និស្សិត​និង​ប៉ូលិស​ឥណ្ឌូនេស៊ី​រាប់រយ​នាក់​រងរបួស​ក្នុង​ការប៉ះទង្គិច​ក្នុង​ការតវ៉ា​

664
ចែករម្លែក

​ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​២៥​ខែកញ្ញា​ថា និស្សិត​និង​ប៉ូលិស​ជាង​៣០០ នាក់​នៅ​ទីក្រុង​ហ្សា​ការតា ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​បន្ទាប់ពី​មានការ​​ប៉ះទង្គិច​គ្នា​អំឡុង​ពេល​ការតវ៉ា​ដែល​បង្កឡើង​ដោយ​ច្បាប់​ថ្មី​មួយ​ដែល​ក្រុម​អ្នក​រិះគន់​និយាយ​ថា​ធ្វើឱ្យ​ប៉ះពាល់​ដល់​អំណាច​របស់​ភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​របស់​ប្រទេស​នេះ​។​

​មេ​ប៉ូលិស​ក្រុង​ហ្សា​ការតា លោក​ហ្កា​តុត អេត​ឌី ប្រា​ម៉ូណូ បាន​និយាយ​នៅ​សន្និសីទកាសែត​ថា​យ៉ាងហោចណាស់​និស្សិត​ចំនួន ២៦៥ នាក់​និង​មន្ត្រីប៉ូលិស ៣៩​នាក់​ត្រូវបាន​ព្យា​​បាល​នៅតាម​មន្ទីរពេទ្យ​ជា​ច្រើន​កន្លែង​និង​នៅ​ទីក្រុង​ហ្សា​ការតា ដោយ​របួស​ពួកគេ​គឺ​មាន​ពី​តិចតួច​ទៅ​ធ្ងន់ធ្ងរ​។​

​ការតវ៉ា​នៅ​ខាង​ក្រៅ​សភា​កាលពី​ថ្ងៃ​អង្គារ គេ​បាន​ឃើញ​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​បាញ់​ទឹក​ដើម្បី​បំបែក​និស្សិត​រាប់ពាន់នាក់​ដែល​គប់​ដុំ​ថ្ម​។

​ការតវ៉ា​នេះ​ត្រូវបាន​បំបែក​នៅ​មុន​ពេល​ពាក់កណ្តាល​អធ្រាត្រ​។​

​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រុម​មន្ត្រី​ក្រុង​បាន​សម្អាត​ដុំថ្ម ដប​ប្លា​ស្ទិច បដា និង​កម្ទេចកំទី​ផ្សេងៗ​ពី​ការតវ៉ា​នេះ​។​

​ក្រុមនិស្សិត​បាន​ធ្វើការ​តវ៉ា​ស្រដៀង​គ្នា​នេះ​និង​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​នៅតាម​ទីក្រុង​នានា​នៅ​ទូទាំង​ប្រទេស​នេះ​កាលពី​ថ្ងៃ​អង្គារ​នេះ ដោយ​រួម​មាន​នៅ​ទីក្រុង​បាន​ឌុ​ង​​ទីក្រុង​យុកយ៉ាកា​រតា​ទីក្រុង​ម៉ាឡាង​ទី​ក្រុងប៉ាឡេម​បាង និង​នៅ​ទីក្រុង មេ​ដាន​។ ពួក​និស្សិត​ជា​ច្រើន​ក្រុម​បាន​ប្តេជ្ញា​ថា​នឹង​វិលត្រឡប់​មក​ធ្វើការ​តវ៉ា​ជា​ថ្មី​តាម​ផ្លូវ​នៅ​ថ្ងៃ​ពុធ​​នេះ​និង​ធ្វើការ​តវ៉ា​បែប​នេះ​រហូតដល់​ច្បាប់​ថ្មី​នេះ ត្រូវ​បាន​លុបចោល​។​

​ក្រុម​អ្នក​រិះគន់​និយាយ​ថា​ច្បាប់​ដែល​ត្រូវបាន​អនុម័ត​នៅ​សភា​កាលពី​សប្តាហ៍​មុន កាត់បន្ថយ​សិទ្ធិ​អំណាច​របស់​គណៈកម្មកា​រ​លុបបំបាត់​អំពើពុករលួយ​ដែល​ជា​ស្ថាប័ន​ដ៏​សំខាន់​ក្នុង​​ការប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​ដែល​កំពុង​រីក​រាលដាល​នៅ​ប្រទេស​នេះ​៕​ដោយ​៖​សុខា​/sn

ប៉ូលិស​ឥណ្ឌូនេស៊ី​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ក្រុមអ្នកតវ៉ា​ជា​និស្សិត​អំឡុង​ពេល​មាន​ការប៉ះទង្គិច​គ្នា​នៅ​ខាង​ក្រៅ​សភា​នៅ​ទីក្រុង​ហ្សា​ការតា កាលពី​ថ្ងៃ​អង្គារ​​ទី ២៤ ខែ​កញ្ញា​ឆ្នាំ ២០១៩