នាំ​ស្ត្រី​ជាប់ចោទ​ដែល​ជេរ​សម្តេចតេជោ​តាម​ហ្វេ​ស​ប៊ុ​កមក​កាត់ទោស​

1519

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃទី​២៥ ខែធ្នូ អនុរក្ស​ពន្ធនាគារ​ព្រៃ​សម​២ បាន​បញ្ជូន​ស្ត្រីជន​ជាប់ចោទ​ម្នាក់ មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បើកសវនាការ​ជំនុំជម្រះ ពាក់ព័ន្ធ​ចោទ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រុមគ្រួសារ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា​សុទ្ធតែជា ឃាតក​សម្លាប់​បណ្ឌិត កែម ឡី​។​

​ស្ត្រី​ជាប់ចោទ​ឈ្មោះ ហ៊ិ​ន វ៉ាន់​ស្រី​ពៅ ហៅ ហេង លក្ខិណា អាយុ​៣៧​ឆ្នាំ ត្រូវបាន​តំណាង​អយ្យការ​ចោទ​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​» ។ បទចោទប្រកាន់​មួយ​នេះ អាច​ប្រឈម​ការជាប់​ពន្ធនាគារ​ពី ៦​ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ទៅ​៤​លាន​រៀល​។​

​ស្ត្រី​រូបនេះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧ នៅ​បេនឡាន​រិ​ទ្ធិ​មុនី បន្ទាប់ពី​រូបនាង​បា​នប​ង្ហោ​វីដេអូ​តាម​​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ហេង លក្ខិណា កាលពី​ថ្ងៃទី​៩ ខែកក្កដា ដោយ​ចោទ​សម្តេច ហ៊ុន សែន និង​ក្រុមគ្រួសារ​ថា សុទ្ធតែជា​ឃាតក ក្នុងអំឡុងពេល​នាង កំពុង​ស្ថិតក្នុង​ពិធីបុណ្យ​រំលឹក​ខួប​មួយឆ្នាំ នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​នយោបាយ ដែល​រៀបចំឡើង​នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

​នាង​បាន​និយាយ​ក្នុង​វីដេអូ​នោះ​ថា​៖«​លោក ហ៊ុន សែន ហ្នឹងហើយ គ្រួសារ​គាត់​ហ្នឹងហើយ កូនចៅ​របស់គាត់ អ្នកណា​ក៏​ជា​ឃាតក​ដែរ​។ គ្រួសារ​គាត់​ហ្នឹង អ្នកណា​ក៏​ប្រឡាក់​ឈាម​លោក បណ្ឌិត កែម ឡី ដែរ​»​។​

​ក្នុង​សវនាការ​នោះ មាន​លោក​អ៊ី ថាវរៈ ជា​ចៅក្រម​ជំនុំជម្រះ​និង​លោក ស្រី ម៉ា​ក់នី ជា​តំណាង​អយ្យការ​។​

​ស្ត្រី​ជាប់ចោទ បាន​បដិសេធថា ខ្លួន​ពុំបាន ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះទេ​។ ប៉ុន្តែ​ខ្លួន​ពិតជា​បាន​បង្ហោះ​វីដេអូ​ក្នុង​ហ្វេ​ស​ប៊ុ​ក​មែន តែ​ខ្លួន​គ្មាន​ចេតនា​និយាយ​បែបនេះ​ទេ ដោយសារតែ​កំហឹង​មួយពេល ក៏​ចេះតែ​និយាយ​ទៅៗ​។ ជា​ចុងក្រោយ​សូមអោយ​តុលាការ​​ប​ន្ធុ​រ​បន្ថយទោស​។​

​តំណាង​អយ្យការ បានធ្វើ​សេចក្តីសន្និដ្ឋាន រក្សា​បទចោទប្រកាន់​នៅ​ដដែល និង​អោយ​ចៅក្រម​ផ្តន្ទាទោស​តាមច្បាប់​។​​ក្រោយ​ការ​សួរ​ដេញ​ដោយ តុលាការ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨​ខាងមុខ​៕​ដោយៈ​ស្រី​លក្ខណ៍​/sn

​ហ៊ិ​ន វ៉ាន់​ស្រី​ពៅ ហៅ ហេង លក្ខិណា ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​