និ​យោ​ជិ​ក​ធនាគារ​មេ​យ​ប៊ែ​ង ប្រមាណ​ជាង ២​ម៉ឺន​នាក់ ចូលរួម​ក្នុង​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​

672
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: និ​យោ​ជិ​ករ​បស់ ធនាគារ មេ​យ​ប៊ែ​ង ប្រមាណ​ជាង ២​ម៉ឺន​នាក់​ទូទាំង​ពិភពលោក បាន​ប្រារព្ធ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម របស់​ធនាគារ មេ​យ​ប៊ែ​ង លើក​ទី​៩ ដែលជា​កម្មវិធី​មួយ ដែល​ពួកគេ​នឹងចូលរួម​ដោយផ្ទាល់​ជាមួយនឹង​សហគមន៍ ដើម្បី​បន្ត​ការខិតខំ​ប្រឹងប្រែង ក្នុង​ការជួយ​ជ្រុម​ជ្រែង​ដល់​ការលើកកម្ពស់​ជីវភាព​សហគមន៍ និង​ការ​គាំពារ​បរិស្ថាន​តាមរយៈ​ការផ្តួចផ្តើម​នានា ដែល​ប្រកបដោយ​ចីរភាព​នៅតាម​តំបន់​នានា​ដែល​ធនាគារ មេ​យ​ប៊ែ​ង មាន​វត្តមាន​។​

ធនាគារ​មេ​យ​ប៊ែ​ង​នៅ​កម្ពុជា​បាន​ប្រារព្ធ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម កាលពី​រសៀល​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ ជាមួយ​កុមារ​នៅ​អង្គការ​លើកស្ទួយ​ប្រជាពលរដ្ឋ ស្ថិតនៅ​អតីត​តំបន់​ចាក់សម្រាម​ស្ទឹងមានជ័យ (​រូប​: សុផល​)

​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ធនាគារ មេ​យ​ប៊ែ​ង ដែល​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ “​ការយកចិត្តទុកដាក់​របស់​ធនាគារ មេ​យ​ប៊ែ​ង – ការ​គាំពារ​សហគមន៍ ផ្សាភ្ជាប់ និង​លើកកម្ពស់​សហគមន៍​” នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ស្ម័គ្រចិត្ត​របស់​និ​យោ​ជិ​ក​នៃ​សម្ព័ន្ធ​ធនាគារ ដែល​ត្រូវបាន​អនុវត្ត​នៅ​គ្រប់​ទីតាំង​នៃ​បណ្តា​ប្រទេស​ជាច្រើន ដែល​ខ្លួន​មាន​វត្តមាន​។ កម្មវិធី​នេះ​គឺជា​កម្មវិធី​មួយ ដែល​ត្រូវបាន​ជឿជាក់ថា​ជា​កម្មវិធី​សហគមន៍​តែមួយគត់ ដែល​ធំជាងគេ​ហើយ​ត្រូវបាន​ប្រារ​ព្ឋ​ឡើង​ព្រមៗ​គ្នា​ជាស​កល នៅក្នុងពេល​តែមួយ ដោយ​បណ្តាញ​នៃ​សម្ព័ន្ធ​ធនាគារ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​។ នៅក្នុង​ថ្ងៃនេះ និ​យោ​ជិ​ក​របស់​ធនាគារ មេ​យ​ប៊ែ​ង ទាំងអស់ បានបង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​នៃ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម ដែល​តែងតែ​ប្រារ​ព្ឋ​ឡើងជា​រៀងរាល់ឆ្នាំ​សម្រាប់​ជួយ​ដល់​សហគមន៍​នៅ​គ្រប់​ទីតាំង ដែល​ធនាគារ​មាន​វត្តមាន​។​

​ដោយឡែក​សម្រាប់​ធនាគា​រ​មេ​យ​ប៊ែ​ង​នៅ​កម្ពុជា បាន​ប្រារ​ព្ឋ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម កាលពី​រសៀល​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ ជាមួយ​កុមារ​នៅ​អង្គការ​លើកស្ទួយ​ប្រជាពលរដ្ឋ​(PIO) ស្ថិតនៅ​អតីត​តំបន់​ចាក់សម្រាម​ស្ទឹងមានជ័យ ដែលជា​អង្គការ​មួយ​ដែល​ធនាគារ មេ​យ​ប៊ែ​ង បានធ្វើ​កិច្ចសហការ ដើម្បី​ជួយឧបត្ថម្ភ​ដល់​កុមារ​តាមរយៈ​កម្មវិធី​ឧបត្ថម្ភ សិស្សានុសិស្ស​ប្រចាំខែ របស់​ធនាគារ មេ​យ​ប៊ែ​ង ដែលមាន​ជីវភាព​ខ្វះខាត ឲ្យ​ទទួលបាន​ឱកាស​អប់​រំជា​ផ្លូវការ​។​

