និស្សិត​មកពី​សាកលវិទ្យាល័យ​កាតូលិក​អូស្ត្រាលី ទស្សនកិច្ច​សិក្សា​នៅ​វិចិត្រសាល​សិល្បៈ​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត

239
ចែករម្លែក

ដោយ​៖ ព្រំ គិត​ម៉ាន់ និស្សិត​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ភ្នំពេញៈ ​ការកើតឡើង​នៃ​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា (​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩) គឺជា​គ្រោះមហន្តរាយ​មនុស្សជាតិ​ដ៏​សោកសង្រេង​មួយ ដែល​បាន​បង្ក​ឲ្យ​ប្រជាជន​កម្ពុជា​ស្លាប់បាត់​បង់ជីវិត​ប្រមាណ​ជាង​២​លាន​នាក់​។ ទោះបី​អំពើ​ប្រល័យពូជសាសន៍​នេះ បាន​រលត់​ផុត​ទៅ​អស់​រយៈកាល​៤០​ឆ្នាំ​ហើយ​ក្តី ប៉ុន្តែ​ការចងចាំ​នៅតែ​បន្ត​មាន និង​ជា​ប្រធានបទ​ដ៏​សំខាន់​សម្រាប់​អ្នកសិក្សា​ធ្វើការ​ស្រាវជ្រាវ​។​

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ មាន​និស្សិត​អន្តរជាតិ​ចំនួន​១៥​នាក់ ផ្នែក​ជំនាញការ​អភិវឌ្ឍន៍​អន្តរជាតិ នៃ​សាកលវិទ្យាល័យ​កាតូលិក​អូស្ត្រាលី (ACU) បាន​ចាប់អារម្មណ៍​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ស្វែងយល់​អំពី​ប្រវត្តិ​នៃ​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា ឬ​របប​ខ្មែរក្រហម​។ ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ និស្សិត​ទាំងអស់​បាន​ទស្សនាការ​តាំងពិព័រណ៍​សិល្បៈ​នៅក្នុង​វិចិត្រសាល​សិល្បៈ​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ ពិព័រណ៍​ទាំងនេះ ត្រូវបាន​ដាក់តាំង​បង្ហាញ​ទៅតាម​ប្រធានបទ​ផ្សេងៗ រួមមាន ៖ «​ប្រសិនបើ​គ្មាន​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​» «​មិន​ផុតរលត់​» និង «​សំណល់​សង្គ្រាម​»​។ ពិព័រណ៍​សិល្បៈ​ទាំងនេះ បាន​បើក​ជា​សាធារណ​សម្រាប់​សាធារណជន​ដែល​ចង់​ស្វែងយល់​អំពី​ព្រឹត្តិការណ៍ ដែល​ធ្លាប់បាន​កើតឡើង​នៅក្នុង​របប​ខ្មែរក្រហម​។ បន្ទាប់ពី​ទស្សនាការ​តាំងពិព័រណ៍​សិល្បៈ​រួចមក និស្សិត​ទាំងនេះ ក៏បាន​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​ដែលមាន​ចំណងជើង​ថា «​កុំ​ស្មាន​បង​ភ្លេច​» ដែលជា​ផ្នែក​មួយ​ក្នុងការ​បំពេញបន្ថែម​នូវ​ចំណេះដឹង​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​។ ខ្សែភាពយន្ត​ឯកសារ​នេះ គឺជា​ខ្សែភាពយន្ត​និយាយ​អំពី​តន្ត្រី រ៉ក អេ​ន រ៉ូ​ល និង​សិល្បៈ​ក្នុងអំឡុង​ទសវត្សរ៍​៦០ និង​ដើម​ទសវត្សរ៍​៧០ ដែល​ខ្មែរ​បាន​បាត់បង់​ក្នុងអំឡុងពេល​ប្រទេស​កើតសង្គ្រាម​។ តន្ត្រី​មួយ​នេះ​បាន​ចម្លង​ចេញពី​បស្ចិមប្រទេស ដោយ​រួមបញ្ចូល​ឬ​សគល់​នៃ​តន្ត្រី​ដើម​របស់​ខ្មែរ ហើយ​បង្កើត​តន្ត្រី​មួយបែប​ថ្មី​ខុសពី​តន្ត្រី​ដទៃទៀត​។ សិល្បៈករ​ខ្មែរ​បាន​បង្កើត​តន្ត្រី​មួយបែប​នេះ ចេញពី​ក្បួនខ្នាត​ដ៏​សំខាន់​នៃ​តន្ត្រី​រ៉ក​ផ្សេងៗ​របស់ អាមេរិក អង់គ្លេស និង​បារាំង ដោយ​ដាក់បញ្ចូល​សំឡេង និង​ចង្វាក់​តន្ត្រី​ប្រពៃណី​ខ្មែរ​តែមួយគត់​របស់ខ្លួន​។ សំឡេង​ដ៏​ពិ​រោះ​របស់​អ្នកចម្រៀង​ស្ត្រី​ដ៏​ល្បីឈ្មោះ បាន​ក្លាយជា​ចំណុច​ទាក់ទាញ ហើយ​ធ្វើ​ឲ្យ​តន្ត្រី​ច្នៃប្រឌិត​មួយ​នេះ ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង​ពី​សំណាក់​សាធារណជន​។ ប៉ុន្តែ​នៅពេលដែល​សង្គម​ខ្មែរ ជាពិសេស​តន្ត្រី​វ័យក្មេង​ដែល​ទទួលយក​វប្បធម៌​បស្ចិមប្រទេស ហើយ​បាន​វិវឌ្ឍន៍​ខ្លួន​ក្រោម​ឥទ្ធិពល​នៃ​វប្បធម៌​នេះ ប្រទេស​កម្ពុជា​បាន​ធ្លាក់​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​យ៉ាង​ឆាប់រហ័ស​។ «​កុំ​ស្មាន​បង​ភ្លេច​» ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក បាន​ជីក​កកាយ​នូវ​ធាតុ​ផ្សំ​របស់​តន្ត្រី​ខ្មែរ​ដែល​បានប្រែក្លាយ​ទៅជា​តន្ត្រី រ៉ក អេ​ន រ៉ូ​ល ហើយ​បាន​រីកចម្រើន​ឆ្ពោះទៅមុខ ប៉ុន្តែ​ស្ទើរ​ត្រូវបាន​បំផ្លិចបំផ្លាញ​ទាំងស្រុង​នៅក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។ ខ្សែភាពយន្ត​ឯកសារ​នេះ បានផ្តល់​គំហើញ​ថ្មី​ស្តីពី​ប្រទេសមួយ​ដែល​ធ្លាប់តែ​ឮ​ពី​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​។ ខ្សែភាពយន្ត​នេះ នឹង​នាំ​ទស្ស​និ​ច​ជន​បាន​យល់ដឹង​អំពី​សិល្បៈ​តន្ត្រី​ពី​អតីតកាល រហូតមកដល់​បច្ចុប្បន្ន​។ បន្ទាប់ពី​ទស្សនា​ខ្សែភាពយន្ត​ឯកសារ «​កុំ​ស្មាន​បង​ភ្លេច​» រួចមក មាន​និស្សិត​មួយចំនួន​បាន​បញ្ចេញ​នូវ​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​ដូចខាងក្រោម ៖

