និក​គី ហា​លី លាឈប់ តែ​បដិសេធ​មិន​ឈរឈ្មោះ​សំរាប់​តំណែង​ប្រធានាធិបតី​ប្រជែង​ជាមួយ​ត្រាំ​ទេ​

2905
ចែករម្លែក

និកគី ហាលី(Nikki Haley)តារាកំពុងរះរបស់គណបក្សសាធារណរដ្ឋបាននិយាយកាលពីថ្ងៃអង្គារថា លោកស្រីនឹងឈប់ពីតំណែងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ តែបានច្រានចោលការប៉ាន់ស្មានថាលោកស្រីអាចប្រជែងជាមួយត្រាំនៅក្នុងការបោះឆ្នោតប្រជាធានាធិបតីលើកក្រោយ។

អង្គុយជាប់ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងវិមានពងក្រពើ ហាលីបាននិយាយថាការងាររបស់លោកស្រីនៅឯអង្គការសហប្រជាជាតិជា”កិត្តិយសមួយជីវិត”និងថាលោកស្រីនឹងបន្តនៅក្នុងមុខតំណែងនេះរហូតដល់ចុងឆ្នាំ។

ជាអតីតអភិបាលរដ្ឋសោត ខារ៉ូឡាយណា និងជាកូនស្រីរបស់ជនអន្តោប្រវេសន៍ឥណ្ឌា ហាលីអាយុ៤៦ឆ្នាំជាស្រ្តីមានឋានៈបុណ្យសក្តិខ្ពស់បំផុតនៅក្នុងគណៈរដ្ឋមន្រ្តីរបស់ត្រាំនិងតែងតែត្រូវបានគេមើលឃើញថាអាចជាបេក្ខជនប្រធានាធិបតី។

ហាលីបានរិះឡន់ត្រាំក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៦ តែជាមុខមាត់នៃគោលនយោបាយ”អាមេរិកជាអាទិភាព”នៅឯអង្គការសហប្រជាជាតិ ដោយបានដឹកនាំអាមេរិកចាកចេញពីកម្មវិធីរបស់អង្គការសហប្រជាជាតិជាច្រើននិងការពារគោលនយោបាយប្រកាន់តឹងរបស់លោកប្រឆាំងនឹងអ៊ីរ៉ង់ និងកូរ៉េខាងជើងស្តីពីកម្មវិធីនុយក្លេអ៊ែរ។

ហាលី បាននិយាយនៅក្នុងលិខិតលាឈប់ផ្ញើជូនលោកត្រាំថា លោកស្រី”ច្បាស់ណាស់មិនជាបេក្ខជនសំរាប់មុខតំណែងឆ្នាំ២០២០ទេ” តែផ្ទុយមកវិញគាំទ្រការប៉ុនប៉ងឈរឈ្មោះជាថ្មីរបស់លោកត្រាំ។

លោកស្រីបាននិយាយដល់ការវិលទៅកាន់វិស័យឯកជន ខណៈប្រព័ន្ធផ្សព្វផ្សាយខ្លះនិយាយថា លោកស្រីមានបំណុលត្រូងសង។

ហាលីក៏បាននិយាយថា លោកស្រីមិនមានផែនការនាពេលអនាគតនៅឡើយ ហើយការលាឈប់របស់លោកស្រីនាំអោយមនុស្សជាច្រើននៅសេតវិមាននិងអង្គការសហប្រជាជាតិភ្ញាក់ផ្អើល។

ថ្លែងទៅកាន់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារ លោកត្រាំបាននិយាយថា លោកមានមនុស្ស៥នាក់នៅក្នុងបញ្ជីសំរាប់តំណែងនៅអង្គការសហប្រជាជាតិនេះ រួមមានទាំងទីប្រឹក្សាសេតវិមានម្នាក់ ដែលជាមិត្តរបស់ហាលី។

ក្នុងពេលជាមួយគ្នា កូនស្រីរបស់ត្រាំ នាងអ៊ីវ៉ាន់កា ត្រាំ ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ឪពុកនាង បានច្រានចោលការពិចារណាណាមួយអំពីមុខតំណែងនេះហើយត្រាំបាននិយាយថា កូនស្រីលោកមិនសមនឹងតួនាទីនេះ និងថាលោកនឹងត្រូវគេចោទថាបក្ខពួកនិយមបើដាក់កូនស្រីនៅក្នុងតំណែងនេះ៕ដោយ៖វាសនា

ត្រាំនិងហាលីបានជួបគ្នានៅវិមានពងក្រពើកាលពីថ្ងៃ៩តុលា។ត្រាំបាននិយាយថាហាលីបានប្រាប់លោកតាំងពី៦ខែមុនថាលោកស្រីគិតចង់ឈប់សម្រាកនៅចុងឆ្នាំនេះ។ត្រាំបានសរសើរហាលីថាបានធ្វើកិច្ចការគួរអោយសរសើរ អស្ចារ្យមិនគួរអោយជឿ