នា​ថ្ងៃ​ចូលឆ្នាំ​សកល​: ចិន និង​ឥណ្ឌា ទទួលបាន​កំណើត​ទារក​ច្រើនជាងគេ​

488
ចែករម្លែក

​នៅ​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​សកល ប្រទេស​ឥណ្ឌា និង​ប្រទេស​ចិន ទទួលបាន​កំណើត​ទារក​ច្រើន ជាងគេ​បំផុត ដោយ​ក្នុងនោះ​ប្រទេស​ឥណ្ឌា ទទួលបាន​កំណើត​ទារក​រហូតដល់​ទៅ ៦៩.៩៤៤ នាក់ ចំណែកឯ​ប្រទេស​ចិន ទទួលបាន​កំណើត​ទារក ៤៤.៩៤០ នាក់​ជាប់​ចំណាត់ថ្នាក់​លេខ​២​។

​របាយការណ៍​របស់​អង្គការ​យូ​នី​សេ​ហ្វ (Unicef) បាន​បញ្ជាក់ថា នៅ​ទូទាំង​ពិភពលោក ទារក​ចំនួន ៣៩៥.០៧២ នាក់​បានកើត​នៅ​ថ្ងៃទី​០១ ខែមករា ដើមឆ្នាំ​២០១៩ ហើយ ១ ភាគ ៤ នៃ​កំណើត​ទារក​ទាំងនោះ​គឺ​នៅ​អាស៊ី​បូព៌ា​។​

​ក្នុងចំណោម​ទីក្រុង​ធំ​បំផុតៗ​ទាំង ២៦ មន្ទីរពេទ្យ​នៅ​ក្រុង​ប៉េកាំង មមាញឹក​ជាងគេ ដោយ​ជួយ​សម្រាល​ទារក​បាន ៦០៥ នាក់​។​

​នៅ​ទូទាំង​ពិភពលោក មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​នូវ​កំណើត​ទារក​រស់​។ ក្នុង​រយៈពេល ៣០ ឆ្នាំ​ចុង​ក្រោយនេះ អត្រា​មរណ​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​បាន​ថយចុះ ជាង​ពាក់កណ្តាល​។ ទោះជា​យ៉ាងណា ទារក​ទើប​កើត​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ នៅតែ​ប្រឈម​ការគំរាមកំហែង​ធំ​នៅឡើយ​៕ ប្រែ​សម្រួល​: ខុម