និយាយ​ស្រួល តែ​ត្រូវ​ធ្វើអោយ​មាន​ការរីកចំរើន​

254
ចែករម្លែក

​អ្នកកាន់កាម៉េ​រ៉ា​ព័ត៌មា​ន​អន្តរជាតិ​នាំគ្នា​តម្រង់​ច្រូងច្រាង​ទៅកាន់​កន្លែង​តំបន់​គ្មាន​កងទ័ព​កូរ៉េ​(DMZ) កាលពី​ថ្ងៃអាទិត្យ​ទី​៣០​មិថុនា​នៅពេល​ប្រធានាធិបតី​អាម៉េរិក​​លោក​ដូណាល់ ត្រាំ បាន​ក្លាយ​ជា​ប្រធានាធិបតី​អាម៉េរិក​លើកដំបូង​ដែល​បាន​ឈាន​ជើង​ឆ្លង​ចូល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​(DPRK)​។​

​ការឆ្លងកាត់​ព្រំដែន​នៅ​ភូមិ​ប៉ាន​មុន​ចម កើត​ឡើង​មុន​ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន វិល​មក​ចូល​ខាង​សាធារណរដ្ឋ​កូរ៉េ​(​កូរ៉េខាងត្បូង​)​និង​មុន​ពេល​បុរស​ទាំង​​ពីរ​បង្កើត​ជំនួប​ត្រីភាគី​មិនដែល​ធ្លាប់​មាន​ពី​មុន​រវាង​ពួក​លោក​និង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ជែ​អ៊ីន​។​

​ទិដ្ឋភាព​ជា​ប្រវត្តិសាស្ត្រ​នេះ​ត្រូវតែ​ទាក់ទាញ​ការចាប់អារម្មណ៍​។​ត្រាំ ដែល​តែងតែ​រីករាយ​នឹង​ការបង្ហាញ​មុខ​ក្នុង​កញ្ចក់​ទូរទស្សន៍ ជាធម្មតា​អួតអាង​អំពី​អ្វី​ដែល​លោក​សំរេចបាន​​ហើយ​វា​គ្មានអ្វី​ត្រូវ​សង្ស័យ​ទេ​ថា ជំនួប​លើក​នេះ​ជា​ការរៀបចំ​ទុក​បាន​យ៉ាង​ល្អ​។​តែ​ទោះជា​យ៉ាងណា ផែនការ​នៃ​ជំនួប​នេះ​ត្រូវ​បាន​ប្រាប់អោយដឹង​នៅ​ប៉ុន្មាន​នាទី​មុន​វា​កើត​​ឡើង​តែ​ប៉ុណ្ណោះ​។​

​ជំនួប​ត្រាំ​-​គីម មិន​ទាំង​ត្រូវ​បាន​បញ្ជាក់​នៅ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​វា​បាន​កើតឡើង នៅពេល​ប្រធានាធិបតី​អាម៉េរិក​បាន​ព្រលយ​ពាក្យ​នៅ​ជំនួប​G20​នៅ​ជប៉ុន​ថា លោក​អាច​​ជួប​លោក​គីម​នៅឯ​ព្រំដែន នៅ​ពេល​លោក​វិល​ពី​ជប៉ុន​និង​ឈប់​សំចត​មួយ​រយៈពេល​ខ្លី​នៅ​កូរ៉េ​ខាងត្បូង​។​

​លោក​ត្រាំ បានឃើញ ខ្សែ​បន្ទាត់​ព្រំដែន​នៅ​ភូមិ​ប៉ាន​មុន​ចម និង​ចង់​បង្កើត​អ្វីមួយ​សំរាប់​អោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចាប់អារម្មណ៍​នឹង​លោក​។​តាម​វិធី​នេះ មនុស្ស​ជាច្រើន​គិតថា​​ជំនួប​រវាង​ត្រាំ​និង​គីម​នៅ​DMZ មិនមាន​អ្វី​ក្រៅតែពី​ការសម្តែង​សាធារណៈ​មួយ ជា​និមិត្តរូប​មួ​យ​និង​ជា​ជំនួប​រយៈពេល​ខ្លី​មួយ​។​

