នូ​វែ​ល​សេ​ឡង់​ចាប់បាន​គ្រឿងញៀន​កូកាអ៊ីន​១៩០​គីឡូក្រាម​បង្កប់​ក្នុង​ទំនិញ​ចេក​

2154
ចែករម្លែក

ប៉ូលិសនូវែលសេឡង់ចាប់បានគ្រឿងញៀនដ៏ច្រើនបំផុតនៅប្រទេសនេះ ដោយចាប់បានគ្រឿងញៀនកូកាអ៊ីនចំនួន១៩០គីឡូក្រាម ដែលត្រូវបានរកឃើញបង្កប់ក្នុងទំនិញចេកក្នុងកុងតឺន័រដឹកទំនិញមួយ ដែលដឹកចេញពីប្រទេសប៉ាណាម៉ា។

មន្ត្រីប៉ូលិសនិងមន្រ្តីគយនូវែលសេឡង់បាននិយាយនៅថ្ងៃសុក្រទី១៦ខែវិច្ឆិកាថា កូកាអ៊ីនទាំងនេះត្រូវបានផ្ទុកនៅក្នុងថង់ធំចំនួន៥ដែលបង្កប់ក្នុងទំនិញចេកដែលបានមកដល់ទីក្រុងAuckland ពីទីក្រុងBalboa ប្រទេសប៉ាណាម៉ា កាលពីខែសីហា។

បុរសម្នាក់អាយុ៤១ឆ្នាំ ត្រូវបានចាប់ខ្លួននៅទីក្រុងSydney ប្រទេសអូស្ត្រាលី បន្ទាប់ពីធ្វើប្រតិបត្តិការរួមជាមួយប៉ូលិសអូស្រ្តាលី និងប៉ូលិសនៅទីក្រុងAuckland ។

ប៉ូលិសនិងមន្ត្រីគយនូវែលសេឡង់បាននិយាយថា ការចាប់នេះបានធ្វើឡើងបន្ទាប់ពីការដឹកជញ្ជូននេះត្រូវបានកំណត់ថាមានការសង្ស័យក្រោយពីមានការស៊ើបអង្កេតលើក្រុមជនឧក្រិដ្ឋដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីមកនោះ៕ដោយ៖សុខា/sn

ប៉ូលិស តាំងបង្ហាញគ្រឿងញៀនកូកាអ៊ីន១៩០គីឡូក្រាមដែលចាប់បាន នៅទីក្រុងAuckland នូវែលសេឡង់ នៅថ្ងៃសុក្រទី១៦ខែវិច្ឆិកា