និស្សិតកម្ពុជាចំនួន១០រូប ទៅ ជប៉ុនក្នុងកម្មវិធីបណ្តាញផ្លាស់ប្តូរ សិស្ស និស្សិត

416
ចែករម្លែក
  • 10
    Shares

ដោយៈសុផល/ភ្នំពេញៈតាមការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន និស្សិតកម្ពុជា ចំនួន១០រូប នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ រួមជាមួយនឹងនិស្សិតនៃ បណ្តាប្រទេសអាស៊ាន និងប្រទេសទីម័រ ខាងកើត ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើតដែលហៅកាត់ថាJENESYS 2018។

និស្សិតប្រតិភូទាំងអស់ នឹងត្រូវបែងចែកជា៤ក្រុម ដោយយោងតាមប្រធានបទ ដូចជាទេសចរណ៍ ចំណីអាហារ ការការពារគ្រោះមហន្តរាយ ប្រវត្តិសាស្រ្ត និងបរិស្ថាន​នៃចង្វាក់ផលិតកម្ម ព្រមទាំងបេតិកភណ្ឌប្រវត្តិសាស្រ្តនិងចូលរួមស្តាប់បទបង្ហាញ​ដោយអ្នកជំនាញនៃប្រធានបទនីមួយៗព្រមទាំងទៅទស្សនានៅតំបន់មួយចំនួនដែលទាក់ទងនឹងប្រធានបទ។ពួកគាត់ ក៏នឹងធ្វើការផ្លាស់ប្តូរជាមួយនិស្សិតជប៉ុន ព្រមទាំង​សាកល្បងស្វែងយល់ពីវប្បធម៌ជប៉ុន។

កម្មវិធី JENESYS នាពេលកន្លងមក

កម្មវិធី JENESYS មានគោលបំណងជំរុញ​​ការយល់ដឹង និងការបង្កើតទំនុកចិត្​តទៅវិញ​​ទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បី​កសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។ តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជា​ចំនួន​ជាង២០០០នាក់ហើយ តាំងពីឆ្នាំ២០០៧មក។
តាមរយៈកម្មវិធីនេះអ្នកចូលរួមនឹងអាចយល់ដឹងអំពីប្រទេសជប៉ុនកាន់តែស៊ីជម្រៅថែមទៀត បន្ទាប់ពីវិលត្រលប់ ព្រមទាំងចែករំលែកនូវបទពិសោធន៍របស់ខ្លួនឲ្យបាន​ទូលំទូលាយទៅកាន់ប្រជាជនកម្ពុជា៕សរន