​តែ​តាមពិត ពួកគេ​បាន​និយាយ​គ្នា​អស់​ជាង​១​ម៉ោង ក្រោយ​ពី​ការ​រៀបចំខ្លួន​សំ​រាប់កា​ម៉េ​រ៉ានៅ​ដំណាក់កាល​ដំបូង​។​ពួកគេ​បាន​ព្រមព្រៀង​គ្នា​ថា អាម៉េរិក​និង​DPRK​នឹង​បន្ត​​កិច្ចពិភាក្សា ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដែល​បាន​ជាប់គាំង​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ក្រោយពី​កើតមាន​សុទិដ្ឋិនិយម​នៅក្រោយ​មេដឹកនាំ​ទាំង​ពីរ​​ជួប​គ្នា​លើក​ដំបូង​នៅ​សិង្ហ​បុរី​កាលពី​ឆ្នាំមុន​។​

​ទោះជា​យ៉ាងណា ជំនួប​លើក​ទី​២​របស់​ពួកគេ​នៅ​ក្រុង​ហាណូយ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​នេះ​បាន​ជួប​ការខកចិត្ត ដោយ​អាម៉េរិក​បែរជា​ដើរចេញ​ពី​កិច្ចពិភាក្សា​ភ្លាមៗ និង​ភាគី​ទាំងពីរ​​បន្ទោស​គ្នា​ចំពោះ​បរាជ័យ​ក្នុងការ​ធ្វើ​អោយ​មាន​ការ​រីកចំរើន​។​

​ដូច្នេះ ជំនួប​ត្រាំ​-​គីម លើក​នេះ គួរ​ត្រូវ​បាន​ស្វាគមន៍ ជាមួយនឹង​សុទិដ្ឋិនិយម​បែប​ប្រយ័ត្នប្រយែង ។​អ្វី​មួយ​ចេញ​ពី​ការចាប់ផ្តើម​នៃ​កិច្ចពិភាក្សា​នុយគ្លេអ៊ែរ​ដែល​ជាប់គាំង​នេះ ហាក់​វិជ្ជមាន​ហើយ តែ​ការធ្វើអោយ​មាន​ការរីក​ចំរើន​ជាក់ស្តែង​នៅ​កំរិត​ណាមួយ​ត្រូវតែ​ធ្វើអោយ​មាន​ឡើង​ដើម្បី​អោយ​យើង​ជឿ​ថា កិច្ចពិភាក្សា​អាច​នាំមក​ផ្លែផ្កា​។​

​នេះ​ជា​ផ្លូវ​ដើរ​ដ៏​ល្អ​សំរាប់​DPRK ដោយ​បី​ទសវត្សរ៍​មក​នេះ កិច្ចពិភាក្សា​ត្រូវបាន​រៀបចំឡើង ធ្វើអោយ​មាន​ការរីកចំរើន បង្កើត​កិច្ចព្រមព្រៀង មុន​ពេល​និយាយថា ពួក​វា​បាន​​ដួលរលំ​ហើយ​សភាពការណ៍​បាន​វិល​ទៅរក​ចំណុច​ចាប់ផ្តើម​ជា​ថ្មី និង​អាច​អាក្រក់​ជាង​មុន​ផង​។​

​អ្នកខ្លះ ជាពិសេស​សមាជិក​និយម​សង្គ្រាម​នៃ​ស្ថាប័ន​នយោបាយ​អាម៉េរិក អាច​និយាយថា ការបន្ត​ដើរ​តាមផ្លូវ​ដដែល​នេះ​និង​រំពឹង​លទ្ធផល​ផ្សេង​ជា​ការ​មិន​សម​ហេតុផល​។​ទោះ​​ជា​យ៉ាងណា ដំណោះស្រាយ​សម​ហេតុផល​និង​អាច​ទទួលយក​បាន​តែ​មួយ​គត់​ចំពោះ​បញ្ហា​នុយគ្លេអ៊ែរ​របស់​DPRK គឺ​ចេញពី​ការពិភាក្សាគ្នា និង​កិច្ចការ​ទូត សង្គ្រាម​នៅ​លើ​ឧ​ប​​ទ្វីប​កូរ៉េ​ជា​ការ​មិន​អាច​ទទួលយក​បាន​។​

​ដូច​ច្នេះ​លោក​ត្រាំ ត្រឹមត្រូវ​ដែល​បន្ត​ព្យាយាម​ធ្វើ​កិច្ច​ការទូត​ជាមួយ​DPRK ទោះជា​យើង​អាច​មិន​យល់ស្រប​គ្នា​អំពី​មធ្យោបាយ​ជាក់ស្តែង​និង​ស្ទីល​ចរចា​ក្តី​។​ឧា​ទាហរណ៍ ភាសា​បែប​​ស្រឡាញ់​ចូល​ចិត្ត​របស់​លោក​ត្រាំ​ចំពោះ​លោក​គីម ជុង​អ៊ុន ធ្វើអោយ​អ្នកសង្កេតការណ៍​លោកខាងលិច​ជា​ច្រើន​មិន​ស្រួល​អារម្មណ៍​សោះ​។​

