នួន ជា ជា​នរណា​?

785
ចែករម្លែក

ដោយ ៖ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​នួន ជា មានឈ្មោះ​ដើម ឡៅ គឹម រ៉​ន ក្រោយមក​បាន​ប្តូរ​ទៅជា ឡៅ​ឌី ដែល​ប្រជាជន​ស្គាល់​ជាទូទៅ​ថា នួន ជា ប៉ុន្តែ​គាត់​មានឈ្មោះ​ហៅ​ម្យ៉ាងទៀត​ហៅថា ខ្នុ​ច គឺជា​ឈ្មោះ​ដែល​ម្តាយ​របស់គាត់​ស្រឡាញ់​បំផុត​។ នួន ជា កើត​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​១៩២៦ នៅ​ភូមិ​វត្ត​គរ ឃុំ​វត្ត​គរ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ នួន ជា គឺជា​កូន​ទី​៣​ក្នុងចំណោម​បងប្អូន​៩​នាក់​។​

​នួន ជា គឺជា​អ្នកទោស​ប្រវត្តិសាស្ត្រ ដែល​បាន​ចូលរួមចំណែក​បង្ក​ឲ្យ​ប្រជាជន​កម្ពុ​ជាជាង​២​លាន​នាក់​បាត់បង់​ជីវិត​និង​បំផ្លាញ​ប្រទេស​កម្ពុជា​ស្ទើរតែ​ទាំងស្រុង​។ មនុស្ស​ភាគច្រើន​ស្គាល់ នួន ជា ថា​គឺជា​បងធំ​ទី​២ ឬ​ជា​មេដឹកនាំ​ទី​២​បន្ទាប់ពី ប៉ុល ពត នៅក្នុង​អំឡុង​នៃ​របប​ខ្មែរក្រហម​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩​។ នួន ជា គឺជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​មួយរូប​បាន​ដឹកនាំ​ប្រទេស​ឲ្យ​ធ្លាក់​ចូលក្នុង​ភាព​អន្តរាយ ថែមទាំង​បាន​ចូលរួម​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាច្រើន​មកលើ​ប្រជាជន​ស្លូតត្រង់ និង​បាន​បន្សល់ទុក​នូវ​ភាពឈឺចាប់​រាប់មិនអស់​ដល់​ជនរងគ្រោះ​ដែល​នៅ​រស់រានមានជីវិតរ​ហូត​ដល់​បច្ចុប្បន្ន​។​

​នួន ជា ស្ថិតក្នុង​វ័យ ៩៣ ឆ្នាំ មាន​សម្បុរ​ស និង​ជាប់​ខ្សែស្រឡាយ​ជា​ជនជាតិ​ចិន ដែលជា​រឿយៗ គាត់​បានបង្ហាញ​វត្តមាន​នៅក្នុង​បន្ទប់​សាវ​នា​ការ​នៃ​តុលាការ​ខ្មែរក្រហម ដោយ​ស្លៀក​សម្លៀកបំពាក់​សមរម្យ​និង​ពាក់​វែ​នតា​ពណ៌​ខ្មៅ ហើយ​អង្គុយ​នៅ​ចំ​ពី​ខាងមុខ​កុំ​ព្យូ​រ​ទ័​រ​និង​ឧបករណ៍​បំពង​សម្លេង​ថែមទាំង​មាន​សន្តិសុខ​អង្គុយ​ក្បែរ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​កាយវិការ​ដោយសារតែ​គាត់​ស្ថិតក្នុង​ភាព​ជរា​។ រូបភាព​របស់ នួន ជា ភាគច្រើន​ត្រូវបាន​បង្ហាញ​នៅក្នុង​ទូរទស្សន៍ ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ថែមទាំង​មាននៅ​លើ​ការ​សែត​ទាំង​ក្នុងប្រទេស​និង​អន្តរជាតិ​ដែរ​។​

​តុលាការ​ខ្មែរក្រហម​បានសម្រេច​ចាប់ឃុំខ្លួន នួន ជា ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០០៧ ដោយសារតែ​គាត់​គឺជា​អតីត​មេដឹកនាំ​កំពូល​ម្នាក់ នៅក្នុង​របប​ខ្មែរក្រហម ដែលមាន​តួនាទី​ជា​អតីត​ប្រធានរដ្ឋសភា នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា​។ បន្ទាប់មក នួន ជា ត្រូវបាន​ក្លាយជា​ជនជាប់ចោទ​ក្នុង​សំណុំរឿង​០០២ ជាមួយនឹង​មេដឹកនាំ​ខ្មែរក្រហម​៣​រូប​ផ្សេងទៀត​គឺ ខៀវ សំផន អៀង សារី និង អៀង ធី​រិ​ទ្ធ ដោយ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩ និង​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​ចាម និង​វៀតណាម​។ ប៉ុន្តែ​ដោយសារតែ​ជនជាប់ចោទ​២​នាក់​គឺ អៀង សារី និង អៀង ធី​រិ​ទ្ធ បាន​ស្លាប់​មុនពេល​សម្រេច​ទោស ទើប​សំណុំរឿង​០០២​នេះ​នៅសល់តែ​ជនជាប់ចោទ​តែ​២​នាក់​ប៉ុណ្ណោះ​គឺ នួន ជា និង​ខៀវ សំផន​។​

​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា​បាន​បើកសវនាការ​ជាបឋម​នៅ​ខែមិថុនា ឆ្នាំ​២០១១ ហើយ​មិនយូរប៉ុន្មាន​សំណុំរឿង​០០២ ក៏ត្រូវ​បាន​បំបែក​ជា​សំណុំរឿង​ពីរ​ផ្សេងគ្នា គឺ​សំណុំរឿង​០០២/០១ និង​០០២/០២​។ ការ​បំបែកសំណុំរឿង​០០២​នេះ ពីព្រោះ​តែ​ទំហំ​និង​បញ្ហា​ស្មុគស្មាញ​នៃ​ដីកា​ដំណោះស្រាយ និង​វ័យចាស់​ជរា​របស់​ជន​ជាប់ចោទ​។

​សំណុំរឿង​០០២/០១ ត្រូវបាន​ចាប់ផ្តើម​បើកសវនាការ​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១១​ដោយមាន​ជនជាប់ចោទ​តែ​២​រូប​គឺ នួន ជា និង ខៀវ សំផន​។ សំណុំ​រឿងនេះ​ផ្តោតទៅលើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​ទាក់ទង​នឹង​ការផ្លាស់​ទីលំនៅ​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ទីក្រុង​ភ្នំពេញ​ក្នុង​ខែមេសា ឆ្នាំ​១៩៧៥ និង​ការផ្លាស់​ទីលំនៅ​ដំណាក់កាល​ទី​២ ក្នុង​តំបន់​ផ្សេងៗ​ទៀត​ចាប់ពី​ខែកញ្ញា ឆ្នាំ​១៩៧៥​។ នៅ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ ២០១៤ នួន ជា និង ខៀវ សំផន ត្រូវបាន​អង្គ​ជម្រះ​សាលាដំបូង​រកឃើញថា​មាន​ពិរុទ្ធភាព​ចំពោះ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ហើយ​ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​។​ ​

​ចំណែកឯ​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​០០២/០២ បានចាប់ផ្តើម​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៤ ។ សំណុំរឿង ០០២/០២ គឺ​សំដៅលើ​ការជំនុំជម្រះ​ដំណាក់កាល​ទី​២​ប្រឆាំងនឹង នួន ជា និង ខៀវ សំផន ដែល​ត្រូវ​ជំនុំជម្រះ​ទៅលើ​បទ​ចោទ​ចំនួន​៨​ករណី​ផ្សេង​បន្ថែមទៀត​លើ​សំណុំរឿង​០០២/០២ ដូចជា​៖ ១) អំពើ​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម​២) ការរៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ និង​ការរំលោភ​សេពសន្ថវៈ (​នៅ​ទូទាំងប្រទេស​) ៣) ការ​បោសសម្អាត​ផ្ទៃក្នុង ៤) មន្ទីរ​សន្តិសុខ ស​-២១ មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់ មន្ទីរ​សន្តិសុខ​អូរ​កន្សែង និង មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល ៥) ការដ្ឋាន​សាងសង់​ទំនប់ ១ មករា ការដ្ឋាន​សាងសង់​ព្រលានយន្តហោះ​កំពង់ឆ្នាំង និង​ការដ្ឋាន​លើក​ទំនប់​ត្រពាំងថ្ម ៦) សហករណ៍​ត្រាំកក់ ៧) ការប្រព្រឹត្ត​មកលើ​ពុទ្ធសាសនិកជន (​កម្រិត​ត្រឹមតែ​សហករណ៍​ត្រាំកក់​) និង ៨) ការកំណត់​គោលដៅ​មកលើ​អតីតមន្ត្រី​របប​សាធារណរដ្ឋ​ខ្មែរ (​ការអនុវត្ត​នេះ​ត្រូវបាន​កម្រិត​ត្រឹមតែ​សហករណ៍​ត្រាំកក់ ការដ្ឋាន​សាងសង់​ទំនប់ ១ មករា មន្ទីរ​សន្តិសុខ ស​-២១ និង​មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់ ប៉ុណ្ណោះ​)​។ បន្ទាប់ពី​ចំណាយ​អស់​រយៈពេល​ប្រហែល​៤​ឆ្នាំ ក្នុងការ​ជំនុំជម្រះ​ចំពោះ​សំណុំរឿង​០០២/០២ ដែល​សំដៅ​ទៅលើ​ការ​ជំនុំ​ជំ​ម្រះ​លើ​ដំណាក់កាល​ទី​២​ប្រឆាំងនឹង​ជនជាប់ចោទ​២​រូប​គឺ​នួន ជា និង​ខៀវ សំផន អង្គជំនុំជម្រះ​សាលាដំបូង​នៃ​តុលាការ​ខ្មែរក្រហម​បានសម្រេច​កំណត់​យក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ គឺជា​ថ្ងៃ​ប្រកាស​សាលក្រម​សម្រាប់​សំណុំរឿង​០០២/០២​។