​លោកស្រី NORA MANAF នាយិកា​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស​នៃ​សម្ព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង បាន​មានប្រសាសន៍ថា កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ធនាគារ មេ​យ​ប៊ែ​ង​នេះ គឺជា​កម្មវិធី​ដ៏​ឱឡារិក​មួយ ដែល​អាច​ឲ្យ​និ​យោ​ជិ​ក​របស់​ធនាគារ​យើងទាំងអស់គ្នា បាន​ចូលរួម​ជ្រុម​ជ្រែង​ក្នុង​បេសកកម្ម​របស់​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ដែល​ប្រកបដោយ​អា​រិ​យ្យ​ភាព តាមរយៈ​ការចូលរួម​សកម្មភាព​ផ្សេងៗ​ដើម្បី​ជា​កម្លាំង​ពង្រឹង​ដល់​ទំនាក់ទំនង​រវាង​ធនាគារ​និង​សហគមន៍​។​

​លោកស្រី​ក៏បាន​បន្ថែម​ផងដែរ​ថា​៖ “​ក្នុងនាម​យើង​ជា​សម្ព័ន្ធ​ធនាគារ​ដ៏​ធំ​មួយ​នៅក្នុង​តំបន់​នោះ ធនាគារ មេ​យ​ប៊ែ​ង បាន​យល់​យ៉ាងច្បាស់​អំពី​ទំនួល​ខុសត្រូវ​របស់ខ្លួន​ក្នុងការ​ជ្រុម​ជ្រែង និង​ជួយ​ដល់​សហគមន៍ ដែល​ពួកយើង​កំពុង​ធ្វើ​ប្រតិបត្តិការ ឲ្យ​ទទួលបាន​ភាពល្អប្រសើ​ឡើង​។ កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ធនាគារ មេ​យ​ប៊ែ​ង​នេះ គឺជា​កម្មវិធី​មួយ​ដែល​អាច​ឲ្យ​ពួកយើង​ធ្វើការ​រួបរួមគ្នា​ជាមួយនឹង​និ​យោ​ជិ​ក ដៃគូ​សហការ​របស់​យើង​ដើម្បី​ចូលរួមចំណែក​ក្នុងការ​រីកចម្រើន​ជាមួយគ្នា​”​។​

​លោកស្រី Nora Manaf បាន​បន្ត​ផងដែរ​ថា​៖ “​គោលបំណង​ចម្បង​របស់​យើង គឺ​ធ្វើយ៉ាងណា​ធ្វើ​ឲ្យ​ពិភពលោក ដែល​យើង​កំពុង​ធ្វើ​ប្រតិ​ប​ត្កិ​ការ​អាជីវកម្ម ឲ្យ​មាន​ភាព​រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ជាច្រើន ដែល​បាន​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​សហគមន៍ ក្នុង​រយៈពេល​ដ៏​វែង ដែល​ធ្វើឡើង​ដោយ​មូលនិធិ​ធនាគារ មេ​យ​ប៊ែ​ង ក៏ដូចជា​ស្មារតី​ស្ម័គ្រចិត្ត​របស់​និ​យោ​ជិ​ក​របស់​យើង​ផងដែរ​។ តាមរយៈ​កម្មវិធី​ទាំងនេះ យើង​អាច​ធានាបាន​ថា យើងទាំងអស់គ្នា​នឹង​អាចឈាន​ទៅរក​ភាពជោគជ័យ​ជាមួយគ្នា​នៅពេល​អនាគត​”​។​

​លោកស្រី​បាន​បន្ថែម​ផងដែរ​ថា​៖​ទិវា​ទំនួល​ខុសត្រូវ​សង្គម​សម្រាប់​ឆ្នាំនេះ​គឺជា​ការបោះ​ជំហាន​ថ្មី​មួយ​នៃ​សម្ព័ន្ធ​ធនាគារ​មេ​យ​ប៊ែ​ង ដែល​យើង​បានធ្វើ​បន្តបន្ទាប់​គ្នា​ក្នុង​រយៈពេល ៨​ឆ្នាំ​កន្លងមកនេះ ដែល​និ​យោ​ជិ​ក​ទាំងអស់​របស់​យើង បាន​រួបរួមគ្នា​ក្នុង​ថ្ងៃ​តែមួយ ដើម្បី​កិច្ចការងារ​ប្រយោជន៍​សង្គម និង​បរិស្ថាន​ដែល​ប្រកបដោយ​ចីរភាព​។ នៅក្នុង​ប្រទេស​កម្ពុជា មាន​និ​យោ​ជិ​ក​របស់​ធនាគារ មេ​យ​ប៊ែ​ង ជាង​៣០០​នាក់ ដែល​បាន​ចូលរួម​ក្នុងការ​ប្រារព្ធ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម ដែល​ស្ថិតនៅក្រោម​ប្រធានបទ​៖ ការផ្តល់​ចំណេះ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ធនាគារ មេ​យ​ប៊ែ​ង នៅ​ទីតាំង​៥​កន្លែង​ខុសគ្នា​ទូទាំងប្រទេស ដែលមាន​ទិសដៅ​ចម្បង​ក្នុងការ​លើកកម្ពស់ ដល់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ចូលរួមចំណែក​ជួយ​និង​លើកស្ទួយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជាង​១០០០​នាក់ និង​បន្ត​រួមចំណែក​កសាង​សង្គម​បរិ​យា​ប័ណ្ណ​ហិរញ្ញវត្ថុ​។​

