នីតិ​, នីតិប្បញ្ញត្តិ​, នីតិបុគ្គល​, នីតិសម្បទា​, នាមប្បញ្ញត្តិ​, ទសវត្សរ៍​, ទួរណឺវិស​, បញ្ចៀស​, បញ្ជោរ​

330
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​នីតិ នី​-​តិ បា​. សំ​. ( ន​. ) ច្បាប់​; ឧបាយ​ជា​គ្រឿង​ណែនាំ​; បែបផែន​; ទំនឹមទំនៀម​, ប្រពៃណី ។ នីតិកម្ម (–​កាំ​) ការធ្វើ​ច្បាប់​, សិទ្ធិ​តែង​ច្បាប់​, អង្គច្បាប់ សម្រាប់​រដ្ឋ​នីមួយៗ ។ នីតិកាល កាល របស់​នីតិ​, រយៈកាល​របស់​សភា​អ្នក​តែងតាំង​ច្បាប់ : នីតិកាល​នៃ​សភា​ទាំងពីរ មានកំណត់​តែ ត្រឹម ៤ ឆ្នាំ ។ នីតិកោសល (–​សល់​) អ្នក​ឈ្លាស​ក្នុង​ច្បាប់​, ដែល​វាងវៃ​ខាងច្បាប់ ។ នីតិក្រម លំដាប់​នៃ​ច្បាប់​; ទម្រង់ការ​របស់​ច្បាប់ គឺ​របៀប​ដែល​ចៅក្រម​ត្រូវធ្វើ​ក្នុងការ​អង្កេត​ពិនិត្យ សាកសួរ​ពីបទ​ល្មើស​ផ្សេងៗ ។

​នីតិប្បញ្ញត្តិ (–​តិ​ប​-​បាញ់​-​ញ៉ា​ត់​) បញ្ញត្តិ​របស់​ច្បាប់​, ការតែងតាំង​ច្បាប់​, ការបង្គាប់​ឲ្យ​ធ្វើតាម​ច្បាប់ : នីតិប្បញ្ញត្តិ​ជា​ភារៈ​របស់​សភា ។

​នីតិបុគ្គល ( ន​. ) អ្នក​រៀបរៀង​ច្បាប់​, អ្នក​តែងតាំង​ច្បាប់ ។ នីតិប្រតិបត្តិ (–​ប្រៈតិ​បាត់​) ការ​ប្រតិ ប​ត្តិ​តាមច្បាប់​, សេចក្ដី​គោរព​ច្បាប់ ។

​នីតិសម្បទា (—​សាំ​-​ប៉ៈ​–) ការ​ដល់​ព្រម​, សមប្រកប​, បរិបូណ៌​ដោយ​ច្បាប់​, ការ​មាន​សិទ្ធិ​គ្រប់ គ្រាន់​តាមផ្លូវ​ច្បាប់ ។ នីតិសាស្ត្រ គម្ពីរ​ឬ​ក្បួនខ្នាត​ស្ដីពី​ច្បាប់ ។​ល​។