​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​យល់ឃើញ​ថា នួន ជា ត្រូវតែ​ទទួលខុសត្រូវ​ក្នុងនាម​ជា​អ្នកដឹកនាំ​ម្នាក់​នៅក្នុង​របប​ខ្មែរក្រហម ដែល​បាន​ប្រព្រឹត្ត​តាម​គោលនយោបាយ​ឧក្រិដ្ឋកម្ម​របស់​បក្ស​កុម្មុយនីស្ត ដែល​ស្ថិតនៅក្នុង​វិសាលភាព​នៃ​សំណុំរឿង​០០២/០២​។ នួន ជា ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​តុលាការ​ខ្មែរក្រហម​រកឃើញថា​មាន​ពិរុទ្ធ​ចំពោះ​បទ​ចោទ​ចំនួន​៣​ក្នុងចំណោម​បទ​ចោទ​ទាំង​៨ គឺ ១)​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ២)​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ និង​៣)​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​។ ជា​ចុងក្រោយ អង្គជំនុំជម្រះ​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ នួន ជា ដោយ​សម្រេច​រួមបញ្ចូល​គ្នា​នូវ​ការផ្តន្ទាទោស​ទាំងពីរ​ក្នុងករណី​០០២/០១ និង​០០២/០២ ដោយ​ដាក់​ពន្ធ​ធនាគារ​អស់​មួយជីវិត​តែមួយ ក្រោយ​ពិចារណា​ទៅលើ​ការផ្តន្ទាទោស​ដាក់គុក​អស់​មួយជីវិត​ចំពោះ​គាត់​នៅក្នុង​សំណុំរឿង​០០២/០១​។​

​ទោះបីជា នួន ជា គឺជា​ឧក្រិដ្ឋជន​ក៏ដោយ ប៉ុន្តែ​គាត់​ត្រូវបាន​មើលថែរក្សា​យ៉ាង​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ​ជំនាញ​រហូតដល់​គាត់​បាន​ស្លាប់​ដោយសារ​ជំងឺ នៅ​មន្ទីរ​ពេទ្យរុស្ស៊ី នៅវេលា​ល្ងាច​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៩​។
​ខាងក្រោម​នេះ​គឺជា​រឿងរ៉ាវ​ដែល​ទាក់ទង​នឹង​ខ្សែជីវិត​របស់ នួន ជា រួមមាន​ការសិក្សាអប់រំ ការងារ ក្រុមគ្រួសារ ការចូលរួមចំណែក​ក្នុង​អំពើ​ឧក្រិដ្ឋកម្ម​នៅក្នុង​របប​ខ្មែរក្រហម​៖

រឿងរ៉ាវ​របស់ នួន ជា និង​ក្រុមគ្រួសារ​
​ឪពុក​របស់ នួន ជា ឈ្មោះ ឡៅ លីវ និង​ម្តាយ​ឈ្មោះ ដុស ពា​ញ​។ ឪពុក​របស់គាត់​គឺជា​អាជីវករ​ជួញដូរ ដាំពោត និង​ប្រកប​អាជីវកម្ម​ផ្សេងៗ​ទៀត​។ ចំណែកឯ​ម្តាយ​របស់គាត់​វិញ គឺជា​ជាងកាត់ដេរ និង​ធ្វើ​ជួយ​ការងារ​ឪពុក​របស់គាត់​ដែរ​។ ក្រុមគ្រួសារ​របស់ នួន ជា គឺជា​ក្រុមគ្រួសារ​ដែលមាន​ជីវភាព​ធូរធា ប៉ុន្តែ​ក្រុមគ្រួសារ​គាត់​ក៏បាន​ធ្លាក់ខ្លួន​ជំពាក់​បំណុល​យ៉ាងច្រើន​បន្ទាប់ពី​សេដ្ឋកិច្ច​បាន​ធ្លាក់ចុះ​ក្រោយ​សង្គ្រាមលោកលើកទី​១​។
​ជីតា​របស់ នួន ជា គឺជា​ចិន​ទាជីវ​មកពី​សាន​តូ​នៃ​ប្រទេស​ចិន ចំណែកឯ​ជីដូន​របស់គាត់​វិញ​គឺជា​ជនជាតិខ្មែរ​។ ដោយសារ​តែមាន​ឈាមជ័រ​ជា​ចិន​ផង​និង​ខ្មែរ​ផង នួន ជា ត្រូវបាន​ចិញ្ចឹម​បីបាច់​នៅក្នុង​គ្រួសារ​ចម្រុះ​វប្បធម៌ និង​ប្រើប្រាស់​ភាសា​ខ្មែរ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​គ្នា​។ រាល់​រដូវ​បុណ្យ​សាសនា​របស់​ប្រទេស​ទាំងពីរ​ម្តងៗ ក្រុមគ្រួសារ​របស់គាត់​តែងតែ​រៀបចំ​សែនព្រេន​ទៅតាម​ប្រពៃណី​ទំនៀមទម្លាប់​របស់​ប្រទេស​នីមួយៗ​។ នៅពេល​បុណ្យសំពះព្រះខែ​ឬ​បុណ្យ​ឆេង​ម៉េង ក្រុមគ្រួសារ​របស់ នួន ជា បាន​បន់ស្រន់​តាមបែប​ចិន​ថ្វាយ​ដល់​ដូនតា​របស់គាត់ ហើយ​ក្រុមគ្រួសារ​របស់គាត់​ក៏បាន​គោរពបូជា​ព្រះពុទ្ធសាសនា និង​សែនព្រេន​ទៅតាម​ទំនៀមទម្លាប់​ខ្មែរ​ដែរ​។ នួន ជា បាន​រៀន​ភាសា​ចិន​តិចតួច​បំផុត ទោះបីជា​គាត់​មាន​ខ្សែស្រឡាយ​ជា​ជន​ជន​ចិន​ក៏ដោយ​។ ​

​នួន ជា បាន​រៀបការ​ជាមួយ លី គីម​សេង ដែលមាន​ស្រុកកំណើត​នៅក្នុង​ខេត្តកំពង់ឆ្នាំង និង​ជាប់​ខ្សែស្រឡាយ​ជា​ជនជាតិ​ចិន​ដែរ​។ គាត់​មានកូន​ចំនួន​៤​នាក់ ដោយ​កូន​ចំនួន​៣​នាក់​ជា​កូនបង្កើត និង​១​នាក់ គឺជា​កូនចិញ្ចឹម​។ ​

​នៅក្នុង​របប​ខ្មែរក្រហម នួន ជា ត្រូវបាន​គេ​ហៅ​ឈ្មោះ​ខុសៗ​គ្នា​ដោយ​ប្រើ​នាមត្រកូល​របស់គាត់ នួន ហៅថា បង នួន ឬ អ៊ំ​នួន រីឯ​អ្នក​ខ្លះទៀត​ហៅ​គាត់​ថា តា​ប្រហុក ព្រោះ​គាត់​ចូលចិត្ត​ហូប​ប្រហុក​។
​បន្ទាប់ពី​របប​ខ្មែរក្រហម នួន ជា ត្រូវបាន​គេ​ស្គាល់​ថា ជា​បងធំ​ទី​២ ឬ​ជា​ឧក្រិដ្ឋជន​នៅក្នុង​របប​ខ្មែរក្រហម​។​

