និស្សិត​អេ​ហ្ស៊ី​ប​មួយក្រុម ផលិត​បានកូន​ឡាន​ប្រណាំង​ដើរ​ដោយ​ថាមពលខ្យល់​

1271

​និស្សិត​អេ​ហ្ស៊ី​ប​មួយក្រុម​បាន​បង្កើតកូន​ឡាន​ប្រណាំង​មួយគ្រឿង ដែល​រចនា​ឡើង​ដើម្បី​ទប់ទល់​នឹង​ការឡើង​ថ្លៃ​ថាមពល​និង​លើកកម្ពស់​ថាមពល​ស្អាត ដោយ​ដំណើរការ​លើ​ថាមពលខ្យល់​សុទ្ធសាធ​។​

​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ទាំងនេះ​បាន​បង្កើតកូន​រថយន្ត​កែច្នៃ​នេះ​ឡើង​សម្រាប់​ជា​ផ្នែក​មួយ​នៃ​គម្រោង​បញ្ចប់​ការសិក្សា​របស់​ពួកគេ​។​

​យោងតាម​ក្រុម​អ្នក​ច្នៃប្រឌិត​នេះ​បានឱ្យដឹងថា កូន​ឡាន​នេះ​អាច​បើកបរ​ក្នុង​ល្បឿន ៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង អាច​រត់​បាន ៣០ គីឡូម៉ែត្រ មុនពេល​វា​ត្រូវ​ការចាក់​បំពេញ​អុកស៊ីសែន​បន្ថែម​។​

​ទោះបីជា​យ៉ាងណាក៏ដោយ និស្សិត​ទាំងនេះ​ជឿជាក់ថា​ពួកគេ​នឹង​អាច​ផលិត​រថយន្ត​គំរូ​អាច​បើក​ក្នុង​ល្បឿន ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​អាច​រត់​បាន​ចម្ងាយ ១០០ គីឡូម៉ែត្រ​។​

​កូន​រថយន្ត​កែច្នៃ​នេះ​ត្រូវ​ចំណាយ​ផលិត​អស់​ត្រឹម ១០០០ ដុល្លារ​ប៉ុណ្ណោះ​។​

​ក្រុមនិស្សិត​ទាំងនេះ​គឺ​មកពី​សាកលវិទ្យាល័យ Helwan University នៅក្រៅ​រដ្ឋធានី​គែរ​។

​និស្សិត​ឈ្មោះ ម៉ា​មូ​ដ យ៉ា​ស​ស័​រ ដែល​ជួយ​ចេញ​ម៉ូត​ឡាន​នេះ បាន​និយាយថា “​ការចំណាយ​ប្រតិបត្តិការ​របស់​រថយន្ត​នេះ​…​គឺ​ស្ទើរតែ​គ្មាន​តែម្តង​។ ជាទូទៅ អ្នក​គ្រាន់តែ​ត្រូវការ​ខ្យល់​ក្នុង​បំពង់​តែប៉ុណ្ណោះ​។ អ្នក​មិនចាំបាច់​ចំណាយលុយ​ចាក់​សាំង ហើយក៏​មិនចាំបាច់​ត្រូវការ​ប្រព័ន្ធ​ធ្វើឱ្យ​ត្រជាក់​ម៉ាស៊ីន​ដែរ​”​។

​ក្រុមនិស្សិត​នេះ​ឥឡូវ​កំពុង​រៃអង្គាស​លុយ​ដើម្បី​ពង្រីក​គម្រោង និង ផលិត​រថយន្ត​នេះ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តែម្តង​៕ ដោយ៖ កញ្ញាដាលីស

កូន​ឡាន​ប្រណាំង​នេះ​អាច​រត់​ក្នុង​ល្បឿន ៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង