នាំ​អំណោយ​ចែកជូន​ពលរដ្ឋ​៦០​គ្រួសារ ដែល​រង​ផលប៉ះពាល់​ដោយ​ការបាក់​ច្រាំងទន្លេ​នៅ​ស្រុក​មុខកំពូល​

584

(​ខេត្តកណ្តាល​)៖ ប្រជាពលរដ្ឋ​ចំនួន​៦០​គ្រួសារ នៅក្នុង​ភូមិ​ពាម ឃុំរ​ការ​កោង​១​ស្រុក​មុខកំពូល​ដែល​រង​ផលប៉ះពាល់​ដោយសារ​គ្រោះ​​បាក់​ច្រាំងទន្លេ នៅ​ស្រុក​មុខកំពូល កាលពី​ថ្ងៃទី​៦ ខែ សីហា ឆ្នាំ​២០១៧ ត្រូវបាន​ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល ដឹកនាំ​ដោយ លោក ម៉ៅ ភិ​រុណ ប្រធានកិត្តិយស​សាខា បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ចែកជូន​នៅក្នុង​​បរិវេណ​វត្ត​ជ្រឹង ហៅ​វត្ត​ម​ជ្ឈឹ​ម​សារា​រាម ។

​តាម​របាយការណ៍​ស្វាគមន៍​របស់លោក សាន វ៉ាន់​ធុល សមាជិក​គណៈកម្មាធិកា​រ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​មុខកំពូល​បាន​បញ្ជាក់ថា​៖ ប្រជាពលរដ្ឋ​បាន​រង​ផលប៉ះពាល់ ដោយ​គ្រោះមហន្តរាយ​បាក់​ច្រាំង ទន្លេ​សរុប​ចំនួន ៦០ គ្រួសារ​ក្នុងនោះ​ប្រជាពលរដ្ឋ​បាន​រុះរើ​ផ្ទះ​ចេញពី​កន្លែងកើតហេតុ​ចំនួន​៨ គ្រួសារ ,​បាន​រុះរើ​ផ្ទះមួយ​ផ្នែក​មាន​ចំនួន​៥ គ្រួសារ ,​រង​ផលប៉ះពាល់​មិនទាន់បាន​រុះរើ សរុប​ចំនួន​៤៧ គ្រួសារ ។​

​មានប្រសាសន៍​សំណេះសំណាល លោក ម៉ៅ ភិ​រុណ បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ លោក លោក ស្រី និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​ទាំងអស់ ដែល មាន​វត្ត​មានបាន​អញ្ជើញ​ចូលរួម​នៅទីនេះ​ដោយ​ក្តី​នឹករឭក​បំផុត ។ លុយ​ដែល​បានមកពី​ក​មានប្រសាសន៍​បន្តថា សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​ណែនាំ​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់​នៅក្រោម​ឱវាទ ត្រូវ​ចុះសួរសុខទុក្ខ​ដល់​ប្រជា​ពល រដ្ឋ​ជាប្រចាំ​ដល់​ចាស់ជរា​គ្មាន​​ទីពឹង ជនទីទ័លក្រ ស្រី្ត​មេម៉ាយ​ក្រីក្រ អ្នក​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ អ្នកជំងឺ អេដស៍ កុមា​កំព្រា ស្រី្ត​ឆ្លងទន្លេ​និង​អ្នក​រង​​គ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬ​និន្នាការ​នយោបាយ​ឡើយ​។​

​អំណោយ​មនុស្សធម៌​ដែល​បានផ្តល់​ជូន​ក្នុង​១​គ្រួសារ​មាន​៖ អង្ករ ២៥ គីឡូក្រាម ,​មី ១ កេស ,​ត្រីខ ១ យួរ ,​ទឹកត្រី​១​យួរ ,​ទឹកស៊ីអ៊ីវ ១ យួរ និង​អំបិល​សុខភាព​១​កញ្ចប់ ។ ជាមួយគ្នានេះដែរ​សាខា​ក៏បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់ អ្នក​ដែល​បាន​រុះរើ​ផ្ទះ​ចេញពី​ទីកន្លែង​កើតហេតុ ចំនួន ៨ គ្រួសារ ក្នុង​១​គ្រួសារៗ​ថវិកា​៨០ ម៉ឺន​រៀល ,​អ្នក​បាន​រុះរើ​ផ្ទះ មួយផ្នែក​ក្នុង​១​គ្រួសារៗ​ថវិកា ៥០ ម៉ឺន​រៀល និង​អ្នក​ដែល​កំពុង​ប្រឈម​នឹង​ការរង​ផលប៉ះពាល់ ដែល​ពុំទាន់​បាន រុះរើ​ផ្ទះសម្បែង​សរុប​៤៧ គ្រួសារ ក្នុង​១​គ្រួសារៗ ថវិកា​ចំនួន ១០ ម៉ឺន​រៀល ៕​ដោយ សុផាន់​/sn