នូ​វែ​ល​ហ្សេ​ឡង់​ថា ការហាមឃាត់​ក្រុមហ៊ុន​Huawei គឺ​មិនមែន​ដោយសារ​វា​ជា​របស់​ចិន​នោះទេ

692
ចែករម្លែក

នូវែលសេឡង់នៅថ្ងៃព្រហស្បតិ៍ទី២៩ខែវិច្ឆិកាបានបដិសេធការលើកឡើងដែលថាក្រុមហ៊ុនទូរគមនាគមន៍​Huawei​ ត្រូវបានហាមឃាត់មិនឱ្យចេញប្រើប្រព័ន្ធ5G ដោយសារតែវាជារបស់ចិន ដោយនិយាយថាបញ្ហាដែលខ្លួនប្រឈមនោះគឺ ជាបញ្ហាបច្ចេកវិទ្យា។

រដ្ឋាភិបាលក្រុងវែលីងតោន(នូវែលហ្សេឡង់)នេះ ក៏បានច្រានចោលផងដែរចំពោះការលើកឡើងដែលថា ក្រុមអ្នកស៊ើបការណ៍សម្ងាត់របស់ខ្លួនបានស្ថិតក្រោមសម្ពាធពីក្រុមប្រទេសសម្ព័ន្ធមិត្តក្នុងបណ្តាញចារកម្ម Five Eyes​ដើម្បីរារាំងក្រុមហ៊ុន Huawei នេះ ចំពេលមានការព្រួយបារម្ភអំពីសន្តិសុខប្រព័ន្ធអ៊ីនធឺរណែតនិងកុំព្យូទ័រនិងការភ្ជាប់របស់វាទៅនឹងរដ្ឋាភិបាលក្រុងប៉េកាំង។

លោក Andrew Little រដ្ឋមន្រ្តីក្រសួងស៊ើបការណ៍សម្ងាត់ទូរគមនាគមន៍ (GCSB) បានប្រាប់វិទ្យុជាតិថា”វាមិនមែនអំពីប្រទេសនេះទេ ហើយជាពិសេសនោះ វាក៏មិនមែនអំពីក្រុមហ៊ុននេះផងដែរទេ ប៉ុន្តែ វាជាបញ្ហាបច្ចេកវិទ្យា ដែលត្រូវបានស្នើឡើង” ។

លោកបាននិយាយថា” ខ្ញុំអាចនិយាយជាមួយនឹងការជឿទុកចិត្តយ៉ាងខ្លាំងថាគ្មានការណែនាំណាមួយដែលបានធ្វើឡើងមកកាន់ការិយាល័យទូរគមនាគមន៍(GCSB)មកពីប្រទេសអូស្រ្តាលីសហរដ្ឋអាមេរិក និងពីគ្រប់ទីកន្លែងអំពី​ថាតើវាគួរតែធ្វើការសម្រេចចិត្តរបស់ខ្លួននេះយ៉ាងណានោះទេ។

ក្រុមហ៊ុនអ៊ីនធឺណែតSpark ដ៏ធំរបស់នូវែលហ្សេឡង់បាននិយាយកាលពីថ្ងៃពុធថា ការិយាល័យទូរគមនាគមន៍​(GCSB)បានច្រានចោលផែនការប្រើប្រាស់បច្ចេកវិទ្យាHuawei នៅក្នុងប្រព័ន្ធ 5G ជំនាន់ក្រោយរបស់ខ្លួន ដោយលើកឡើងអំពី “ហានិភ័យសន្តិសុខជាតិដ៏សំខាន់” ។

ចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់នូវែលសេឡង់ ដែលមានទឹកប្រាក់ពាណិជ្ជកម្មសរុបចំនួន២៦ពាន់លានដុល្លារនូវែលសេឡង់ប្រចាំឆ្នាំនោះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបម្រាមនេះ៕ដោយ៖សុខា/SN