្រឹត្តិការណ៍​នេះ ដែល​រៀបចំឡើង​សហការ​ជាមួយ​យុទ្ធនាការ​ជិះ​កង់​ស្រាត​ពិភពលោក (World Naked Bike Ride) បាន​គ្របដណ្ដប់​រាងកាយ​ពួកគេ​ជាមួយ​ពាក្យស្លោក​ដូចជា “​អំពើ​បាត​ផ្សារ​ថោកទាប គឺជា​ការខ្វះ​សេចក្តី​គោរព​របស់​អ្នក​”, “​ចរាចរណ៍​គួរឱ្យ​ខ្ពើម​” និង “​ការប្រញាប់​ប្រញាល់​រប​ស់​អ្នក​បណ្តាលឱ្យ​បាត់បង់​ជីវិត​អ្នកដទៃ​”៕ ដោយ៖ កញ្ញាដាលីស

អ្នកជិះ​កង់​ជាច្រើន​នាក់​នាំគ្នា​ស្រាត​តវ៉ា​ប្រឆាំង​ការបើកបរ​មិនចេះ​ប្រុងប្រយ័ត្ន​នៅ​ក្រុង​សៅ​ប៉ូ​ឡូ កាលពី​ថ្ងៃ​សៅរ៍