ប្រវត្តិ​នៃ​ការសិក្សា​របស់ នួន ជា​
​នៅក្នុង​អំឡុង​សង្គ្រាមលោកលើកទី​២ ខេត្ត​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រទេស​ថៃ​។ ក្នុងចំណោម​ខេត្ត​ទាំងនោះ ខេត្តបាត់ដំបង ក៏​ជា​ខេត្ត​មួយ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ថៃ​ដែរ​។ ប្រជាជន​នៅក្នុង​ខេត្តបាត់ដំបង​នាពេលនោះ ត្រូវបាន​រដ្ឋាភិបាល​ថៃ​ផ្តល់​សញ្ជាតិ​ជា​ជនជាតិ​ថៃ​ឲ្យ​ដោយ​ស្វ័យប្រវត្តិ​។ នួន ជា ក៏បាន​ទទួល​សញ្ជាតិ​ថៃ​ដែរ​។ ក្នុងកំឡុងពេល​នោះ នួន ជា មាន​អាយុ​ប្រហែល​១៥​ឆ្នាំ​តែប៉ុណ្ណោះ ហើយ​គាត់​ក៏​មិនសូវ​បាន​ចាប់អារម្មណ៍​នឹង​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​។ បន្ទាប់ពី នួន ជា បានបញ្ចប់​សាលា​មធ្យមសិក្សា​នៅក្នុង​ខេត្តបាត់ដំបង គាត់​ក៏បាន​ចាក​ចេញទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​រស់នៅ​និង​បន្ត​ការសិក្សា​របស់គាត់​។ នៅពេល​ទៅដល់​ប្រទេស​ថៃ នួន ជា បានរស់នៅ​ជាមួយ​ព្រះសង្ឃ នៅក្នុង​វត្ត​បិ​ន​ចា​ម៉ា​បូ​ភី​ត ដែល​ព្រះសង្ឃ​ទាំងនោះ​ក៏បាន​ធ្វើដំណើរ​មកពី​ខេត្តបាត់ដំបង​ដូច នួន ជា ដែរ​។ នួន ជា បានរស់នៅ​ក្រោម​ការមើល​ថែរក្សា​របស់​ព្រះសង្ឃ​ទាំង​៣​អង្គ​នោះ បន្ទាប់មក​ក៏បាន​ចុះឈ្មោះ​ចូលរៀន​នៅក្នុង​សាលា​មធ្យមសិក្សា​របស់រ​ដ្ឋា​ភិ​បាល​ថៃ​ដែលមាន​ឈ្មោះថា​សាលា​វត្ត​បិ​ន​ចា​ម៉ា​បូ​ភី​ត ដែល​ស្ថិតនៅក្នុង​បរិវេណ​វត្ត​ដែល​គាត់​បានរស់នៅ​ក្នុងកំឡុងពេល​នោះ​។ នួន ជា​បានចាប់ផ្តើម​ការសិក្សារ​បស់​គាត់​ត្រឹម​កម្រិត​ថ្នាក់​មធ្យម​ឆ្នាំ​ទី​៥ និង​ទី​៦ ដែល​ការសិក្សា​នេះ​ជា​ជំហាន​ទូទៅ​របស់​សិស្ស​នីមួយៗ ដែលមាន​បំណង​ចង់​បន្ត​ការសិក្សា​របស់ខ្លួន សម្រាប់​ថ្នាក់​ត្រៀម​ចូល​សាកលវិទ្យាល័យ​។ នៅពេល​ចាប់ផ្តើម​ចូល​សិក្សា​នៅ​សាលា នួន ជា បាន​ប្រើ​ឈ្មោះ​របស់គាត់​ជា​ភាសា​ថៃ​ថា “​រុង​ឡឺត ឡៅ​ឌី​”​។ នួន ជា​បាន​សិក្សា​នៅក្នុង​សាលា​នោះ​អស់​រយៈពេល​២​ឆ្នាំ គឺ​ចន្លោះ​ឆ្នាំ​១៩៤២ ដល់​១៩៤៣ ដោយ​បញ្ចប់​ការសិក្សា​ថ្នាក់មធ្យមសិក្សា​នៅ​ដើមឆ្នាំ​១៩៤៤​។ នួន ជា បានទទួល​ការឧបត្ថម្ភ​ពី​ឪពុក​របស់គាត់​រាល់​ការចំណាយ​លើ​ការរស់នៅ និង​ការសិក្សា​នៅក្នុង​ប្រទេស​ថៃ​។