​នាមប្បញ្ញត្តិ នា​ម័​ប​-​ប័​ញ​-​ញ៉ា​ត់ បា​. ( ន​. ) ការកំណត់​ឈ្មោះ​, ការ​ឲ្យ​ឈ្មោះ ។ ខ្មែរ​ក្នុង សម័យបុរាណ ច្រើនតែ​ជ្រើសរើស​ឈ្មោះ​តាម​បង្គាប់​ក្នុង​ក្បួន​មហាទក្សា​, ឯ​តាម​ការណ៍​ពិត​, ឈ្មោះ​នោះ​ឥតមាន​គុណ​ទោស​ឬ​សុខទុក្ខ​ល្អ​អាក្រក់​អ្វី​ទេ គឺ​តាមតែ​ឲ្យ​ឈ្មោះថា​អ្វី​ក៏បាន​, ដូចជា​ឈ្មោះ ក​, កើត​, កែវ​, គង់​, គាំ​, ចម្រុង​, ចម្រើន​, ចាប​, ព្រាប​, នៅ​, រស់​, សុខ ជាដើម ពុំមែន​សុទ្ធតែ​ពិត​ដូច​ឈ្មោះ​ទាំង​នោះទេ ប៉ុន្តែ​ទោះបី​ពុំ​ពិត​ដូច្នោះ​ក៏ដោយ​មនុស្ស​ក្នុង​សកល លោក ក៏​ច្រើនតែ​ជ្រើសរើស​យកឈ្មោះ​ល្បីៗ​ឬ​ពីរោះៗ​មក​ប្រើ​ដែរ ពីព្រោះ​ចង់​ឲ្យ​កូនចៅ​បាន សមប្រកប​ដូច​ឈ្មោះ​នោះៗ​, នេះ​គឺជា​ការចាំបាច់​របស់​ម​នុស្ស​ស្ទើរតែ​រាល់​រូប​ក្នុង​លោក នឹង​បដិសេធចោល​ក៏​ពុំ​កើត ។

​ទសវត្សរ៍ ទៈ សៈ វ័ត ឬ តាម​ទម្លាប់ ថា ទស់​-​សៈវ័ត សំ​.; បា​. ( ន​. ) (​ទ​ឝ + សំ​វត្សរ​, លុប សំ ចេញ​ជា វត្សរ (​អាទិលុប​) > ទ​ឝ​វត្សរ​; ទស + សំវ​ច្ឆ​រ​) កំលុង​ដប់ឆ្នាំ : មួយ​ទសវត្សរ៍ ។ ដប់​ទសវត្សរ៍ (​កំលុង​មួយរយ​ឆ្នាំ​ហៅថា មួយ​សតវត្សរ៍​), ដប់​សតវត្សរ៍ ជាមួយ​សហស្ស​វត្សរ៍ (​កំលុង​មួយ​ពាន់​ឆ្នាំ​), ដប់​សហស្ស​វត្សរ៍ ជាមួយ​ទស​សហស្ស​វត្សរ៍ (​កំលុង​មួយ​ម៉ឺន​ឆ្នាំ​) ។​ល​។

​ទួរណឺវិស បារ​. ( ន​. ) (Tournevis) ឈ្មោះ​គ្រឿង​ប្រដាប់​របស់​ជាង​មួយ​ប្រភេទ​ធ្វើ​ដោយ​ដែក ដែលមាន​គល់​ស៊ក​ទៅក្នុង​ដង​, ចុង​សំប៉ែត​សម្រាប់​មួល​រឹត​ខ្ចៅ​ផ្សេងៗ ។

​បញ្ចៀស ( កិ​. ) ធ្វើ​ឲ្យ​ចៀស​, បង្វែង​ឲ្យ​ចៀស​; ពោល​ពាក្យ​កៀសនាយកៀសអាយ​ឲ្យ ចៀស​មិន​ឲ្យ​ចំ ។ បញ្ចៀស​វាសវាង និយាយ​បញ្ចៀស​វាយ​បញ្ឆិត​ពង្វាង​មិន​ឲ្យ​ចំ ។​

​បញ្ជោរ ( កិ​. ) ធ្វើ​ឲ្យ​ជោរ​; និយាយ​លើកជើង​, លើកសរសើរ​ឲ្យ​ឡើងទឹកចិត្ត​ហាក់ដូចជា ទឹកជោរ ។ ឡើងបញ្ជោរ កិ​. ឬ គុ​. ដែល​ឡើងទឹកចិត្ត​ចេញ​អាការ​រីករាយ​ដោយសារ​គេ​បញ្ជោរ ។ ស៊ីបញ្ជោរ គុ​. ដែល​បានតែ​គេ​បញ្ជោរ​ទើប​គាប់ចិត្ត ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា​