និស្សិត​មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ​ប្រមាណ​ជិត​២០០​នាក់ ទទួល​សញ្ញាបត្រ​ប្រកាសនីយបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ធនា​គារ​

1167
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: កាលពី​ថ្ងៃទី ៥​កក្កដា ២០១៨ នៅ​សាល​មហោស្រប​កោះ​ពេជ្រ និស្សិត​បានបញ្ចប់​ការសិក្សា​នៅ​មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ ប្រមាណ​ជិត​២០០​នាក់ បានទទួល​សញ្ញាបត្រ ប្រកាសនីយបត្រ​ជាន់ខ្ពស់ បច្ចេកទេស​ធនាគារ នៃ​ការរៀបចំ​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា ក្រោម​អធិបតីភាព លោក ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​។

​លោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ការទទួលបាន​សញ្ញាបត្រ​ប្រកាសនីយបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ធនា​គារ​ពេលនេះ គឺជា​ជោគជ័យ​និង​មោទនភាព​រួម ទាំង​ចំពោះ​ក្មួយៗ មាតាបិតា​អាណាព្យាបាល សាស្ត្រាចារ្យ និង​ប្រទេសជាតិ​យើង​ផង ដែល​និស្សិត​ទទួលបាន​ការអប់រំ​ជំនាញ​ប្រកបដោយ​គុណភាព ហើយ​កំពុង​ក្លាយជា​ធនធានមនុស្ស​ស​ក្តា​នុព​ល​សម្រាប់​សង្គម​ជាតិ ។

​លោក អគ្គទេសាភិបាល លើកឡើងថា ចំណោម​របៀបវារៈ​អាទិ​ភាព​ក្នុង​ដំណើរ​អភិវឌ្ឍន៍​រាជរដ្ឋាភិបាល ការអភិវឌ្ឍ​មូលធន​មនុ​ស្សគឺ ជា​កត្តា​គន្លឹះ​សម្រាប់​អភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​ប្រសិទ្ធភាព​។ ចក្ខុវិស័យ​នេះ​មិន​គ្រាន់តែ​ជាការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​បញ្ហា​អាជីព​ក្នុងពេល​បច្ចុប្បន្ន រយៈពេល​ខ្លី ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ចក្ខុវិស័យ​វែងឆ្ងាយ​សម្រាប់​ការអភិវឌ្ឍ​រយៈពេល​វែង និង​ជាការ​វិនិយោគ​ទៅលើ​ការពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ជាតិ​នាពេល​អនាគត ដែលជា​យុគសម័យ​សេរី​សេរីភាវូបនីយកម្ម​និង​ការប្រកួតប្រជែង​ខាង​សេដ្ឋកិច្ច​ផ្អែកលើ​ចំណេះដឹង និង​ព័ត៌មានវិទ្យា​។ អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ការកើនឡើង​នៃ​តម្រូវ​ការចាំបាច់​ផ្នែក​ធនធានមនុស្ស​សម្រាប់​បម្រើការ​អភិវឌ្ឍ​រីកចម្រើន នៃ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា​បាន​នឹង​កំពុង​បណ្តុះបណ្តាល​មន្ត្រី​បុគ្គលិក​និង​និស្សិត ដើម្បី​ពង្រឹងសមត្ថភាព​ការងារ និង​ឯកទេសកម្ម​វិជ្ជាជីវៈ ឱ្យ​កាន់​តែមាន​ប្រសិទ្ធិ​ក្នុង​វិស័យ​ធនាគារ​។

​លោក​ទេសាភិបាល ក៏បាន​ញ្ជា​ក់ថា ៖«​ធនាគារជាតិ​នៃ​កម្ពុជា​បានរៀបចំ​បណ្តុះបណ្តាល ផ្ទៃក្នុង​នូវ​ជំនាញ​សំខាន់ៗ​ដូចជា​ភាពជា​អ្នកដឹកនាំ ការវិភាគ​ហិរញ្ញវត្ថុ និង​ការសិក្សា​ជំនាញ​ត្រួតពិនិត្យ​ធនាគារ​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការធ្វើ​ឯកទេសកម្ម​លើ​ជំនាញ​គណនេយ្យ សញ្ញាបត្រ ACCA និង​ជំនាញ​វិភាគ​ហិរញ្ញវត្ថុ សញ្ញាបត្រ CFA ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ស្នូល​នៅតាម​នាយកដ្ឋាន​ជំនាញ​។ ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​បញ្ជូន​មន្ត្រី​បុគ្គលិក​ទៅ​សិក្សា​នៅ​បរទេស​ពិសេស​ប្រទេស​អភិវឌ្ឍន៍​ធំៗ ដើម្បី​នាំមក​វិញ​នូវ​ចំណេះដឹង​និង​សមត្ថភាព​ថ្មីៗ សម្រាប់​ពង្រឹង​ប្រសិទ្ធភាព​ការងារ​»៕ ល​