​តែ​ដូច​ដែល​យើង​បាន​ឃើញស្រាប់ វា​ពិបាក​បន្ត​អះអាង​ថា​កិច្ចពិភាក្សា​បច្ចុប្បន្ននេះ​ល្អ​ត្រឹមត្រូវ​ដោយ​គ្មាន​បង្ហាញ​ការរីកចំរើន​ណាមួយ​ចេញពី​វា​។​ការរីកចំរើន​ដូច្នេះ គ្មាន​ផ្លូវ​ថា​មិន​​អាចធ្វើ​បាន​ទាល់តែ​សោះ​។​ឧទាហរណ៍ អ្នកវិភាគ​ខ្លះ​បាន​លើកឡើង​ថា មធ្យោបាយ​មួយ​ដំណាក់កាលៗ ដែល​ក្នុងនេះ​ទីតាំង​នុយគ្លេអ៊ែរ Yongbyon​អាច​បិទ​ចោល​ជា​ថ្មូរ​នឹង​ការ​​បន្ធូរបន្ថយ​ទណ្ឌកម្ម​មួយផ្នែក គឺជា​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​មួយ​។​ក្រៅពី​សំរេចបាន​លទ្ធផល​ជាក់លាក់​សំរាប់​ភាគី​ទាំងពីរ វិធានការ​ដូច្នេះ​ទំនងជា​ជួយ​បង្កើន​ជំនឿ​ចិត្ត​រវាង​​គ្នា និង​នាំ​ដល់​ការធ្វើអោយ​មាន​ការរីក​ចំរើន​ថ្មី​ថែម​ទៀត​។​

​ទោះជា​យ៉ាងណា បញ្ហា​ច្បាស់ក្រឡែត​នៅពេល​បច្ចុប្បន្ន គឺថា កិច្ចព្រមព្រៀង​ណាមួយ​ទំនង​ជា​ផ្លូវ​វែងឆ្ងាយ​មួយ​។​ត្រាំ​ចូលរួម​ក្នុង​ពិធី​បង្ហាញ​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ទី​៣០​មិថុនា ជាមួយនឹង​វោហា​ស័ព្ទ​ច្បោលៗ​គ្មានអ្វី​ជាក់លាក់​សំរាប់​គាំទ្រ​វា​។​វា​មិន​ល្អ​សំរាប់​គោលដៅ​ចរចា​របស់​អាម៉េរិក​អំ​ពី​នុយគ្លេអ៊ែ​រ និង​មិន​ល្អ​សំរាប់​គោលនយោបាយ​ការបរទេស​​របស់​អាម៉េរិក ទាំងមូល​។​

​ទោះជា​យ៉ាងណា ពិតណាស់ លោក​ត្រាំ​ធ្វើ​អ្វីៗ​តាម​ផ្លូវ​របស់​លោក​ផ្ទាល់ ដូចដែល​យើង​បានដឹង​ហើយ​។ វា​គា្មន​អ្វី​ចម្លែក​ទេ​សំរាប់​គាត់​ទាញ​ចេញ​អ្វីមួយ​ចេញពី​ថង់​ដែល​យើង​សង្ស័យ​​វា​តិចតួច​បំផុត​។​តែ​សំរាប់​ពេលនេះ ឱកាស​កាន់តែ​ខើច​សំរាប់​លទ្ធភាព​អោយ​ដំណើរការ​នេះ​សំរេចបាន​ជោគជ័យ បើ​មិន​មាន​អ្វី​មួយ​អាច​សំរេច​បាន​ជាក់ស្តែង​។​កិច្ច​សន្ទនា​គ្នា​តែង​​តែ​ត្រូវបាន​លើកទឹកចិត្ត តែ​ការ​សម្តី​ត្រូវតែ​បង្កើត​លទ្ធផល​៕

​ប្រែ​សម្រួល​ពី​CGTN​ដោយ​៖​វាសនា​

ប្រធានាធិបតី​អាម៉េរិក មេដឹកនាំ​កូរ៉េខាងជើង​និង​សម​ភាគី​កូរ៉េខាងត្បូង​បាន​ជួប​គ្នា​នៅ​តំបន់​គ្មាន​កងទ័ព​កាលពី​ថ្ងៃអាទិត្យ​