​មិនយូរប៉ុន្មាន នួន ជា ក៏បាន​ចុះឈ្មោះ​ចូល​សិក្សា​ថ្នាក់​ទី​៧​សម្រាប់​វគ្គ​ត្រៀម​នៅ​សាកលវិទ្យាល័យ​ធ​ម្មា​សាធ និង​បញ្ចប់​ការសិក្សា​សម្រាប់​វគ្គ​នេះ​នៅ​ឆ្នាំ​១៩៤៦ ជាមួយ​លទ្ធផល​ល្អប្រសើរ​។ នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​១៩៤៦ នួន ជា ក៏បាន​ចុះឈ្មោះ​ចូលរៀន​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​ធ​ម្មា​សាធ​។ ការសិក្សា​របស់ នួន ជា លើ​មុខវិជ្ជា​ច្បាប់​របស់គាត់​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ​ទេ ព្រោះ​គាត់​តែងតែ​ប្រឡង​ធ្លាក់​មុខវិជ្ជា​មួយចំនួន​។ មូលហេតុ​នៃ​ការធ្លាក់​ចុះខ្សោយ​នៃ​ការសិក្សា​របស់គាត់ អាច​ថា​គាត់​មិនសូវមាន​ពេលវេលា​សម្រាប់​ការសិក្សា ដោយសារតែ​គាត់​បាន​ចូលប្រលូក​ក្នុង​កិច្ចការ​នយោបាយ និង​បម្រើ​ការងារ​ផ្សេងៗ​នៅក្នុង​ប្រទេស​ថៃ​ក្នុងកំឡុងពេល​ដែល​គាត់​កំពុងតែ​សិក្សា​។ ចុងក្រោយ នួន ជា បាន​បោះបង់​ទាំង​ការងារ​នៅក្នុង​ប្រទេស​ថៃ និង​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ធ​ម្មា​សាធ ហើយ​ត្រឡប់មក​ចូលរួម​ធ្វើ​កិច្ចការ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​នៅ​កំឡុង​ឆ្នាំ​១៩៥០​។​

ប្រវត្តិ​ការងារ​របស់ នួន ជា
មុន​ឆ្នាំ​១៩៧៥
​នួន ជា បានចាប់ផ្តើម​ចូលក្នុង​កិច្ចការងារ​នយោបាយ​យ៉ាងសកម្ម​ចាប់តាំងពី​ឆ្នាំ​១៩៤០ នៅពេលដែល​គាត់​បាន​ទៅ​រស់នៅក្នុង​ប្រទេស​ថៃ​។ ក្នុងអំឡុងពេល​រស់នៅ​ទីនោះ នួន ជា បាន​ចូលរួម​ក្នុង​អង្គការ​យុវជន​ថៃ ដែលជា​អង្គការ​មួយ​ស្ថិតនៅក្រោម​បក្ស​កុម្មុយនីស្ត និង​ជាទី​កន្លែង​មួយ​ដែល​បុរស និង​ស្ត្រី​វ័យក្មេងៗ​ប្រមូលផ្តុំ​គ្នា​ដើម្បី​ធ្វើ​សកម្មភាព​សង្គម​ជួយ​គ្នា​ទៅវិញទៅមក​ព្រមទាំង​ធ្វើការ​ផ្លាស់ប្តូរ​ទស្សន​យោបល់​។ រួម វង់​ផាន គឺជា​អតីត​សិស្ស​នៃ​សាកលវិទ្យាល័យ​ធ​ម្មា​សាធ និង​ជា​អ្នក​ដែល​ធ្លាប់បាន​រស់នៅ​ជាមួយ នួន ជា ក្នុង​បន្ទប់​ជួល​ជាមួយគ្នា គឺជា​អ្នក​អញ្ជើញ នួន ជា ឲ្យ​ចូលរួម​ក្នុង​អង្គការ​យុវជន​ថៃ​រហូត​បាន​ក្លាយជា​សមា​ជិ​កប​ក្ស​កុម្មុយនីស្ត​ថៃ​។ ក្រៅពី​ការងារ​នេះ នួន ជា ក៏បាន​បម្រើ​ការងារ​ជា​មន្ត្រី​រដ្ឋាភិបាល​ថៃ​ធម្មតា​ម្នាក់ ដែលមាន​តួនាទី​ជា​ស្មៀន​នៅក្នុង​ការិយាល័យ​គណនេយ្យ​ក្នុង​នាយកដ្ឋាន​ជម្រះបញ្ជី​ទូទៅ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ថៃ​នៅ​ចុងឆ្នាំ​១៩៤៧​។ ក្រោយមក នួន ជា បាន​ប្រឡង​ជាប់​ធ្វើ​ការងារ​នៅក្នុង​ក្រសួងការបរទេស​ថៃ ហើយ​បាន​លាឈប់​ពី​ការងារ​នៅក្នុង​ក្រសួង​ហិរញ្ញវត្ថុ​។ រយៈពេល​ប្រហែល​១​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី នួន ជា បាន​បំពេញការងារ​នៅ​ក្រសួងការបរទេស​ថៃ គាត់​ក៏បាន​លាឈប់ ដែល​នៅពេលនោះ​គាត់​ក៏បាន​បោះបង់ចោល​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ធ​ម្មា​សាធ​ដែរ​។ ក្រោយមក នួន ជា បាន​ផ្ទេរ​សមាជិកភាព​របស់​គាត់​ពី​សមាជិក​បក្ស​កុម្មុយនីស្ត​ថៃ ទៅជា​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​ដើម្បី​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​សម្រាប់​ចូលរួម​ក្នុង​ការតស៊ូ​ប្រឆាំងនឹង​បារាំង​ដែល​កំពុងតែ​ដាក់​អាណានិគម​នៅក្នុង​ប្រទេស​កម្ពុជា​។
​បន្ទាប់ពី​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​នៅក្នុង​ប្រទេស​ថៃ នួន ជា បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ចូលរួម​ក្នុង​ចលនា​តស៊ូ​របស់​បក្ស​កុ​ម្មុនី​ស្ត ដោយ​ទទួលបន្ទុក​ខាង​ឃោសនា​បក្ស​ក្នុង​ឆ្នាំ​១៩៥០​។ នៅក្នុង​ឆ្នាំ​១៩៥៩ ទូ សាមុត នួន ជា និង ប៉ុល ពត បានចាប់ផ្តើម​ដំណើរការ​បង្កើត​បក្ស​កុម្មុយនីស្ត​ថ្មី​មួយ​ដែល​គោល​ការ​បក្ស​នេះ​គឺ​ប្រជាធិបតេយ្យ​ប្រមូលផ្តុំ និង​ម៉ាក្ស​លេនីន​និយម​។ នៅក្នុងពេល​ចូលរួម​ក្នុង​ចលនា​តស៊ូ​របស់​បក្ស​កុម្មុយនីស្ត នួន ជា បាន​ទាក់ទង​យ៉ាងសកម្ម​ជាមួយ​ពួក​កុម្មុយនីស្ត​វៀតណាម និង​ចលនា​ខ្មែរឥស្សរៈ​។ នួន ជា ក៏បាន​ទៅ​សិក្សា​វគ្គ​នយោបាយ​នៅ​ភាគខាងត្បូង និង​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម​ដែរ​។ ទោះបីជា​មានការ​បង្កើត​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ក៏ នួន ជា នៅតែ​ជា​សមាជិក​ក្នុង​ចលនា​កុ​ម្មុនី​ស្តដ​ដែល​។

