ដោយ: រ៉ូហ្សា /
ភ្នំពេញ: អ្នកប្រដាល់កម្ពុជា ២ រូប បានបង្កើនពេលវេលាហ្វឹកហាត់ ដើម្បីស្វាគមន៍ អ្នកប្រដាល់ជើងខ្លាំងថៃ ២ រូប លើសង្វៀនខារ៉ាបាវ របស់អាស៊ីអាគ្នេយ៍ នៅរសៀលថ្ងៃទី២៣ មីនា នេះ ។
នី សុភី ក្លិបសាលវ័ន្ដកីឡា ដែលចូលចិត្តប្រើកែង និងជង្គង់ ផ្ដួលគូប្រកួតនោះ ត្រូវជួបជាមួយ អ្នកប្រដាល់ថៃ ភុង ស៊ីរិ (Phuong Siri) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៩ គីឡូក្រាម ។ អ្នកប្រដាល់ថៃរូបនេះ គេធ្លាប់មកប្រកួត នៅស្រុកខ្មែរ ២-៣ ដងដែរ ដោយមានឈ្នះ មានចាញ់ ជាធម្មតា ។
គេមកលើកនេះ បើតាមការអះអាង ពីលោក ថៃ អ៊ូ ដែលជាអ្នកដឹកនាំ អ្នកប្រដាល់ថៃ មកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះថា ភុង ស៊ីរិ លើកនេះ ខុសពីលើកមុន ។ គេទើបតែឈ្នះ ក្នុងការប្រកួត ដណ្ដើមខ្សែក្រវាត់ ៣ ស្ថាប័ន នៅឯប្រទេសថៃ ។ គេមានប្រវត្តិប្រកួត ចំនួន៧៥ដង ឈ្នះ៦៣ដង និងចាញ់ ១២ដង ។
ចំពោះ នី សុភី វិញ មួយរយៈនេះ គេពុំធ្លាប់ចាញ់ អ្នកប្រដាល់បរទេសនោះឡើយ ។ គេជាអ្នកប្រដាល់ ដែលមានសមត្ថភាពប្រើកែង និងជង្គង់ ព្រមទាំងកណ្ដាប់ដៃ ផ្ដួលគូប្រកួត ។ គេមានប្រវត្តិប្រកួត ចំនួន១៥៩ដង ឈ្នះ១២១ដង ចាញ់២៨ដង និងស្មើពិន្ទុ១០ដង ។
ជំនួបនេះ តើ នី សុភី អាចបង្កើនស្ថិតិឈ្នះ ក្នុងកំណត់ត្រារបស់ខ្លួន បានឬទេ ។ ចំពោះ ភុង ស៊ីរិ វិញ ដែលបាត់មុខយូរ អាចបង្ក្រាបអ្នកប្រដាល់កម្ពុជា រូបនេះ បានឬទេ ? ។
អ្នកប្រដាល់ជើងថ្មីកម្ពុជា ធន អៀងឡៃ សមាគមប្រដាល់ ក្រសួងការពារជាតិ ជួបជាមួយអ្នកប្រដាល់ថៃ ម៉ាធី (Mathy) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ។
អៀងឡៃ មួយរយៈនេះ គេមានការរីកចម្រើនខ្លាំង មិនតែប៉ុណ្ណោះ មានអ្នកប្រដាល់ជើងចាស់ មិនតិចនាក់ទេ ដែលត្រូវគេបង្ក្រាបបាន ។ អ្នកប្រដាល់រូបនេះ មានប្រវត្តិប្រកួត ចំនួន៥១ដង ឈ្នះ៤៧ដង ចាញ់៣ដង និងស្មើពិន្ទុ ១ ដង ។ គេអាចប្រើកែង ជង្គង់ កណ្ដាប់ដៃបានល្អ និងរហ័ស មិនតែប៉ុណ្ណោះ គេហ៊ានវ៉ៃប្ដូរកែង ជាមួយគូប្រកួត ដោយគ្មានចិត្តញញើត ជាមួយគូប្រកួតទៀតផង ។
ចំពោះ ម៉ា ធី វិញ គេទើបតែមកប្រកួត នៅស្រុកខ្មែរ ជាលើកដំបូងនេះទេ ។ មិនមាននរណាដឹងថា គេមានរបៀបវ៉ៃយ៉ាងណា និងមានសមត្ថភាពធំ ឬតូចនោះទេ ។ គេមានប្រវត្តិប្រកួត ចំនួន៥៦ដង ឈ្នះ៤៥ ដង ចាញ់១១ ដង។ ការប្រកួតនេះ នរណាជួបសំណាងល្អ ? ។
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះ តក់ សោភ័ណ្ឌ ក្លិបអេភូថងកីឡា ប្រកួតជាមួយ លីន សាហ៊ីម ក្លិបបូរីរាជសីហ៍មានរិទ្ធ ក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាម ។
ឡុង ណងសៅ ក្លិបសាលវ័ន្ដកីឡា ប្រកួតជាមួយ ប្រាក់ ស៊ីណាត ក្លិបតាឯកដំបងដែកមានរិទ្ធ ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ។ សឺន ថៃសាន្ដ ក្លិបតាព្រហ្មមានជ័យ ប្រកួតជាមួយ ម៉ន វ៉ាន្នី ក្លិប ការិយាល័យទី៥ កងទ័ពជើងគោក ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ៕v