​លោក DATO’ MOHD HANIF SUADI នាយក​ប្រតិបត្តិ​នៃ​ធនាគារ មេ​យ​ប៊ែ​ង បាន​លើកឡើងថា កម្មវិធី​នេះ នឹង​រួមចំណែក ក្នុងការ​ជំរុញ​ឲ្យ​មានការ​យល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ហើយ​អាចជួយ​ឲ្យ​ពួកគេ​យល់ដឹង​កាន់តែច្បាស់​ពី​សារៈសំខាន់​ក្នុង​ការរៀបចំ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន និង​រៀបចំខ្លួន​ដើម្បី​ត្រៀម​ប្រឈម​ទៅនឹង​ពិភព​ហិរញ្ញវត្ថុ​នៅពេលដែល​ពួកគេ​ពេញវ័យ​។​
​លោក បាន​បន្ថែមទៀតថា​៖ “​កម្មវិធី​នេះ នឹង​នាំមក​នូវ​សកម្មភាព​ជាច្រើន ដែល​រួមមាន​ការបង្រៀន​ថា្នក់​ហិរញ្ញវត្ថុ ប្រវត្តិ​នៃ​រូបិយវត្ថុ​រៀល កម្មវិធី​កំសាន្ត និង​ការឆ្លើយ​សំនួរ​ខ្លីៗ ហ្គេម​កំសាន្ត និង​ការប្រកួតប្រជែង​ដ៏​រីករាយ​ជាច្រើន​អំពី​ហិរញ្ញវត្ថុ​។ យើង រំពឹងទុក​ថា កម្មវិធី​ទាំងនេះ នឹង​ផ្តល់នូវ​បទពិសោធន៍ និង​ចំណេះដឹង​ដល់ និ​យោ​ជិ​ក​របស់​ធនាគារ មេ​យ​ប៊ែ​ង សិស្សានុសិស្ស និង​សហគមន៍​ទាំងមូល​”​។​

​នៅ​ឆ្នាំនេះ ការផ្តួចផ្តើម​លើ​ទំនួល​ខុសត្រូវ​សង្គម​ចំនួន ៩៥ ត្រូវបាន​បង្កើត និង​អនុវត្ត​ដោយ​និ​យោ​ជិ​ក​ទូទាំង​សម្ព័ន្ធ​ធនាគារ​។ ការងារ​នេះ រួមបញ្ចូល​ទាំង​គម្រោង​សម្រាប់​សហគមន៍​ជាច្រើន​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​ជាពិសេស​ទៅនឹង​កុមារ ដែល​ខ្សោយ​ចក្ខុវិញ្ញាណ មនុស្ស​ចាស់ជរា ជនពិការ ស្ត្រី​មេម៉ាយ និង​កុមារកំព្រា ក៏ដូចជា​ការ​គាំពារ​ដល់​បរិស្ថាន​ទាំងមូល​ផងដែរ​។​

