នាំយក​អំណោយ​មនុស្សធម៌ ចុះសួរសុខទុក្ខ ដល់​ក្រុមគ្រួសារ​លោកយាយ​និង​លោកតា​អាយុ ៨៣ ដូចគ្នា ដែល​កំពុង​ឈឺ​

571
ចែករម្លែក

ដោយ​: វ៉ៃ​កូ​
​ស្វាយរៀងៈ
លោក ម៉ែន វិបុល ប្រធាន​គណៈ​ក​ម្មា ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ បាន​ចាត់​ឲ្យ​ក្រុមការងារ​សាខា​ដឹកនាំ​ដោយ​លោក សរ វណ្ណា នាយក​សាខា នាំយក​អំណោយ​មនុស្សធម៌ ចុះសួរសុខទុក្ខ ដល់​ក្រុមគ្រួសារ​លោកយាយ សឹង យ៉ា អាយុ ៨៣ ឆ្នាំ និង​លោកតា កឹម ញឹ​ល អាយុ ៨៣ ដូចគ្នា ដែល​ដេក​ឈឺ​នៅ​នឹង​កន្ទេល សព្វថ្ងៃ​រស់នៅ​ភូមិ រាម​ជោ ឃុំ ស្វាយ​តា​យាន ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ។​

​សូមបញ្ជាក់​ផងដែរ​ថា សព្វថ្ងៃ​រូបគាត់​មានកូន ៤ នាក់ ក្នុងនោះ​ស្រី​ម្នាក់ ហើយ​កូនប្រុស​របស់គាត់ ដែល​ដេក​ឈឺ​នៅ​នឹង​កន្ទេល​នោះ​មានឈ្មោះ កឹម ព្រុ​ន អាយុ​ជាង ៥០ ឆ្នាំ មាន​ជំងឺលើសឈាម​ស្លាប់​មួយ​ចំហៀង​ខ្លួន អស់​រយៈពេល​ជាង ៣ ឆ្នាំ​មកហើយ មាន​ប្រពន្ធ និង​កូន ៦ នាក់ ។ ចាប់តាំងពី​កូនប្រុស​របស់គាត់​ធ្លាក់ខ្លួន​ឈឺ​មក កូន​គាត់​បានមក​រស់នៅ​ជាមួយ​គាត់ ហើយ​ប្រពន្ធ និង​កូនៗ បាន​អញ្ជើញ​ឲ្យ​ត្រឡប់​ទី​ទៅ​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​វិញ ដើម្បី​ងាយស្រួល​មើលថែ​ជម្ងឺ ដែរ​តែ​កូន​គាត់​មិន​ព្រមទៅ ទើប​ប្រពន្ធ និង​កូនៗ​នាំគ្នា យក​អាហារ​មក​ឲ្យ​ជាប្រចាំ ដែល​គ្រួសារ​របស់គាត់​មាន​ជីវភាព សមរម្យ​ដែរ ។

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ លោក សរ វណ្ណា បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។​

​លោកនាយក​សាខា​បាន​បន្តទៀតថា ថ្វីត្បិតតែ​អំណោយ​ដែល​បាន​នាំយកមក​ជូន​នាពេលនេះ មាន​ចំនួន​តិចតួច​ក្ដី តែ​ក៏​អាចជួយ​សម្រាល​ទុក្ខលំបាក​បាន​មួយកម្រិត ហើយក៏​ជាការ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​ពី​សំណាក់​ថ្នាក់ដឹកនាំ ពិសេស​គឺ​កាកបាទក្រហមកម្ពុជា ដូចដែល​បាន​លើកឡើងថា “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា -​មិន​ទុក​នរណាម្នាក់​ចោល​” ។ លោកនាយក​សាខា​ក៏បាន​លើកទឹកចិត្ត និង​សំណូមពរ​ដល់​ក្រុមគ្រួសារ សូមកុំ​អស់សង្ឃឹម ត្រូវ​ចេះ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ លេបថ្នាំ​តាម​វេជ្ជបញ្ជា​ឆាប់​បានជា​សះស្បើយ ដើម្បី​ប្រក​បរបរ​ចិញ្ចឹមជីវិត​បន្តទៀត ។

​អំណោយ​ដែល​បានផ្តល់​ជូន​ទាំងពីរ​គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​.​ក្រ មី ១ កេស កន្ទេល​បត់ ១ ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រ​ម៉ា ១ សារុង ១ ថវិកា ៥០,០០០ រៀល​៕ ល​

#