នេ​ប៉ាល់​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សភា​ថ្នាក់កណ្តាល​និង​ថ្នាក់ក្រោម​ជាតិ​

217

​ការបោះឆ្នោត​បានចាប់ផ្តើម​ជ្រើសរើស​រដ្ឋសភាជាតិ​នេ​ប៉ាល់​និង​សភា​ខេត្ត​នៅ​ថ្ងៃអាទិត្យ​ទី​២៦​វិច្ឆិកា​នៅក្នុង​ស្រុក​តាម​តំបន់ភ្នំ​ភាគ​ខាងជើង​ចំនួន ៣២​។​

​ការបោះឆ្នោត​ដំណាក់កាល​ដំបូង​នេះ​នឹងត្រូវ​តាម​ពីក្រោយ​ដោយ​ការបោះឆ្នោត​មួយទៀត​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៧ ខែធ្នូ​នៅ​ស្រុក​ចំនួន ៤៥ ផ្សេងទៀត​នៅ​តំបន់​ខ្ពង់រាប​ភាគខាងត្បូង​។​

​ទោះបី​មានការ​បំផ្ទុះ​គ្រាប់បែក​ជាច្រើន​បាន​សំដៅ​ទៅលើ​បេក្ខជន​និង​យុទ្ធនាការ​របស់​ពួកគេ​នៅមុន​ក្នុងការ​បោះឆ្នោត​ក៏ដោយ ក៏​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​នេ​ប៉ាល់ (EC) និយាយថា ការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ​សន្តិវិធី​នៅ​គ្រប់​ស្រុក ជាទី​ដែល​ការបោះឆ្នោត​ត្រូវបាន​ធ្វើឡើង​ជាមួយនឹង​ការចូលរួម​ដ៏​រំភើប​រីករាយ​របស់​អ្នកបោះឆ្នោត​។​

​អ្នកនាំពាក្យ​របស់ EC លោក ណា​វ៉ា​រ៉ាត់ ដា​កាល់ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​មិនមាន​របាយការណ៍​នៃ​ការរំខាន​នៅក្នុង​ការបោះឆ្នោត​ទេ​នៅ​ដើម​ប៉ុន្មាន​ម៉ោង​ដំបូង​នៃ​ការបោះឆ្នោត​” ។​

​អតីត​ប្រធានរដ្ឋសភា លោក រ៉ាំ ច​ន្ត្រា ភូ​ដែល (Ram Chandra Poudel) អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក រ៉ាំ សារ៉ាន់ ម៉ា​ហាត់ (Ram Sharan Mahat) អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ម្នាក់ទៀត​គឺ​លោក បា​សា​ម៉ាន់ ពុន (Barsaman Pun) អតីតរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ចា​ណា​ដាន់ សា​ម៉ា (Janardan Sharma) និង​អតីតរដ្ឋមន្ត្រី​ព័ត៌មាន​និង​ទំនាក់ទំនង​លោក សឺ ដាន់​រ៉ៃ (Sher Dhan Rai) បាន​ក្លាយជា​មុខសញ្ញា​នៃ​ការវាយប្រហារ ប៉ុន្តែ​មិនបាន​រងគ្រោះ​ពី​ការវាយប្រហារ​ថ្មីៗ​នេះ​ទេ​។​

​ក្រសួងមហាផ្ទៃ​នៅ​ប្រទេស​នេ​ប៉ាល់​កាលពី​ថ្ងៃ​សៅរ៍​ទី​២៥​វិច្ឆិកា​បាន​និយាយថា​សន្តិសុខ “​ដែលមាន​ប្រសិទ្ធភាព​និង​អាច​ទុកចិត្តបាន​” ត្រូវ​បានរៀបចំ​សម្រាប់​ការបោះឆ្នោត​ដោយ​ជំ​រុញឱ្យ​អ្នកបោះឆ្នោត​ចូលរួម​ក្នុងការ​បោះឆ្នោត​ដោយ​គ្មាន​ការភ័យខ្លាច​។​

​ការបោះឆ្នោត​ត្រូវបាន​ធ្វើឡើង​ដើម្បី​ជ្រើសរើស​សភា​សហព័ន្ធ​នៅ​ថ្នាក់កណ្តាល​និង​ថ្នាក់ក្រោម​ជាតិ ដូចដែល​បានគ្រោង​ទុក​ដោយ​រដ្ឋធម្មនុញ្ញ​ថ្មី​នេ​ប៉ាល់​ដែល​បានប្រកាស​កាលពី​ខែកញ្ញា​ឆ្នាំ ២០១៥​។​

​ប្រទេស​នៅ​តំបន់​ហិ​ម៉ាឡៃ​នេះ​បានរៀបចំ​ការបោះឆ្នោត​ក្នុងស្រុក​សម្រាប់​ជា​ជំហាន​ដំបូង​ឆ្ពោះទៅ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​ថ្មី​។​

​លោក ឡូ​ក​រ៉ា​ច់ បា​រ៉ា​ល់ (Lokraj Baral) អ្នកវិទ្យាសាស្ត្រ​នយោបាយ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា “​ការបោះឆ្នោត​សម្រាប់​រដ្ឋសភា​សហព័ន្ធ​និង​សភា​ថ្នាក់​ខេត្ត​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅរក​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវ​បានប្រកាស​ឱ្យប្រើ​ដោយ​សភាធម្មនុញ្ញ​ជា​លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ​នេ​ប៉ាល់​”​។​

​នេ​ប៉ាល់​បាន​កំពុង​រៀបចំ​ការបោះឆ្នោត​ចំនួន​ពីរ​ជាមួយគ្នា​ដោយសារតែ​មាត្រា​ដែល​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ តម្រូវឱ្យ​ការបោះឆ្នោត​ទាំងអស់​ត្រូវតែ​បញ្ចប់​ត្រឹម​ថ្ងៃទី ២១ ខែមករា​ឆ្នាំ ២០១៨​។

​មាន​អ្នកបោះឆ្នោត​ប្រមាណ ១៥,៤ លាន​នាក់​នៅក្នុង​ប្រទេស​នេះ​។ បេក្ខជន​ប្រជែង​ការបោះឆ្នោត​ចំនួន ៧០២ នាក់​កំពុង​ប្រជែង​ក្នុងការ​បោះឆ្នោត​ទាំងពីរ​នេះ​ក្រោម​ប្រព័ន្ធ​បោះឆ្នោត​ដែល​ជ្រើសរើស​សមាជិក​ម្នាក់​ពី​ស្រុក​នីមួយៗ​ជាដំបូង​សិន​។ យោងតាម​អាជ្ញាធរ​បោះឆ្នោត​នៅ​នេ​ប៉ាល់​បានឱ្យដឹងថា មាន​បេក្ខជន ៥.៨៣៨ នាក់​ស្ថិតក្នុង​ប្រព័ន្ធ​បោះឆ្នោត​សមាមាត្រ​សម្រាប់​ដំណាក់កាល​បោះឆ្នោត​ទាំងពីរ​នេះ​៕ ដោយ៖ កញ្ញាដាលីស

ប្រជាជន​នេ​ប៉ាល់​នាំគ្នា​ចេញទៅ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