នី សុ​ភី និង វង្ស វិឆ័យ មិន​ខ្វល់​ពី​រឿង​កៅអី វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

385
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​ជើងឯក អ្នក​ប្រយុទ្ធ​កំពូល​ថាមពល Champion លើស​ង្វៀន​អាស៊ីអាគ្នេយ៍ សម្រាប់​យប់​ថ្ងៃទី​២៤ វិច្ឆិកា នេះ អ្នក​ប្រដាល់​កម្ពុជា ២ រូប មាន​កៅអី​សម្រាប់​ឡើង ទៅ​អង្គុយ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ទោះបី​ការប្រកួត​ចុងក្រោយ​នេះ គេ​ចាញ់ ឬ ឈ្នះ ក៏ដោយ ។​

​សូមបញ្ជាក់ថា អ្នក​ប្រដាល់​កម្ពុជា ២ រូប គឺ ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស និង ឆៃ សា​រ៉ា សមាគម​ប្រដាល់ ក្រសួងការពារជាតិ ដែល​៤​ប្រកួត ឈ្នះ​បាន​មួយ​ប្រកួត និង​ចាញ់​៣​ប្រកួត​នោះ ខ្ទាត​ចេញពី​ការប្រកួត​ហើយ ។​

នី សុ​ភី និង ឈៀង ឆៃ​

​នី សុ​ភី ក្លិប​សាល​វ័​ន្ដ​កីឡា ដែល​៣​ប្រកួត​របស់គេ ឈ្នះ​២​ប្រកួត និង​ចាញ់​មួយ​ប្រកួត​នោះ ត្រូវ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ឈៀង ឆៃ ដែល​២​ប្រកួត​របស់គេ ឈ្នះ​បាន​មួយ​ប្រកួត និង​ចាញ់ ២ ប្រកួត ។ ឈៀង ឆៃ ប្រសិនបើ​គេ​ចាញ់ គឺ​ចប់ តែបើ​ឈ្នះ គេ​ត្រូវ​ផ្ទៀងផ្ទាត់​ពិន្ទុ ជាមួយ​ជនរួមជាតិ​របស់គេ ៣ រូប​ទៀត គឺ រ៉ុង ណា​ផា (Rong Napha) ផេ​ត អ៊ូ​ប៊ុន (Phat Oubun) ដែល​៤​ប្រកួត​របស់គេ ឈ្នះ​២​ប្រកួត និង ចាញ់ ២​ប្រកួត ។​

​សុ​ភី មាន​ប្រវត្តិ​ប្រកួត​ចំនួន ១៧០​ដង ឈ្នះ​១២៩​ដង ចាញ់​២៩​ដង និង​ស្មើ​ពិន្ទុ​១២​ដង គេ​ត្រូវ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ឈៀង ឆៃ (Chhieng Chhai) ដែល ៣ ប្រកួត​របស់គេ ឈ្នះ​បានតែ​មួយ​ប្រកួត និង​ចាញ់ ២ ប្រកួត​ឯណោះ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ទោះ​ឈ្នះ ឬ ចាញ់ ក៏​ហាលអាវ​ដែរ ។ សូមបញ្ជាក់ថា ឈៀង ឆៃ មាន​ប្រវត្តិ​ប្រកួត ចំនួន​៨១​ដង ឈ្នះ​៥៩​ដង និង​ស្មើ​ពិន្ទុ ២២​ដង ។​

វង្ស វិឆ័យ និង ឈូក ឆៃ​

​វង្ស វិឆ័យ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ​ប្រកួត​ចុងក្រោយ ជាមួយ​អ្នក​ប្រដាល់ ជង្គង់​ពិឃាត​ថៃ ឈូក ឆៃ (Chhuok Chhai) ដែល​ទើបតែ​យកឈ្នះ នី សុ​ភី ថ្មីៗ​នេះ​។​

​ឈូក ឆៃ ដែលមាន​ប្រវត្តិ​ប្រកួត ចំនួន​៩១​ដង ឈ្នះ​៦៧​ដង ចាញ់​២១​ដង ស្មើ​ពិន្ទុ​៣​ដងនោះ ៣​ប្រកួត​របស់គេ ឈ្នះ​បាន ២​ប្រកួត និង​ចាញ់ ១​ប្រកួត ។ ឱកាស​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ របស់​អ្នក​ប្រដាល់​រូបនេះ ស្រពិចស្រពិល​នៅឡើយ​ទេ ។​

​ចំពោះ​វិឆ័យ​វិញ នៅក្នុង​ព្រឹត្តិការណ៍​នេះ គេ​មិនទាន់​ស្គាល់​ចាញ់ នៅឡើយ​ទេ ដោយ​ការប្រកួត​របស់គេ ឈ្នះ​ទាំង ៣ ប្រកួត ហើយ​ការប្រកួត​ចុងក្រោយ​នេះ វិឆ័យ ក៏​អាច​យកឈ្នះ ឈូក ឆៃ បានដែរ ។ អ្នក​ប្រដាល់​កម្ពុជា រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៨​ដង ឈ្នះ​៥៣​ដង និង ចាញ់​៥​ដង ។ ប្រសិនបើ ឈូក ឆៃ ឈ្នះ គេ​នឹង​បាន​ឡើង វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ តែបើ​ចាញ់ នៅ​ផ្ទៀងផ្ទាត់​ជាមួយ ផេ​ត អ៊ូ​ប៊ុន និង រ៉ុង ណា​ផា ។​

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ សយ សុខ ក្លិប​ពន្លឺ​វិបុល ប្រកួត​ជាមួយ សុន ប៊ុន​សាន់ ក្លិប​នាគរាជ​ចតុមុខ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ខ្លា​ចាស់ ភុ​ន សោ​ភ័​ណ្ឌ ក្លិប​នាគរាជ​មានជ័យ ប្រកួត​ជាមួយ ឯម ដា​រ៉ូ ក្លិប​ថ្មគោល​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ សំ អាន ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ សោម ពិសិដ្ឋ ក្លិប​អេ​ភូ​ថង​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v