និស្សិត​វៀតណាម​ច្រើន​នាក់​វិលត្រឡប់​មក​ប្រទេស​របស់​ពួកគេ​វិញ​នៅពេលដែល​ចលាចល​នៅ​ហុងកុង​កើនឡើង​

362
ចែករម្លែក

​អគ្គ​កុងស៊ុល​វៀតណាម​ប្រចាំ​នៅ​ទីក្រុង​ហុងកុង​បាន​ជួយ​និស្សិត​វៀតណាម​៥ នាក់​ឱ្យ​វិលត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ នៅពេល​ដែល​អំពើ​ហិង្សា​បាន​រាលដាល​ដល់​សកល​​វិទ្យាល័យ​ជាច្រើន​នៅ​ក្រុង​ហុងកុង​នេះ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​VNA​របស់​វៀតណាម​បាន​រាយការណ៍​ថា​និស្សិត​វៀតណាម​ទាំង​នោះ​បាន​ជិះ​យន្តហោះ​ត្រឡប់​ប្រទេស​របស់​ពួក​គេ​វិញ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។​

​ក្រុមប្រឹក្សា​គ្រប់គ្រង​សកល​វិទ្យាល័យ​ចិន​ហុងកុង​នេះ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​បាន​ប្រកាស​បិទ​វគ្គ​សិក្សា​មុន​ពេល​កំណត់​បន្ទាប់​ពី​អ្នក​តវ៉ា​និង​ប៉ូលិស​បាន​ប៉ះទង្គិច​គ្នា​អស់​រយៈពេល​២​ថ្ងៃ​នៅក្នុង​បរិវេណ​សកល​វិទ្យាល័យ​នោះ​។ តាម​កម្មវិធីសិក្សា​ឆមាស​នេះ​ត្រូវ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា និង​វគ្គ​សិស្សា​បន្ទាប់​ចាប់ផ្តើម​នៅ​ថ្ងៃទី​៦ ខែ​មករា​ឆ្នាំ ២០២០ ។​

​សារព័ត៌មាន​Reuters បាន​រាយការណ៍​ថា​ក្រុមអ្នកតវ៉ា​បាន​បាញ់​ព្រួញ​និង​ចោល​គ្រាប់បែក​ដប​សាំង​ទៅ​លើ​ប៉ូលិស ខណៈ​ដែល​អំពើ​ហិង្សា​ជាថ្មី​បាន​កើតឡើង​នៅ​សកល​វិទ្យាល័យ​​ជាច្រើន​នៅ​ទីក្រុង​ហុងកុង​។​

​និស្សិត​បរទេស​ប្រហែល​១៨០.០០០​នាក់ រៀន​នៅ​សកល​វិទ្យាល័យ​នានា​ក្នុង​ទីក្រុង​ហុងកុង ក្នុងនោះ​មាន​និស្សិត​វៀតណាម​ប្រហែល​៥០​នាក់​។​

​ក្រុមនិស្សិត​ដែល​បាន​ចាកចេញ​ពី​ហុងកុង​មុនគេ​ទំនង​ជា​និស្សិត​មកពី​ចិនដីគោក​ពីព្រោះ​ពួកគេ​ជា​មុខសញ្ញា​របស់​ពួក​អ្នក​ប្រឆាំង​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដែល​ប្រឆាំង​​រដ្ឋាភិបាល​ហុងកុង​និង​ចិន​ប៉េកាំង​៕​ដោយ​៖​សុខា​/sn

ក្រុមអ្នកតវ៉ា​ប្រតិកម្ម​បន្ទាប់ពី​ប៉ូលិស​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​នៅ​សកល​វិទ្យាល័យ​ចិន​ក្រុង​ហុងកុង​នេះ កាលពី​ថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០១៩