នៅក្នុង​ខែកញ្ញា ឆ្នាំ​១៩៦០ នួន ជា ត្រូវបាន​ជ្រើសរើស​ជា​អនុ​លេខា​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​ក្រោយមក​បាន​ប្តូរ​ឈ្មោះថា បក្ស​ពលករ​កម្ពុជា និង​បន្ទាប់មកទៀត​ប្តូរ​ទៅជា​ឈ្មោះ​បក្ស​កុ​ម្មុនី​ស្ត​កម្ពុជា​ជាមួយ សា​ឡុ​ត ស និង ទូ សាមុត​។ ប៉ុន្តែ​បន្ទាប់ពី​បាត់​ខ្លួន ទូ សាមុត នៅក្នុង​ឆ្នាំ​១៩៦២ នួន ជា នៅតែ​កាន់តំណែង​ជា​អនុ​លេខា​បក្ស ដែល​នៅពេលនោះ ប៉ុល ពត បាន​ក្លាយជា​លេខា​បក្ស និង​ប្រលូក​ក្នុង​វិស័យ​នយោបាយ​រហូតដល់​ដណ្តើម​បាន​ជ័យជម្នះ​ពី លន់ នល់ និង​ឡើង​កាន់កាប់​អំណាច​នៅក្នុង​ឆ្នាំ​១៩៧៥​។ បន្ទាប់ពី​រដ្ឋប្រហារ​ទ​ម្លា​ក់ស​ម្តេច នរោត្តម សីហនុ នៅក្នុង​ឆ្នាំ​១៩៧០ នួន ជា បាន​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​ដើម្បី​ចូលរួម​ចលនា​ព្រៃម៉ាគី​ជាមួយ​មេដឹកនាំ​បក្ស​បក្ស​កុម្មុយនីស្ត​កម្ពុជា ដូចជា ប៉ុល ពត សុន សេន តា ម៉ុក និង សោ ភឹម ដោយបាន​បង្កើត​ទីស្នាក់កា​រ​កណ្តាល​របស់ខ្លួន​នៅតាម​ខេត្ត​មួយចំនួន ដូចជា ខេត្តកំពង់ធំ ខេត្តកំពង់ចាម និង​ខេត្តកំពង់ឆ្នាំង​។ នៅ​រវាង​ឆ្នាំ​១៩៧០ ដល់​១៩៧៥ នួន ជា បានក្លាយ​ជា​អនុ​បញ្ជាការ​យោធា​ជាន់ខ្ពស់​កងទ័ព​ប្រជាជន​នៃ​ចលនា​រំដោះជាតិ​កម្ពុជា និង​ជា​ប្រធាន​ផ្នែក​នយោបាយ​របស់​កងទ័ព ហើយ​ថែមទាំង​ទទួលបន្ទុក​ក្នុងការ​ទំនាក់​ទំនងជា​មួយ​វៀតណាម​។

នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)
​នៅ​កំឡុង​ខែមេសា ឆ្នាំ​១៩៧៥ នួន ជា នៅ​ជាមួយ ប៉ុល ពត និង​មេដឹកនាំ​យោធា និង​នយោបាយ​សំខាន់ៗ​មួយចំនួនទៀត​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា ដូចជា កុយ ធួន សោ​ភឹម តា​ម៉ុក និង សុន សេន ដើម្បី​ដឹកនាំ​កម្លាំង​វាយ​កាន់កាប់​ទីក្រុង​ភ្នំពេញ​។ បន្ទាប់ពី​យោធា​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ និង​កាន់កាប់​ទីក្រុង​ភ្នំពេញ​ទាំងស្រុង ប្រជាជន​ទាំងអស់​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ចេញពីផ្ទះ​សម្បែង​ដោយ​បង្ខំ​។ ប្រជាជន​ខ្លះ​បាន​ស្លាប់​នៅតាម​ផ្លូវ រីឯ​អ្នក​ខ្លះទៀត​ត្រូវបាន​បែក​ពី​ក្រុមគ្រួសារ​របស់ខ្លួន​។ នួន ជា ត្រូវបាន​ប្រជាជន​ស្គាល់​ថា ជា​បងធំ​ទី​២ បន្ទាប់ពី ប៉ុល ពត ដែលមាន​តួនាទី​ជា​អនុ​លេខា​បក្ស​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា ជា​សមាជិក​ពេញសិទ្ធិ​នៃ​គណកម្មាធិការ​មជ្ឈិម និង​ជា​គណកម្មាធិការ​អចិន្ត្រៃយ៍​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា ជា​សភា​តំណាង​ឲ្យ​ប្រជាជន ថែមទាំង​ពេលខ្លះ​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​នៃ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​។​

​ក្នុងឋានៈ​ជា​អនុ​លេខា​មជ្ឈិមបក្ស នួន ជា គឺជា​មនុស្ស​ទី​២​នៅក្នុង​ឋានានុក្រម​បក្ស និង​ត្រូវបាន​ស្គាល់​ថា ជា​បងធំ​ទី​២ និង​ជា​ដៃស្តាំ​របស់ ប៉ុល ពត​។ ក្នុងនាម​ជា​សមាជិក​ពេញសិទ្ធិ នួន ជា អាច​ពិគ្រោះ​យោបល់ និង​រួម​មតិ​សម្រេច​ពាក់ព័ន្ធ​នឹង​បញ្ហា​ទាំងអស់​។ ចំពោះ​តួនាទី​ជា​សមាជិក​គណអចិន្ត្រៃយ៍ និង​ជា​សមាជិក​គណ​មជ្ឈិម នួន ជា បាន​ចូលរួម​ប្រជុំ​កម្រិត​ខ្ពស់​នានា​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា​ជា​ទៀងទាត់ ដែល​ធ្វើជា​ប្រចាំ​នៅ​មន្ទីរ​ក​-១​និង​មន្ទីរ​ក​-៣ និង​ថែមទាំង​បាន​ជួបប្រជុំ​ប្រចាំខែ​នៅ​មន្ទីរ​ក​-១ ជាមួយនឹង​កម្មាភិបាល ថ្នាក់ដឹកនាំ​មកពី​បណ្តា​ភូមិភាគ​តំបន់ ព្រមទាំង​គណ​ស្រុក​ដែរ​។ នួន ជា ក៏បាន​ជួប​ជា​ញឹកញាប់​នៅក្រៅ​ទីក្រុង​ភ្នំពេញ​ជាមួយ​មេដឹកនាំ​ស្វយ័ត​និង​មេដឹកនាំ​ភូមិភាគ​ជាពិសេស​នៅពេល​សន្និបាត​តាម​តំបន់ និង​ភូមិភាគ​៕