នឹងមាន​អ្នក​ប្រដាល់​២​រូប​ទៀត​ត្រូវ​ខ្ទាត​ចេញ​នៅ​សប្ដាហ៍​នេះ​

175

(​ភ្នំពេញ​): ព្រឹត្តិការណ៍ TV5 Knock-Out Serie K-Cement សម្រាប់​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម នៅ​ថ្ងៃទី​១៦​កញ្ញា​នេះ នឹងមាន​អ្នក​ប្រដាល់​២​រូប​ទៀត ត្រូវ​ខ្ទាត​ចេញពី​ការប្រកួត​។​

​អ្នកខ្លាំង​នឹងមាន​កៅអី​សម្រាប់​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី ២​បន្តទៀត ឯ​អ្នកខ្សោយ​ត្រូវ​ខ្ទាត​ចេញពី​ការប្រកួត​។ អ្នក​ប្រដាល់ សំអាង ឌុន ក្លិប​អេ​ភូ​ថង​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ដែលមាន​រហស្សនាម​ថា អ្នកលេង​ជើង​កន្ត្រៃ​ហោះ ធា នុ​រាជ ក្លិប​ពោធិ៍​ជ័យ​កីឡា​។​

​នរណា​ក៏មាន​ជំនឿ​ចិត្ត​លើ ធា នុ​រាជ ជាង សំអាង ឌុន ដែរ សម្រាប់​ការប្រកួត​មួយ​នេះ​។ ធា នុ​រាជ គេ​មាន ទេព កោសល្យ ក្នុងការ​ប្រើ​ជើង ដើម្បី​ផ្ដួល​គូប្រកួត​។ ទោះជា​ស្ថិតក្នុង​ជំហរ​បែបណា​ក៏​គេ​អាច​ប្រើ​ស្នៀត​ទាត់​ផ្កាប់​ចាន ឬ​នាគ​វ័ធ​កន្ទុយ និង​ស្នៀ​ប្រើ​កែងជើង​ពុះ​ទៅលើ​គូប្រកួត​បានដែរ​។ ក្រៅពីនេះ កណ្ដាប់ដៃ កែង និង​ជង្គង់​របស់គេ​ក៏​តែង តែ​ធ្វើ​ឲ្យ​គូប្រកួត​លំបាក​ទប់ទល់​ដែរ​។​

​សំអាង ឌុន ក៏​ជា​អ្នក​ប្រដាល់​ដែលមាន​ឈ្មោះ​បោះ​សំឡេង​មិន​អន់​ជាង ធា នុ​រាជ ដែរ​។ ស្នៀត​ជើង​របស់គេ​មិន​អស្ចារ្យ​ដូច​គូប្រកួត​របស់គេ​មែន តែ​កម្លាំង​របស់គេ​មានប្រៀប​ជាង​គូប្រកួត​។ អ្នក​ប្រដាល់​រូបនេះ ចូលចិត្ត​ប្រើ​កែង និង​កណ្ដាប់ដៃ ដើម្បី​យកឈ្នះ​គូប្រកួត​។ ពិតជា​មិនអាច​មើលស្រាល​បាន​នោះទេ​។ ចាំមើល សំអាង ឌុន ខ្ទាត​ចេញពី​ការប្រកួត ឬ ធា នុ​រាជ ជា​អ្នក​ខ្ទាត​ចេញ​?

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ឯម វិចិត្រ ក្លិប​រិទ្ធី​ពោធិ៍​ជ័យ​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ រិ​ទ្ធ មុន្នី ក្លិប​ម្កុដ​រាជសីហ៍​។​

​វិចិត្រ ធ្លាប់ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប តែ​ពេលនេះ​គេ​ហាក់ដូចជា​មិនសូវ​លេចមុខ​លេច​មាត់​ដូច​មុន​នោះទេ ហើយ​គេ​ក៏​មិនសូវ​មានឱកាស​ឡើង​សង្វៀន​ប្រកួត​បាន​ច្រើន​ដូច​មុន​ដែរ​។ ចំពោះ មុន្នី វិញ​គេ​ក៏​ជា​អ្នកខ្លាំង​មួយរូប​ដែរ តែ​ពេលនេះ​គេ​ហាក់ដូចជា​ស្រុតចុះ​ច្រើន​ដែរ​។​

​សម្រាប់​ការប្រកួត​នេះ​មិនដឹងថា រិ​ទ្ធ មុន្នី ត្រូវ​ដើរចេញ ឬក៏ ឯម វិចិត្រ ជា​អ្នក​ដើរចេញ​នោះទេ​។ គូ​នេះ​គេ​ជឿថា នឹង​ចាញ់​-​ឈ្នះ​គ្នា​ដោយ​ពិន្ទុ​។​

​គួរ​បញ្ចាក់​ថា​មាន​អ្នក​ប្រដាល់ ៤​រូប​ហើយ​ដែល​បាន​កក់​កៅអី​ទុក​គឺ​អ៊ុំ វ៉ាន់ណេត​ក្លិប​មរតក​យុទ្ធ​គុន​ខ្មែរ ភុ​ន សោ​ភ័​ណ្ឌ ក្លិប​នាគ​មានជ័យ ទេស ជីវ៉ា ក្លិប​កងពលតូច​លេខ​៧០ និង វ៉ែន ហុង​ជី​វ៉ុ​ង ក្លិប​កងកេង​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង​។ ជាមួយគ្នានេះ​ក៏មាន​អ្នក​ប្រដាល់ ៤​រូប​ដែរ​ដែល​ខ្ទាត​ចេញពី​ការប្រកួត​គឺ​អ៊ុំ កំសត់​ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង រឿ​ម វណ្ណៈ​ក្លិប​រាជសីហ៍​ខេត្ត​បន្តា​យ​មានជ័យ ចេង គា​ក្លិប​សាល​វ័​ន្ដ​កីឡា និង ហ៊ឹម សារ៉ាន​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​៕L ដោយ​:​រ៉ូ​ហ្សា​