និស្សិត​កម្ពុជា​ជិត​ ១០០​នាក់​ទទួលបាន​អាហារូបករណ៍​សិក្សា​នៅ​សាកលវិទ្យាល័យ​ប្រទេស​ចិន​

741
ចែករម្លែក
  • 13
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​ សាកលវិទ្យាល័យ​ជីវ​ជាំ​ង​ ជា​សកល​វិទ្យាល័យ​វ័យ​ចំណាស់​មួយ​នៅក្នុង​ចំណោម​សាកលវិទ្យាល័យ​ជាច្រើន​ក្នុងប្រទេស​ចិន​ដែល​ស្ថិតនៅក្នុង​ក្រុង ជីវ ជាំ​ង ខេត្ត ជាំ​ង​ស៊ី ។​មាន​និស្សិត​កម្ពុជា​ជិត​១០០​នាក់ បានមក​សិក្សា​នៅ​សាកលវិទ្យាល័យ​ចំណាស់​ជាង​១​សតវត្សរ៍​នេះ​។​

​លោក​ស៊ែ​សៀវ​ឡុង​(XiaXiuLong)​នាយក​ផ្នែក​មហាវិទ្យាល័យ​សិក្សា​បរទេស​នៃ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​បាន​ឲ្យ​ដឹងថា​៖ សាកលវិទ្យាល័យ​ជីវ​ជាំ​ង​មាន​អាយុកាល​ប្រមាណ​១១៨​ឆ្នាំ​ហើយ ដែលមាន​ផ្ទៃដី​ប្រហែល​៥០០​ហិកតា​និង​មាន​និស្សិត​សរុប​ជាង​៥​ម៉ឺន​នាក់​ដែល​កំពុង​សិក្សា​ជា​រៀងរាល់ឆ្នាំ​។

សាកលវិទ្យាល័យ​នេះ បានចាប់ផ្ដើម​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា តាមរយៈ​វិទ្យាស្ថាន​ខុង​ជឺ​ ចាប់​តាំ​ពី​ឆ្នាំ​២០១០​មក ​បន្ទាប់ពី​ការចុះ​កិច្ចព្រមព្រៀង​ក្នុង​ការបង្កើត​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិតសភា​កម្ពុជា​នៅក្នុង​ឆ្នាំ​២០០៩​ ក្រោម​វត្ថ​មាន​របស់លោក ស៊ី ជី​ង​ភីង (Xi Jinping) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​លោកនាយក​បាន​បន្តទៀត​ថា​៖​និស្សិត​កម្ពុជា​ដំបូង​ដែល​មក​សិក្សា​ក្នុង​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​មាន​ចំនួន​ត្រឹមតែ ៧ នាក់​តែប៉ុណ្ណោះ ដោយ​ពួកគេ​សិក្សា​មុខជំនាញ​បំប៉ន​ភាសា​ចិន​រយៈពេល​មួយឆ្នាំ​។ ស្របតាម​គោលនយោបាយ “​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​” របស់លោក​ប្រធាន​នា​ធិបតី ស៊ី ជីន​ភីង បានធ្វើ​ឲ្យ​ទំនាក់​ទំ​នង់​រវាង​កម្ពុជា​-​ចិន មាន​ភាព​ស្និទ្ធ​ស្នាល​កាន់តែខ្លាំង​ឡើង​គួរ​ឲ្យ​កត់សម្គាល់​។

ក្នុងនោះ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​បាន​ដើរតួរ​យ៉ាងសំខាន់​ផងដែរ​ក្នុងការ​ពង្រឹង​មិត្តភាព​ទំនាក់ទំនង​ប្រទេស​ទាំងពីរ តាមរយៈ​ការលើកស្ទួយ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដោយ​ផ្ដល់​អាហារ​រូបករណ៍​ដល់​និស្សិត​កម្ពុជា​។​

