នេះ​ជា​មូល​ហេតុដែល​អូស្ត្រាលី​សម្បូរ​បឹង​ពណ៌​ផ្កាឈូក

1165
ចែករម្លែក

​ទឹក​បឹង​ពណ៌​ខៀវ មិន​អ៊ីចឹង​? ពិតមែន​ហើយ ប៉ុន្តែ​មាតា​ធម្មជាតិ​ហាក់ដូច​មាន​អា​ថ៍កំ​បាំង​ខ្លះ​លាក់បាំង​ពី​យើង នោះ​គឺ​ទឹក​បឹង​ពណ៌​ផ្កាឈូក​។

​អូស្ត្រាលី​មាន​ភាពល្បីល្បាញ​ខាង​សត្វ​ប្លែកៗ និង ទីកន្លែង​មិនធម្មតា​ជាច្រើន ប៉ុន្តែ​បឹង​ពណ៌​ផ្កាឈូក​ជាច្រើន​កន្លែង​របស់​អូស្ត្រាលី​ទេ ដែលមាន​លក្ខណៈពិសេស​ទាក់ទាញ​ជាងគេ​។ ជាច្រើន​ឆ្នាំ​មកនេះ ទឹក​ពណ៌​ផ្កាឈូក​បានធ្វើឱ្យ​អ្នកវិទ្យាសាស្ត្រ​ទាល់​តម្រិះ​មិនដឹង​បកស្រាយ​យ៉ាងដូចម្តេច ប៉ុន្តែ​ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​ដោះស្រាយ​ចម្ងល់​នេះហើយ​។

​នៅលើ​កោះ​មី​ដ​ដល​លែ​ន ក្បែរ​ឆ្នេរ​ខាងត្បូង​នៃ​អូស្ត្រាលី​ខាងលិច គឺមាន​បឹង​ឈ្មោះ​ហ៊ី​លលៀ (Lake Hillier) ដែលជា​បឹង​ពណ៌​ឈូក​ដ៏​ល្បី​បំផុត​មួយ​របស់​អូស្ត្រាលី​។

​ក្នុង​ឆ្នាំ ២០១៥ ក្រុម​អ្នកស្រាវជ្រាវ​មកពី​គម្រោង XMP បានសម្រេច​ចិត្ត​រៀបចំ​ការស៊ើបអង្កេតរ​ក​មូល​ហេតុដែល​ធ្វើឱ្យ​ទឹក​បឹង​មាន​ពណ៌​ផ្កាឈូក​។ កាលពីមុន មនុស្ស​សង្ស័យថា ពណ៌​ផ្កាឈូក​នោះ​គឺ​កើតឡើង​ដោយសារ​ជាតិ​អំបិល​ខ្ពស់​របស់​ទឹក​បឹង ឬ មកពី​សា​រ៉ា​យ​សមុទ្រ​។ ក្រុម​អ្នកស្រាវជ្រាវ​មកពី​គម្រោង XMP ចង់ដឹង​រឿង​ឱ្យ​ពិតប្រាកដ ព្រោះ​ពួកគេ​សង្ស័យថា​សារពាង្គកាយ​ជាក់លាក់​មួយចំនួន ដែល​ស៊ាំ​នឹង​ជាតិ​ប្រៃ​ខ្លាំង​របស់​បឹង​ហ៊ីល​ល័​រ គឺជា​មូលហេតុ​ពិតប្រាកដ ដែល​បង្ក​ឱ្យ​បឹង​មាន​ពណ៌​ផ្កាឈូក​។

​ពួកគេ​បាន​យក​សំណាក​គំរូ​របស់​ទឹក​បឹង​នេះ បន្ទាប់មក​ពិនិត្យ​និង​វិភាគ DNA លើ​អ្វីដែល​ពួកគេ​បាន​រកឃើញ​។

​នៅ​ទីបំផុត ពួកគេ​បាន​រកឃើញ​ប្រភេទ​បាក់តេរី​ចូលចិត្ត​អំបិល​ចំនួន​១០ និង ពូជ​សា​រ៉ា​យ​សមុទ្រ Dunaliella ជាច្រើន​ទៀត ដែល​ភាគច្រើន​គឺមាន​រូបរាង​ពណ៌​ផ្កាឈូក​ឬ​ក្រហម​។

​ខណៈ​ទាំងអស់នេះ​អាចជា​មូលហេតុ​បង្ក​ឱ្យ​ទឹក​បឹង​មាន​ពណ៌​ផ្កាឈូក ពួកគេ​បាន​រកឃើញ​អ្វីមួយ​រឹតតែ​ភ្ញាក់ផ្អើល​ទៅទៀត​។ ពូជ​បាក់តេរី​មួយ​មាន​ឈ្មោះថា Salinibacter គឺមាន​ចំនួន​ដល់​ទៅ ៣៣ ភាគរយ​នៃ DNA ដែល​ប្រមូលបាន​។ ពួក​អ្នកស្រាវជ្រាវ​សង្ស័យថា ប្រភេទ​បាក់តេរី​នេះហើយ​ជា​មូលហេតុ​ធ្វើឱ្យ​ទឹក​បឹង​មាន​ពណ៌​ផ្កាឈូក​ដ៏​ស្រស់ស្អាត មិនមែន​សា​រ៉ា​យ​សមុទ្រ​នោះឡើយ​។ មើលទៅ​មាតា​ធម្មជាតិ​មិនអាច​លាក់បាំង​ការពិត​ពី​យើង​បានយូរ​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

បឹង​ហ៊ី​លលៀ ស្ថិតក្នុង​ចំណោម​បឹង​ពណ៌​ផ្កាឈូក​ល្បី​បំផុត​មួយ​របស់​អូស្ត្រាលី