នា​ខែកុម្ភៈ ឆ្នាំ​២០២០ នឹងមាន​ការរៀបចំ​អបអរ​ខួប​២៥​ឆ្នាំ នៃ​ការបង្កើត​អាជ្ញាធរ​ជាតិ​អប្សរា​

222
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: នៅ​ថ្ងៃទី​១៩-២៣ ខែកុម្ភៈ ឆ្នាំ​២០២០ ខាងមុខនេះ កម្ពុជា​នឹង​រៀបចំ​មហោស្រព​អូ​ពេ​រ៉ា​អន្តរជាតិ​លើកដំបូង ក្នុង​តំបន់​អង្គរ ដើម្បី​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​ការបង្កើត អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​ការសហការ​រៀប​ចំ​រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួងទេសចរណ៍ អាជ្ញាធរ​ជាតិ​អប្សរា ជាមួយ​មហោស្រព​អូ​ពេ​រ៉ា Mozard at Angkor​។​

​ព្រឹត្តិការណ៍​មហោស្រព​អន្តរជាតិ​នេះ នឹងត្រូវ​បើក​ជា​ផ្លូវការ​ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ក្នុងនោះ​ក៏​គ្រោង​នឹងមាន​ការចូលរួម​ដោយ​សិល្បករ​-​សិល្បការិនី​មកពី​ជុំវិញ​ពិភពលោក និង​ការចូលរួម​របស់​ក្រុម​សិល្បៈ​កម្ពុជា​សរុប​ប្រមាណ​ជាង ៧០​នាក់ ដែល​រៀបចំ​នៅក្នុង​ទម្រង់​ជាការ​សម្ដែង​ទស្សនីយភាព Mozart​។​

​ដើម្បី​ស្នើសុំ​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ប្រធាន​ដឹកនាំ​រៀបចំ​ការសម្ដែង​មហោស្រព​អូ​ពេ​រ៉ា Mozard at Angkor លោក Aaron Carpene បាន​ចូលជួប​សម្ដែង​ការ​គោ​សមជា​មួយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​រាយការណ៍​នូវ​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​សម្តែង​ទស្សនីយភាព មហោស្រព​អូ​ពេ​រ៉ា​អន្តរជាតិ​នេះ​។​

​លោក ថោង ខុន បានបង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​រៀបចំ​ព្រឹត្តិការណ៍​នេះ ពីព្រោះ​វា​ក៏​ស្រប​ពេលដែល​ក្រសួងទេសចរណ៍​កំពុង​ជំរុញ​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​តំបន់​ខេត្តសៀមរាប​-​អង្គរ ទៅកាន់​ពិភពលោក​បន្ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី​ជឿជាក់ថា ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍វប្បធម៌ ជួយ​ផ្សព្វផ្សាយ​ដល់​សម្បត្តិ​វប្បធម៌ អរិយធម៌ និង​សិល្បៈ​ដ៏​សម្បូរបែប អច្ឆរិយ​ភាព​នៃ​អង្គរ និង​គោលដៅ ទេសចរណ៍​សៀមរាប​អង្គរ​ដល់​ទេសចរ​អន្តរជាតិ ពិសេស​ទេសចរ​អឺរ៉ុប បន្ទាប់ពី​ព្រឹត្តិការណ៍​ទេសចរណ៍​កីឡា រួមមាន​៖ Angkor Full Marathon, International Half Marathon, Raid Amazon ជាដើម​។​

​ម្យ៉ាងវិញទៀត ទស្សនីយភាព​មហោស្រព​អូ​ពេ​រ៉ា​អន្តរជាតិ Mozard at Angkor ខាងលើ ជា​បុ​រេ​ព្រឹត្តិការណ៍​ដ៏​សំខាន់​ដើម្បី​រឹតចំណង​មិត្តភាព និង​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​កម្ពុជា និង​អឺរ៉ុប ដែល​នៅក្នុង​ឆ្នាំ​២០២០ ខាងមុខនេះ កម្ពុ​ជាមាន​មោទនភាព​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM 2020)​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា កន្លងមក ក្រសួងទេសចរណ៍​ធ្លាប់​សហការ​រៀបចំ​កម្ម​វិធី​សម្តែង​សិល្បៈ​អន្តរជាតិ​ជាច្រើន​មកហើយ​ដែរ ដូចជា José Carera នៅ​ឆ្នាំ​២០០២ Ramayana, Trail of Civilization និង​ព្រឹត្តិការណ៍​សម្តែង​សិល្បៈ​អន្តរជាតិ​រួមគ្នា​ជាមួយ​ឥណ្ឌា ចិន កូរ៉េ អាស៊ាន​។​

​ក្រសួងទេសចរណ៍​នឹង​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ដែនដី រៀបចំ​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ជួយ​សម្របសម្រួល សហការ​រៀបចំ​កម្មវិធី​ខាងលើ​ឱ្យបាន​រលូន និង​ទទួលបាន​ជោគជ័យ​។​

​លោក​បាន​ស្នើឱ្យ​មានការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជា​រៀងរាល់ឆ្នាំ ដែល​នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍វប្បធម៌​ថ្មី​មួយ បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ពិសេស​អឺរ៉ុប​បន្ថែមទៀត​។​

​ដើម្បីឲ្យកម្មវិធី​ខាងលើនេះ​ទទួលបាន​ជោគជ័យ ក្រុមការងារ​រៀបចំ​បាន​ស្នើសុំ​កិច្ចសហការ និង​ការគាំទ្រ​ពី​ក្រសួងទេសចរណ៍​ក្នុង​ការជួយ​រៀបចំ និង​ផ្សព្វផ្សាយ​កម្មវិធី​ខាងលើ​ទៅកាន់​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូលរួម​ទស្សន​ការសម្ដែង​នៅ​ថ្ងៃ​បន្តបន្ទាប់​៕ ល​

#