កន្លងមកនេះ និស្សិត​កម្ពុជា​បានមក​សិក្សា​នៅ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង តាមរយៈ​ប្រភេទ​អាហារូបករណ៍​ជាច្រើន​មាន​ជាអាទិ៍ ៖ ១. អាហារូបករណ៍​របស់​វិទ្យាស្ថាន​ខុង​ជឺ ( Confucius Institute, Han ban) ,២. អាហារូបករណ៍​របស់​ខេត្ត​ជាំ​ង​ស៊ី​និង​ខេត្តសៀមរាប​,៣. អាហារូបករណ៍​របស់​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​ផ្ទាល់​,៤. អាហារូបករណ៍​ផ្សេងៗ ដូចជា​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាធិបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៩​មកដល់​ឆ្នាំ​២០១៩​នេះ​និស្សិត​កម្ពុជា​ដែល​ទទួលបាន​អាហារូបករណ៍​មក​សិក្សា​នៅ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​សរុប​៩៥​រូប​ក្នុងនោះ​២៦នាក់​ជា​និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​របស់​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​ផ្ទាល់​និង​អាហារូបករណ៍​រដ្ឋបាល​ខេត្ត​ជាំ​ង​ស៊ី​។​ក្នុង​ឆ្នាំ​២០១៩​នេះ​និស្សិត​កម្ពុជា​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​មាន​ចំនួន​២៨​នាក់​ដែល​សិក្សា​លើ​ជំនាញ​ផ្សេងៗ​គ្នា​ដូចជា​៖​វេជ្ជបណ្ឌិត​ទូទៅ​, អក្សរ​សាស្ត្រ​ចិន និង កសិកម្ម​ជាដើម​។​

​លោក កឿង រស្មី ប្រធាន​និស្សិត​កម្ពុជា​ប្រចាំខេត្ត​ជាំ​ង​ស៊ី បេក្ខជន​និស្សិត​វេជ្ជបណ្ឌិត​ទូទៅ​ឆ្នាំ​ទី​៥ កំពុង​សិក្សា​ក្នុង​សាកលវិទ្យាល័យ​នេះ​បាន​រៀបរាប់​ពី​កា​រស់នៅ​របស់​និស្សិត​កម្ពុជា និង​ការយកចិត្តទុកដាក់រ​បស់​សាលា​បាន​ឲ្យ​ដឹងថា​៖​និស្សិត​កម្ពុជា​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​សាលា និង​លោកគ្រូ​អ្នកគ្រូ ការរស់នៅ​និង​សិក្សា​ក្នុង​អាគារ​ទំនើប​ការសិក្សាអប់រំ​មាន​ស្តង់ដារ​ខ្ពស់ បន្ទប់​សិក្សា​បំពាក់​ដោយ​ឧបករណ៍​ទំនើបៗ មាន​ការចុះ​កម្មសិក្សា​អនុវត្តន៍​ផ្ទាល់ៗ​បន្ទប់ពិសោធន៍ (​ទាំង​ទ្រី​ស្តី និង​ការអនុវត្ត​)​។

ចំពោះ​ការបរិភោគ​អាហារ​មាន​ផាសុខភាព​ល្អ និង​មាន​រស់ជាតិ​ឆ្ងាញ់​ពិសាប្រកបដោយ​សុវត្ថិភាព ទីធ្លា​សាលា​ធំ​ទូលាយ​មាន​សួនច្បារ​ជាច្រើន​មាន​បណ្ណាល័យ​ធំ​ចំនួន​២​ដែល​អាច​ផ្ទុក​និស្សិត​បាន​ជាង​១​ម៉ឺន​នាក់​។ នៅក្នុង និង​ក្រៅ​បរិវេណ​សាលា មាន​សុវត្ថិ​ភាពល្អ មាន​កាមេរ៉ា​សុវត្ថិភាព​គ្រប់​ទីកន្លែង​។ សាកលវិទ្យាល័យ​នេះ​បាន​ធានារ៉ាប់រង​លើ​ចំណាយ​ការព្យាបាល​ជំងឺ​សម្រាប់​និស្សិត​កម្ពុជា​ដែល​ជួប​បញ្ហា​សុខភាព ដោយ​យកចិត្តទុកដាក់​ខ្ពស់​។​

​បន្ថែម​លើ​ការយកចិត្ត​ទុក្ខ​ដាក់​លើ​ការរៀនសូត្រ​របស់​និស្សិត​កម្ពុជា​សាកលវិទ្យាល័យ​ជីវ​ជាំ​ង បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការជួយ​លើ​ស្ទួយ​វប្បធម៌​ប្រពៃណី​ខ្មែរ​។ ជាក់ស្តែង កាលពី​ឆ្នាំ​២០១៨ កន្លងមកនេះ សាកលវិទ្យាល័យ​នេះ បាន​ចូលរួម​សហការ​និង​ឧបត្ថម្ភ ជាមួយ​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ក្នុងការ​ប្រារព្ធ​កម្មវិធី​បុណ្យ​វប្បធម៌​ខ្មែរ​លើក​ទី​២ “​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​” ដែលមាន​អ្នកចូលរួម​ទស្សនា​ប្រហែល​១​ម៉ឺន​នាក់​។

