នី សុ​ភី និង វ៉ាន់ វឿន ជួប​ថៃ​ចំណូល​ថ្មី​

632
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: លើស​ង្វៀន Champion របស់​អាស៊ីអាគ្នេយ៍ យប់​ថ្ងៃទី​២៣ មិថុនា អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា នី សុ​ភី ក្លិប​សាល​វ័​ន្ដ​កីឡា នឹងត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ផា ខាវ (Pha Khav) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម ។​

​នេះ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ថៃ មួយរូប​ផ្សេងទៀត ដែល​ទើបតែ​លេច​មុខមក ។ ជាមួយនឹង​ការឡើង​មក​ប្រកួត ជា​លើកដំបូង​នេះ អ្នក​ប្រដាល់​ថៃ រូបនេះ បាន​កាន់​ពាន​មួយ ទំនងជា​ចង់​បង្អួត​សុ​ភី​ថា គេ​ក៏​ជា​អ្នកខ្លាំង​ដែរ ហើយ​មើលទៅ ។​

នី សុ​ភី និង ផា ខាវ​

​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មិនដឹងថា តើ​មាន​របៀប​វ៉ៃ​អស្ចារ្យ យ៉ាងណា​នោះទេ តែ​គេ​ក៏​ទំនងជា​មិន​ខ្សោយ​ឡើយ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៣​ដង ឈ្នះ​៦៥​ដង ចាញ់​១៧​ដង និង​ស្មើ​ពិន្ទុ​១ ដង ។ បើតាម​ការអះអាង​ពី លោក ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ​អ្នក​ប្រដាល់​បរទេស មក​ប្រកួត​នៅ សង្វៀន​អាស៊ីអាគ្នេយ៍​នោះ​ថា ផា ខាវ គេ​មានការ​ប្រកួត​ច្រើនណាស់ គេ​មិនសូវ​ទំនេរ​ទេ ។​

​ចំពោះ សុ​ភី វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​១៦៥​ដង ឈ្នះ​១២៥​ដង ចាញ់​២៨​ដង និង ស្មើ​ពិន្ទុ​១២​ដង ។ គេ​ជា​អ្នក​ប្រដាល់​ពូកែ​ជ​ង្ក​ង់ និង​កែង ពិសេស​គេ​មាន​សមត្ថភាព ក្នុងការ​រារាំង​គូប្រកួត មិន​ឲ្យ​ចូល​កៀក​ខ្លួន គេ​បាន​ទៀតផង ។ ការប្រកួត​មួយ​នេះ មិនដឹងថា សុ​ភី ឈ្នះ ឬ ផា ខាវ ឈ្នះ​នោះឡើយ ។​

​វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ ឡា ហ្វា​ន (La Farn) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​ទើបតែ​ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ជា​លើក​ទី​១ នេះដែរ ។ បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ផ្គូរ​ផ្គង​នោះ​ថា ឡា ហ្វា​ន មិន​អន់​ទេ តែ​ទោះជា​គេ​ខ្លាំង ក៏​មិនទាន់​ប្រាកដថា លេង​ជាមួយ វ៉ាន់ វឿន បាន​ស្រួល​ដែរ ព្រោះ​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ជា​ម្ចាស់​មេដាយសំរិទ្ធ ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ គេ​មាន​ផ្លែ​ល្អ​ទាំងអស់ តែម្ដង គ្រាន់តែ​ជើង​ក្រោម​គេ អន់​បន្តិច​តែប៉ុណ្ណោះ ។​

វ៉ាន់ វឿន និង ឡា​ហ្វា​ន​

​វ៉ាន់ វឿន មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៩​ដង ឈ្នះ​៦៤​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ ២ ដង ។ ចំពោះ ឡា ហ្វា​ន វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៧​ដង ឈ្នះ​៦៦​ដង ចាញ់​១១ ដង ។ នរណា​ជួប​សំណាងល្អ ក្នុងការ​ប្រកួត​នេះ ?​។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ណា​ម ម៉ូ​រ៉ា​ក់ ក្លិប​ពន្លឺ​សាមគ្គី ខេត្តបាត់ដំបង ប្រកួត​ជាមួយ សៀវ ង៉ុ​យ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ លីន សេងហុង ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ សែន ណាវី ក្លិប​ឃ្លាំងមឿង​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ រឿន សុខលី ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ជាមួយ សឺ​ន ថៃ​សាន់ ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕v

អ្នក​ដែល​ត្រូវ​ប្រកួត​