និស្សិត​ចិន​រួម​នឹង​និស្សិត​មកពី​ប្រទេស​ផ្សេងៗ​ភៀសខ្លួន​ចេញពី​ហុងកុង នៅពេល​អំពើហិង្សា​កាន់តែ​អាក្រក់​ទៅ​

302
ចែករម្លែក

​និស្សិត​សកល​វិទ្យាល័យ​មកពី​ចិន​ដីគោក​និង​តៃវ៉ាន់​កំពុង​ភៀសខ្លួន​ចេញពី​ហុងកុង ខណៈ​និស្សិត​មកពី​ប្រទេស​ស៊ុយអែត ន័រ​វេស្ស និង​ដា​ណឺ​ម៉ាក ត្រូវបាន​រើ​ទីលំនៅ​ឬ ត្រូវ​​បាន​អំពាវនាវ​អោយ​ចាកចេញ​នៅ​ពេល​សកល​វិទ្យាល័យ ក្លាយ​ជា​សមរភូមិ​ចុងក្រោយ​នៅក្នុង​ចលាចល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ហុងកុង​អស់​ពេល​៥​ខែ​មកនេះ​។​

​កាលពី​ថ្ងៃ​ពុធ​ទី​១៣​វិច្ឆិកា ប៉ូលិស​ជើង​ទឹក​បាន​ប្រើ​ទូក​ដើម្បី​ជួយ​និស្សិត​ចិនដីគោក​មួយក្រុម​ចាកចេញ​ពី​សកល​វិទ្យាល័យ​Chinese University of Hong Kong ដែល​នៅតែ​​បិទ​ខ្ទប់​ដោយ​បាតុករ ក្រោយ​ការប៉ះទង្គិច​ហិង្សា​ជា​មួយ​ប៉ូលិស​កាលពី​ថ្ងៃ​អង្គារ​។​

​អាជ្ញាធរ​បាន​ប្រកាសថា ការសិក្សា​នៅ​បឋម​សិក្សា​និង​មធ្យមសិក្សា នឹង​ត្រូវ​ផ្អាក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​វិច្ឆិកា នៅពេល​ការប៉ះទង្គិច​កាន់តែ​ហិង្សា​ឡើង​។​

​ការតវ៉ា​ប្រឆាំង​នៅ​ហុងកុង​បាន​ងាក​ទៅ​រក​មុខសញ្ញា​ចិន ដោយ​ពួក​បាតុករ​ប្រកាន់​តឹង​វាយបំផ្លាញ​សាខា​ធនាគារ​ដែលមាន​ទំនាក់ទំនង​ជាមួយ​ចិន​ដីគោក និង​ម្ចាស់​ភោជ្ជ​នី​យ​​ដ្ឋា​ន​ណា​ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​សូមបញ្ជាក់​ថា ហុងកុង​ជា​ផ្នែក​នៃ​ទឹកដី​ចិន តែ​មាន​ប្រព័ន្ធ​ច្បាប់​ផ្ទាល់​របស់​វា​និង​សេរីភាព​ច្រើន​ជាង​ចិនដីគោក​។​តែពួក​អ្នក​ប្រឆាំង​តវ៉ា​និយាយថា សេរីភាព​នេះ​ឥឡូវ​ស្ថិតក្រោម​​ការ​គំរាម​ពី​រដ្ឋាភិបាល​ហុងកុង​ដែល​ជំពាក់​គុណ​ចិន​ប៉េកាំង​។​ទោះជាយ៉ាងណា ​រដ្ឋាភិបាល​ចិន​និយាយថា ពួក​អ្នក​ប្រឆាំង​តវ៉ាជា​កុបករ​ដែល​ចង់​បំបែក​ហុងកុង​ពី​ចិន​ក្រោម​ការ​ញុះញង់​ពី​កម្លាំង​បរទេស​។​

​គិត​មក​ត្រឹម​ថ្ងៃ​ពុធ វា​ជា​ថ្ងៃទី​៣​ជាប់​គ្នា​ដែល​ពួក​អ្នក​ប្រឆាំង​តវ៉ា​រំខាន​សេវា​រថភ្លើង បិទ​ផ្លូវ​ថ្នល់​និង​ជួបជុំ​នៅ​កណ្តាល​ក្រុង​។​និស្សិត​ម្នាក់់​បាន​ចោទ​គ្រាប់បែក​សាំង​ចូល​ក្នុង​រថភ្លើង​​ដែល​ចត​នៅក្នុង​សកល​វិទ្យាល័យ​មួយ​នៅ​ហុងកុង​កាលពី​ថ្ងៃ​១៣​វិច្ឆិកា​។​ពួក​បាតុករ​ក៏​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ​កន្លែង​ជាច្រើន​កាលពី​ថ្ងៃ​អង្គារ ៕​ដោយ​៖​វាសនា​

​និស្សិត​ចិន​ភៀសខ្លួន​ទៅ​ចិនដីគោក​វិញ នៅ​ពេល​ពួកគេ​ជា​គោលដៅ​វាយប្រហារ​ពី​សំណាក់​អ្នក​ប្រឆាំង​តវ៉ា​