សម្រាប់​ឆ្នាំ​២០១៩​នេះ សាកលវិទ្យាល័យ នៅ​បន្ត​សហការ​ជាមួយ​សមាគមនិស្សិត ក្នុង​ការរៀបចំ​កម្មវិធី​បុណ្យ​វប្បធម៌​លើក​ទី​៣​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៥ ខែឧសភា ខាង​មុននេះ​។លើសពីនេះទៅទៀត​លោកគ្រូ​អ្នកគ្រូ​ចិន​តែងតែ​អញ្ជើញ​និស្សិត​កម្ពុជា​ទៅ​ចូលរួម​សំដែង​នៅតាម​មហោស្រព​ជាច្រើន​ដើម្បី បង្ហាញ​ឲ្យ​ជនជាតិ​ចិន​បាន​ស្គាល់​ពី​វប្បធម៌​កម្ពុជា​។​ជាមួយគ្នានេះដែរនិស្សិតកម្ពុជាកំពុងសិក្សានៅសាកលវិទ្យាល័យ​ជីវ​ជាំ​ង​សូម​អរគុណ​ដល់​ថ្នាក់ដឹកនាំ​សាលា លោកគ្រូ​អ្នកគ្រូ ដែល​តែងតែបាន​មើលថែទាំ​និស្សិត​កម្ពុជា​យ៉ាង​យកចិត្ត​ទុក្ខ​ដាក់​។​

​ទន្ទឹមគ្នា​នេះដែរ​នាពេល​ថ្មីៗ​នេះ​លោក​សាស្ត្រាចារ្យ​លីវ​សាវ​តុង​(LiuXiaoDong)​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​បាន​ផ្ញើលិខិត​មក​លោក​អ៊ុំ​វុ​ទ្ធ​ទី​អតីត​ប្រធាន​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន​អាណត្តិ​ទី​១​បច្ចុប្បន្ន​ជា​ប្រធានកិត្តិយស​សមាគមនិស្សិត​។​

ក្នុង​លិខិត​នោះ​លោក​សាកលវិទ្យាធិការ​បា​ន​រំលេច​អំពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​សមាគមនិស្សិត​កន្ល​ង​មកនេះ​ជាពិសេស​ការចូលរួម​ឧបត្ថម្ភ​សម្ភារ​សិល្បៈ​និង​សៀវភៅ​មួយចំនួន​ជូន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កម្ពុជា​-​ចិន​នៅ​សាកលវិទ្យាល័យ​នេះ​ផ្ទាល់ និង​ការចូលរួម​សហការ​រៀប​ចំ​កម្មវិធី​វប្បធម៌​ខ្មែរ​កន្លងមកនេះ ព្រមទាំង​ការសហការ​កិច្ចការ​ផ្សេងៗ​ទៀត ដែលជា​ប្រយោជន៍​រួម​សម្រាប់​ប្រទេស​ទាំងពីរ ដើម្បី​ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ប្រទេស​ទាំងពីរ​និង​ទំនាក់ទំនង​ដ៏​យូរអង្វែង​ដែលជា​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា​-​ចិន​។

​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​តែងតែ​គោរព​កោតសរសើរ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្តេច​អគ្គមហាសេនាធិបតី​តេ​ជោ​ហ៊ុនសែន ​ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​យុវជន​និស្សិត​កម្ពុជា​ដែល​មក​សិក្សា​នៅ​ប្រទេស​ចិន​ជាពិសេស​ការគាំទ្រ​និង​ឧបត្ថម្ភ​ទ្រទ្រង់​សកម្មភាព​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន​៕S/Ha

​ចំណងជើង​រូបថត​៖​និស្សិត​កម្ពុជា​ជិត​១០០​នាក់​ទទួលបាន​អាហារូបករណ៍​សិក្សា​នៅ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​ខេត្ត​ជាំ​ង​ស៊ី​ប្រទេស​ចិន ដែល​ឆ្នាំ​២០១៩​នេះ មាន​ជាង​២០​នាក់​