និស្សិត​ផ្នែក​បច្ចេកវិទ្យា​កម្ពុជា​១៩​រូប​ទៅ​សិក្សា​ស្វែងយល់​ពី​ដំណើរការ​នៃ​សង្វាក់​ផលិតកម្ម និង​បច្ចេកវិទ្យា​នៃ​ប្រទេស​ជប៉ុន​

498
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​តាមរយៈ​ការអញ្ជើញ​របស់​ក្រសួងការបរទេស​ជប៉ុន និស្សិត​កម្ពុជា​ដែល​បានបញ្ចប់​និង​កំពុង​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ចំនួន​១៩​រូប​ព្រមទាំង​អ្នកដឹកនាំ​១​រូប នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​ពីថ្ងៃ​ទី​២៩ ខែតុលា ដល់​ថ្ងៃទី​៦ ខែវិច្ឆិកា ២០១៨​។​ក្រោម​កម្មវិធី​បណ្តាញ​ផ្លាស់ប្តូរ​សិស្ស និស្សិត និង​យុវជន​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ី​ខាងកើត​ដែល​ហៅ​កាត់​ថា​JENESYS 2018​។​

​អ្នកចូលរួម នឹង​ទៅ​ទស្សនកិច្ច​សារមន្ទីរ​នៅ​ទីក្រុង​តូ​ក្យូ ជា​កន្លែង​ដែលមាន​ដាក់តាំង​បច្ចេកវិទ្យា ទំនើប​ចុងក្រោយ ព្រមទាំង​ទៅ​ទស្សនកិច្ច​ក្រុមហ៊ុន​ផលិត​ម្ហូបអាហារ នៅ​ខេត្ត​ស៊ី​ហ្សឹ​អុ​កា ដើម្បី​សិក្សា​ពី​ដំណើរការ​នៃ​សង្វាក់​ផលិតកម្ម និង​បច្ចេកវិទ្យា​នៃ​ប្រទេស​ជប៉ុន​។ ក្រៅពីនេះ ពួកគាត់​នឹងមាន ការពិភាក្សា​ជាមួយ​និស្សិត​សាកលវិទ្យាល័យ​នៅ​ប្រទេស​ជប៉ុន និង ទៅ​ទស្សនកិច្ច​តំបន់​ប្រវត្តិសាស្ត្រ ផ្សេងៗ​ផងដែរ​។

​កម្មវិធី JENESYS 2018 មាន​គោលបំណង​ជំរុញ​ការយល់ដឹង និង​ការកសាង​ទំនុកចិត្ត​ទៅវិញទៅមក​ក្នុងចំណោម​ប្រជាជន​ជប៉ុន និង​បណ្តា​ប្រទេស​ចូលរួម និង​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ និង​ចំណងមិត្តភាព​នាពេល​អនាគត​។ តាមរយៈ​កម្មវិធី​នេះ ក្រសួងការបរទេស​ជ​ប៉ុន​បាន​អញ្ជើញ​យុវជន​កម្ពុជា​ចំនួន​ជាង​២០០០​នាក់​ហើយ​តាំងពី​ឆ្នាំ​២០០៧​មក​។​
​តាមរយៈ​កម្មវិធី JENESYS អ្នកចូលរួម​នឹង​អាច​យល់ដឹង​អំពី​ប្រទេស​ជប៉ុន​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ព្រមទាំង​ចែករំលែក​នូវ​បទពិសោធន៍​របស់ខ្លួន​ឲ្យ​បាន​ទូលំទូលាយ​ទៅកាន់​ប្រជាជន​កម្ពុជា បន្ទាប់ពី​វិល​ត្រលប់​មកវិញ​៕S/

និស្សិត​ផ្នែក​បច្ចេកវិទ្យា​កម្ពុជា​១៩​រូប​ទៅ​សិក្សា​ស្វែងយល់​ពី​ដំណើរការ​នៃ​សង្វាក់​ផលិតកម្ម និង​បច្ចេកវិទ្យា​នៃ​ប្រទេស​ជប៉ុន​