នេ​ប៉ាល់ នាំ​យក​សាកសព​៤​នាក់​និង​សំរាម​១១.០០០​គីឡូក្រាម​ពី​ភ្នំ​អេ​វឺ​រ៉េ​ស

370
ចែករម្លែក

​ក្រុម​មន្ត្រី​នៅ​ប្រទេស​នេ​ប៉ាល់​បាន​និយាយថា បេសកកម្ម​របស់​រដ្ឋាភិបាល​ទៅ​កាន់​ភ្នំ​អេ​វឺ​រ៉េ​ស​(Everest) បាន​នាំយក​សំរាម​១១.០០០​គីឡូក្រាម​និង​សាកសព​៤​នាក់​ពី​ភ្នំ​ដ៏​ខ្ពស់​​បំផុត​នៅ​ពិភពលោក​នេះ​។​

​លោក Danduraj Ghimire មន្ត្រី​នៃ​ក្រសួង​ទេសចរណ៍​បាន​និយាយថា ក្រុម​អ្នក​បោសសម្អាត​បាន​ចំណាយពេល​ជាច្រើន​សប្តាហ៍​នៅ​លើ​ភ្នំ​អេ​វឺ​រ៉េ​ស​ដើម្បី​ប្រមូល​សំរាម​ដែល​​មានដូចជា​ថង់​ដាក់​អាហារ សំបក​កំប៉ុង ដប និង​បំពង់​អុកហ្ស៊ីហ្សែន​ដែល​ប្រើ​ហើយ ហើយ​សំរាម​ទាំងនេះ​នឹង​ត្រូវ​បាន​កែច្នៃ​ប្រើប្រាស់​ឡើងវិញ​។​

​ក្រុមមន្ត្រី​បាន​ហៅ​ការប្រមូល​សំរាម​នេះ ថា​ជា​បេសកកម្ម​ជោគជ័យ ប៉ុន្តែ​ថា​សំរាម​មួយចំនួនទៀត​នឹង​ចាំបាច់​ត្រូវ​ប្រមូល​។​

​ពួក​អ្នក​ឡើង​ភ្នំ​រាប់រយ​នាក់​និង​មគ្គុទ្ទេសក៍ ព្រមទាំង​អ្នក​ជួយ​កាន់​អ៊ី​វ៉ាន់​របស់​ពួកគេ ចំណាយ​ពេល​ជា​ច្រើន​សប្តាហ៍​នៅលើ​ភ្នំ​អេ​វឺ​រ៉េ​សរាល់​រដូវ​និទាឃ​រដូវ និង​បន្ទាប់​ពី​រដូវ​ដ៏​​គ្រោះថ្នាក់​នៅ​លើ​ភ្នំ​ដែល​មាន​ការកកស្ទះ​នៅតាម​ផ្លូវ​ឡើង​ភ្នំ ។​

​ប្រទេស​នេ​ប៉ាល់​ត្រូវបាន​ជំរុញ​ឱ្យ​បង្កើន​ការ​រឹតបន្តឹង​ការ​ចូល​ទៅកាន់​កំពូលភ្នំ​នេះ​។​

​មនុស្ស​១១​នាក់​បាន​ស្លាប់​ក្នុងអំឡុង​រដូវ​កាល​ឡើង​ភ្នំ​ដែល​បាន​បញ្ចប់​នៅ​សប្តាហ៍​នេះ​ខណៈ​ដែល ពួក​អ្នក​ឡើង​ភ្នំ​ដែល​មាន​ចំនួន​ច្រើន​ជាង​ពេលមុនៗ​នោះ បាន​ឡើង​ភ្នំ​បន្ត​គ្នា​​ទៅកាន់​កំពូលភ្នំ​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ពួក​អ្នក​ឡើង​ភ្នំ​រាប់រយ​នាក់ ចំណាយ​ពេល​ជា​ច្រើន​សប្តាហ៍​នៅលើ​ភ្នំ​អេ​វឺ​រ៉េ​សរាល់​រដូវ​និទាឃ​រដូវ (រូបទី១)និងបេសកកម្ម​របស់​រដ្ឋាភិបាល​ទៅ​កាន់​ភ្នំ​អេ​វឺ​រ៉េ​ស​បាន​នាំយក​សំរាម​១១.០០០​គីឡូក្រាម​និង​សាកសព​៤​នាក់​ពី​ភ្នំ​ដ៏​ខ្ពស់​បំផុត​នៅ​ពិភពលោក​នេះ​