និស្សិត​កូរ៉េខាងត្បូង​ច្រើន​នាក់​ឡើងរ​បង​ជញ្ជាំង​លំនៅដ្ឋាន​របស់​ប្រេសិត​អាម៉េរិក​ដើម្បី​ប្រឆាំង​វត្តមាន​កងទ័ព​

261
ចែករម្លែក

​ប៉ូលិស​កូរ៉េខាងត្បូង​បាន​ចាប់​ឃាត់ខ្លួន​និស្សិត​ចំនួន​១៩ នាក់​នៅ​ថ្ងៃ​សុក្រ​ទី​១៨​ខែតុលា បន្ទាប់ពី​ពួកគេ​បាន​ឡើង​លើ​របង​ជញ្ជាំង​ចូលទៅក្នុង​បរិវេណ​នៃ​លំនៅដ្ឋាន​របស់​ឯក​​អគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​នៅ​ទីក្រុង​សេ​អ៊ូ​ល​ដើម្បី​ប្រឆាំង​វត្ត​មាន​កងទ័ព​អាម៉េរិក​នៅ​ប្រទេស​នេះ​។​

​ក្រុម​ដែល​ហៅ​ខ្លួនឯង​ថា​ជា​ក្រុម​ចម្រុះ​នៃ​និស្សិត​សាកលវិទ្យាល័យ​ឈាន​មុខ​នេះ​បាន​បង្ហោះ​រូបថត​នៅលើ​គណនី​ហ្វេ​សប៊ុក​របស់​ខ្លួន​ដែល​ក្នុងនោះ រួម​មាន​រូបថត​អំពី​សកម្មភាព​​នៃ​សមាជិក​ជាច្រើន​បាន​ប្រើ​ជណ្តើរ​ឡើង​លើ​របង​ជញ្ជាំង​ព័ទ្ធជុំវិញ​លំនៅដ្ឋាន​របស់​ឯកអគ្គ​រដ្ឋទូត លោក​ហារី ហារី​ស ។​

​នៅក្នុង​វីដេអូ​ដាច់ដោយឡែក​មួយ​ដែល​ទំនង​ជា​ថត​ផ្សាយ​ពី​ខាងក្នុង​បរិវេណ​នោះ​ពួកគេ​បាន​ចោទប្រកាន់​សហរដ្ឋ​អាម៉េរិក​ថា​បាន​ទាមទារ​ឱ្យ​មាន​ការដំឡើងថ្លៃ ៥០០ ភាគរយ​នៃ​តម្លៃ​សម្រាប់​ការ​ដាក់​កងទ័ព​ប្រហែល ២៨.៥០០ នាក់​នៅ​ប្រទេស​កូរ៉េខាងត្បូង ដោយ​កាន់​បដា​ដែល​សរសេរ​ថា​” ចាកចេញ​ពី​ទឹកដី​នេះ​ទៅ ហា​រី ហារី​ស​! ” ។​

​នៅ​មុនពេល​ប៉ូលិស​បាន​បណ្តេញ​ពួកគេ​ចេញ​លំនៅដ្ឋាន​នោះ ពួកគេ​បាន​ស្រែកថា​” ឈប់​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​យើង​” និង ស្រែកថា “​ចេញទៅ ! យើង​មិន​ត្រូវ​​ការ​កងទ័ព​សហរដ្ឋ​អាម៉េរិក​ទេ​” ។​

​លោក​វីលៀម ខូ​លែ​មែន អ្នកនាំពាក្យ​ស្ថានទូត​អាម៉េរិក​នៅ​ក្រុង​សេ​អ៊ូ​ល បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​សៅរ៍​នេះ ថា ជនជាតិ​កូរ៉េ​ប្រមាណ​ជា​២០​នាក់​បាន​​ចូល​ទៅ​បរិវេណ​នៃ​លំនៅដ្ឋាន​ផ្លូវការ​របស់​ឯកអគ្គរដ្ឋទូត​អាម៉េរិ​ក​នោះ ដោយ​ខុសច្បាប់​និង​បាន​ព្យាយាម​ចូល​ទៅ​ខាង​ក្នុង​លំនៅដ្ឋាន​។​

​នេះ​ជា​ករណី​ទី​២ នៃ​ការចូល​ដោយ​ខុសច្បាប់​ទៅក្នុង​បរិវេណ​លំនៅដ្ឋាន​របស់​ឯកអគ្គ​រដ្ឋទូត​នេះ​ក្នុង​រយៈពេល ១៤ ខែ​កន្លងទៅ​នេះ​។​

​អ្នកនាំពាក្យ​ស្ថានទូត​អាម៉េរិក​នៅ​ក្រុង​សេ​អ៊ូ​ល​បាន​និយាយថា “​យើង​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការរំលោភបំពាន​លើ​បរិវេណ​លំនៅដ្ឋាន​របស់​ឯកអគ្គ​រដ្ឋទូត​​និង​ជំរុញ​ឱ្យ​កូរ៉េខាងត្បូង​ការពារ​បេសកកម្ម​និង​លំនៅ​ទាំងអស់​” ។​

​ជា​ការឆ្លើយតប​នោះ ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​និយាយថា​ខ្លួន​បានស្នើ​បង្កើន​កម្លាំង​សន្តិសុខ​សម្រាប់​ស្ថានទូត​អាម៉េរិក​និង​លំនៅដ្ឋាន​របស់​ឯកអគ្គ​រដ្ឋទូត​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ក្រុមអ្នកតវ៉ា​កូរ៉េខាងត្បូង​បង្ហាញ​បដា​តវ៉ា​នៅ​ខាងក្នុង​លំនៅដ្ឋាន​របស់​ឯកអគ្គ​រដ្ឋទូត​អាម៉េរិក​ប្រចាំ​នៅ​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃទី ១៨ ខែតុលា​ឆ្នាំ ២០១៩