និស្សិត ៤០​នាក់​មកពី​៣​ប្រទេស​ស្វែងយល់​អំពី​ការអភិរក្ស​និង​វប្បធម៌​ខ្មែរ​

828
ចែករម្លែក

(​ភ្នំពេញ​)៖​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បានទទួល​និស្សិត​ប្រមាណ​៤០​នាក់​មកពី​ប្រទេស​ឡាវ​វៀតណាម​និង​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​​វិស្សមកាល​រដូវក្តៅ​នៃ​និស្សិត​ដែល​ចេះ​និយាយ​ភាសា​បារាំង​ប្រចាំឆ្នាំ​២០១៧​ដែលជា​គំរោង​គាំទ្រ​ដោយ​ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​ដែល​ប្រើប្រាស់​ភាសា​បារាំង​(AUF)​។​

​នេះ​ជា​លើក​ទី​២​ហើយ​ដែល​វិស្សមកាល​រដូវក្តៅ​រៀបចំឡើង​នៅ​ប្រទេស​កម្ពុជា​បន្ទាប់ពី​បានរៀបចំ​លើក​ទី​១​ដោយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​នា​ឆ្នាំ​២០១៦​កន្លងទៅ​។​

​ឆ្នាំនេះ​គឺ​ការជួបជុំ​រវាង​និស្សិត​ធ្វើឡើង​ជុំវិញ​ប្រធានបទ​វប្បធម៌​និង​ការអភិរក្ស​។ កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​៦​ថ្ងៃ​នៅក្នុង​រាជ​ធានី​ភ្នំពេញ ខេត្តកំពង់ធំ និង​កំពង់ស្ពឺ​។​សកម្មភាព​ជាច្រើន​បានគ្រោង​ទុកជាមុន​សំរាប់​កម្មវិធី​នេះ​ក្នុងនោះ​មានដូចជា​ទស្សន​​កិច្ច​បរិវេណ​និង​ផ្នែក​ផ្សេងៗ​នៅក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​សន្និសីទ សិក្ខាសាលា ការងារ​ជា​ក្រុម​និង​ការ​ទស្សនា​ព្រះ​បុ​រម​​រាជវាំង សកម្មភាព​នៅក្នុង​ការ​ដ្ឋា​ន​និង​រោង​ជាង​ជួសជុល​វត្ថុ​សិល្បៈ​បុរាណ​ជាដើម​។​ល​។​សកម្មភាព​ទាំងឡាយ​ស្ថិតនៅ​ជុំវិញ​ប្រធានបទ​​វប្បធម៌​និង​ការអភិរក្ស​វប្បធម៌​។​

​សិក្ខាសាលា​មួយ​ស្តីអំពី​ប្រវត្តិ​និង​ការថែរក្សា​អភិរក្ស​តំបន់​ប្រាសាទព្រៃគុក​ដែល​ទើបតែ​ចុះបញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ​ក៏ត្រូវ​បានរៀបចំ​ផងដែរ​ជាមួយនិង​ទស្សនកិច្ច​សិក្សា​បន្ទាប់ពី​សិក្ខាសាលា​នេះ​។​
​ ​
​គំរោង​នេះ​ផ្តល់​ដល់​និស្សិត​មិន​ត្រឹមតែ​បង្ហាញ​ឱ្យ ឃើញ​នូវ​ភាពសំបូរ​បែប​នៃ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់នូវ​ការផ្លាស់ប្តូរ​ចំណេះដឹង​ចំណេះធ្វើ​និង​ជាពិសេស​បង្កើត​ទំនាក់ទំនង​រវាង​និស្សិត​និង​និស្សិត​នៅក្នុង​តំបន់​អាស៊ី​ប៉ាស​ហ្វិ​ក​ជុំវិញ​ការប្រើប្រាស់​ភាសា​បារាំង​ដែលជា​ភាសា​នៃ​ការចែករំលែក​៕​ដោយៈ​សុផល​/sn