នាំ​អតីតរដ្ឋមន្ត្រី​វៀតណាម​២​នាក់​ឡើង​តុលាការ​ក្នុង​រឿងអាស្រូវ​ក្រុមហ៊ុន​រដ្ឋមួយ

341
ចែករម្លែក

​អតីតរដ្ឋមន្ត្រី​២​នាក់​នៃ​ក្រសួង​ព័ត៌មាន​និង​គមនាគមន៍ គឺ​លោក​ង្វៀន បាក់ សឺ​ន និង​លោក​ទ្រឿង មី​ញ ទួន​ត្រូវបាន​នាំខ្លួន​មក​កាត់ទោស​នៅ​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​ធ្នូ ចំពោះ​ការចោទប្រកាន់​ពី​បទ​រំលោភ​លើ​ការទិញ​យក​ក្រុមហ៊ុន​ទូរទស្សន៍​ឯកជន​មួយ ដែល​បាន​បណ្តាលឱ្យ​ខាតបង់​ថវិការដ្ឋ​ជិត​២៨០ លាន​ដុល្លារ​។​

​ការជំនំជម្រះ​ក្តី​នេះ​នឹង​បើក​សវនាកា​រលើ​ក្រុម​ជនជាប់ចោទ​ចំនួន​១៤ នាក់​ដោយ​រួមទាំង​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទូរគមនាគមន៍​MobiFone ដែល​គ្រប់គ្រង​ដោយ​រដ្ឋ និង​ក្រុមហ៊ុន​ទូរទស្សន៍​ឯកជន​AVG ហើយ​ការកាត់ក្តី​នេះ គ្រោង​នឹង​បន្ត​ធ្វើ​ដល់​ចុង​សប្តាហ៍​រហូតដល់​ថ្ងៃទី ៣១ ខែ​ធ្នូ​។​

​លោក​សឺ​ន និង​លោក​ទួន​កំពុង​ត្រូវបាន​កាត់ទោស​ពី​បទ​រំលោភ​លើ​បទ​ប្បញ្ញត្តិ​ស្តីពី​ការគ្រប់គ្រង​និង​ការប្រើប្រាស់​ដើមទុន​សាធារណៈ​ដែលនាំឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​និង​​ការទទួល​ប្រាក់​សំណូក​។​

​អ្នក​ទាំង​២​នេះ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​កុម្ភៈ​និង ត្រូវ​បាន​បណ្តេញចេញ​ពី​បក្សកុម្មុយនិស្ត​កាលពី​ខែ​តុលា​។​

​ការចោទប្រកាន់​និយាយថា នៅ​ឆ្នាំ​២០១៥ ក្រុមហ៊ុន​ទូរគមនាគមន៍​រដ្ឋ​MobiFone​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​ព័ត៌មាន​និង​ទូរគមនាគមន៍ ចង់​វិនិយោគ​លើ​​វិស័យ​ទូរទស្សន៍​បង់ប្រាក់​ដើម្បី​ទស្សនា​។​លោក​សឺ​ន ដែល​ជា​រដ្ឋមន្ត្រី​គ្រានោះ បាន​ស្នើ​អោយ​MobiFone ទិញ​យក​ក្រុមហ៊ុន​AVG​និង​ជំរុញ​បង្កើត​កិច្ចព្រមព្រៀង​មួយ​ក្នុងពេល​​លោក​កាន់​តំណែង​។​

​ឯកសារ​បណ្តឹង និយាយទៀតថា ក្រោយ​ការចរចា​អស់​៥​ដង AVG និង MobiFone​បាន​សំរេច​កិច្ចព្រមព្រៀង​មួយ​ក្រោម​ការបញ្ជា​ណែនាំ​ពី​លោក​សឺ​ន ។​MobiFone​ទិញ​យក​ភាគ​​ហ៊ុន​របស់​AVG​ចំនួន​៩៥​ភាគរយ​ក្នុង​តំលៃ​៨,៩​លាន​លាន​ដុង នៅ​ឆ្នាំ​២០១៥ តែ​សឺ​ន និង​លោក​ទួន ដែល​ជា​អនុរដ្ឋមន្ត្រី​នៅពេល​នោះ​មិន​បាន​បញ្ចេញ​ព័ត៌មាន​អំពី​កិច្ចព្រមព្រៀង​​នេះ​ទេ ដោយ​ចាត់ទុក​វា​ជា​ការសម្ងាត់​រដ្ឋ​៕​ប្រែសម្រួល​៖​សុខា​/​វាសនា​

លោក​សឺ​ន ដែល​បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​ព័ត៌មាន​ចាប់ពី​ឆ្នាំ​២០១១​ដល់​២០១៦​ត្រូវបាន​នាំ​ខ្លួន​មក​តុលាការ​ប្រជាជន​ក្រុង​ហាណូយ​នៅ​ថ្ងៃទី​១៦​ខែ​ធ្នូ​ឆ្នាំ​២០១៩