​កញ្ញា អ៊ែរ សិន គឺជា​និស្សិត​ផ្នែក​ការអភិវឌ្ឍន៍​អន្តរជាតិ នៃ​សាកលវិទ្យាល័យ​កាតូលិក​អូស្ត្រាលី (ACU) បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការសិក្សា​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ជាពិសេស​ចំពោះ​ការអប់រំ​ស្ដីពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា តាមរយៈ​ការតាំងពិព័រណ៍​សិល្បៈ ក្នុងការ​បញ្ជ្រាប​ការយល់ដឹង និង​ការពិភាក្សា​ផ្សេងៗ​។​

​កញ្ញា លា​នី ហ្វូ គឺជា​និស្សិត​ផ្នែក​ការអភិវឌ្ឍន៍​អន្តរជាតិ នៃ​សកល​វិទ្យាល័យ​កាតូលិក​អូស្ត្រាលី (ACU) បាន​រៀបរាប់ថា «​នាង​ខ្ញុំ​ពិតជា​ទទួលបាន​ចំណេះដឹង​ជាច្រើន​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​កម្ពុជា តាមរយៈ​ការ​ទស្សនាការ​តាំងពិព័រណ៍ និង​ទស្សនា​ខ្សែភាពយន្ត​ឯកសារ នៅក្នុង​វិចិត្រសាល​សិល្បៈ​សហ​សម័យ​នៃ​វិទ្យា​ស្លឹករឹត​៕