​នៅក្នុង​ព្រឹត្តិការណ៍​នៃ​ទិវា​ទំនួល​ខុសត្រូវ​សង្គម​របស់ ធនាគារ មេ​យ​ប៊ែ​ង នៅក្នុង​ឆ្នាំ ២០១៨ នេះដែរ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ មេ​យ​ប៊ែ​ង លោកស្រី DATUK MOHAIYANI SHAMSUDIN បាន​បង្កើត​យុទ្ធនាការ​ក្នុងការ​ស្វែងយល់​ពី​ជម្ងឺ​កម្សោយ​សាច់ដុំ ដែលជា​ប្រភេទ​ជម្ងឺ​ដ៏​កម្រ​មួយ តាមរយៈ​ការរៀបចំ​ឲ្យ​មានការ​ប្រកួតប្រជែង​សិល្បៈ ផ្នែក​គំនូ ដែល​ការប្រកួត​នេះ ត្រូវបាន​ចូលរួម​ដោយ​អ្នក​ជម្ងឺ​កម្សោយ​សាច់ដុំ និង​ក្រុមគ្រួសារ​របស់​ពួកគេ ហើយ​កម្មវិធី​នេះ​ត្រូវ បានរៀបចំ​ឡើង​ដោយ​ការសហការ​ជាមួយនឹង​អង្គការ វី​ឃ៊ែ​រ (WeCare) ដែលជា​អង្គការ​មួយ​ត្រូវបាន​បង្កើត​ដើម្បី​ជួយ​គាំពារ ដល់​អ្នក​ដែលមាន​ជម្ងឺ​ប្រភេទ​ដ៏​កម្រ​នេះ​។​ប្រធាន និង​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង លោក DATUK ABDUL FARID ALIAS​ក៏បាន​ចូលរួម​ជាមួយ​និ​យោ​ជិ​កនៅ​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ប្រារព្ធ​កម្មវិធី​នេះ តាមរយៈ​ការចែករំលែក​ពី​វិធីសាស្ត្រ​នៃ​ការអត់ធ្មត់​ដល់​កុមារ​នៅ​តំបន់​សា​ការៈបូជា​។ ព្រឹត្តិការណ៍​នេះ ត្រូវបាន​រៀ​ចំ​ឡើង​នៅ​តំបន់ MASJID RAYA ទីក្រុង MEDAN នៃ​ប្រទេស​ឥណ្ឌូនេស៊ី ដោយ​មានការ​ផ្តល់ជំនួយ​ឧបត្ថម្ភ​ជូន​ដល់​សហគមន៍​ដែលមាន​ជីវភាព​ខ្វះខាត និង​ចូលរួមចំណែក​ដល់​ការសំអាត​បរិស្ថាន​នៅក្នុង​សហគមន៍​នោះ​ផងដែរ​។​និ​យោ​ជិ​ក​របស់​ធនាគារ​មេ​យ​ប៊ែ​ង នៅ​ប្រទេស​សិង្ហ​បុរី​ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​មួយ​នេះ តាមរយៈ​ការផ្តល់ជូន​ជំនាញ​ផ្សេងៗ​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ ក៏ដូចជា​ជំនាញ​ដុត​នំប៉័ង ឬ​ការកែលម្អរ​ជីវភាព​រស់នៅ​ជូន​ដល់​សហគមន៍​ដែលមាន​ជីវភាព​ខ្វះខាត ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​កែលម្អ​លំនៅដ្ឋាន​។​

​នៅតាម​កន្លែង​ផ្សេងៗ​ទៀត​ជុំវិញ​ពិភពលោក និ​យោ​ជិ​ក​របស់​ធនាគារ​មេ​យ​ប៊ែ​ង ដែល​ស្ថិតនៅក្នុង​តំបន់​ទាំងនោះ រួមមាន​ទីក្រុង​ឡុង​ដ៏ រហូត​ទៅដល់​តំបន់ LABUAN បាន​ចូលរួម​យ៉ាង​ពេញទំហឹង ក្នុងការ​ផ្តួចផ្តើម​នានា ដែល​រួមមាន កម្មវិធី​ផ្តល់​ការយល់ដឹង​អំពី​បរិស្ថាន ការបង្រៀន​កុមារ និង​ការចែករំលែក​ពី​បំ​និ​ន​ជីវិត ការធ្វើផែនការ​ហិរញ្ញវត្ថុ ការ​ចំណាយពេល​ជាមួយនឹង​ក្រុមមនុស្ស​ចាស់ជរា និង​ក្មេង​កំព្រា និង​ការ​ជម្រុញ​លើកទឹកចិត្ត​ដល់​ជនពិការ និង​ជន​ដែល​បាត់បង់​ឱកាស​។​ល​។​

​ទិវា​ទំនួល​ខុសត្រូវ​សង្គម​ជាស​កល ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​លើកដំបូង​នៅក្នុង​ឆ្នាំ ២០១០ ដោយ​ភ្ជាប់​ជាមួយ​ខួប​លើក​ទី​៥០​របស់​ធនាគារ មេ​យ​ប៊ែ​ង​។ និ​យោ​ជិ​ក​ប្រមាណ​ជាង​១០,០០០​នាក់ បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។ កំណើន​ជា​លំដាប់ នៃ​អ្នក​ចូលរួមបាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ស្មារតី​ការងារ​ជា​ក្រុម​ជា​ធ្លុង​មួយ​របស់​និ​យោ​ជិ​ក​ធនាគារ​មេ​យ​ប៊ែ​ង ដែល​បានធ្វើការ​ស្ម័គ្រចិត្ត​ក្នុង​កម្មវិធី​ដ៏​វិសេស​មួយ​នេះ​៕ ល​