នោះ​! បាត់​មុខ​មួយរយៈ តារា​ដើមទ្រូង សេង សូ​ណា វិល​វិញ​ជាមួយ​អាជីព​ថ្មី​

725

​បន្ទាប់ពី​បាត់​មុខ​ពី​វិថី​សិល្បៈ​មួយរយៈ​ធំ តារា​ល្បី​ដើមទ្រូង សេង សូ​ណា បានប្រកាសថា បាន​វិល​ចូល​សិល្បៈ​វិញ​ហើយ​។ ការវិល​ជាថ្មី តារា​រូបនេះ​បាន​ប្ដូរ​អាជីព​ពី​តារា​សម្ដែង មកជា​តារាចម្រៀង​វិញ​ម្ដង ហើយ​បច្ចុប្បន្ន​កំពុងតែ​ផលិត​ចម្រៀង​ភាគច្រើន​ជា Original Song ។​

​សេង សូ​ណា ប្រាប់ថា នាង​ត្រូវបាន​ផលិតកម្ម​ខ្មែរ​នៅក្រៅ​ស្រុក​មួយ​ទាក់ទង​ឲ្យ​នាង​ច្រៀង បន្ទាប់ពី​ម្ចាស់​ផលិតកម្ម​រូបនោះ ឃើញ​ភាព​សិច​ស៊ី និង​សមត្ថភាព​របស់​នាង​។ ផលិតកម្ម​នោះ​ឈ្មោះថា “​ផលិតកម្ម​ក្រៅ​ស្រុក​” ដែលមាន​ម្ចាស់​ជា​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​។​”​គាត់​ឃើញ​ខ្ញុំ​ល្បី​សិច​ស៊ី អាច​ច្រៀង​បាន ព្រោះ​ធ្លាប់​ទៅ​ច្រៀង​លេង KTV ជាមួយគ្នា អ៊ីចឹង​គាត់​ចង់​ជួយ​ខ្ញុំ លូវ​ធ្វើបាន​២​បទ​ហើយ គាត់​គ្រោង​ធ្វើ​បទ​ចម្រៀង​ឲ្យ​ខ្ញុំ​១​វ៉ុល​ម្នាក់ឯង​តែម្ដង ភាគច្រើន Original Song ទាំងអស់​ហ្នឹង​” សេង សូ​ណា លើកឡើង​។​

​តារា​សិច​ស៊ី រូបនេះ​បាន​បន្តថា តាម​គោលដៅ​ម្ចាស់​ផលិតកម្ម​គ្រោង​នាំ​នាង​ទៅ​ច្រៀង​នៅ​ប្រទេស​បារាំង និង​កាណាដា បន្ទាប់​ពីបទ​ចម្រៀងរ​បស់​នាង ត្រូវបាន​មហាជន​ស្គាល់ ហើយ​គម្រោង​ចេញទៅ​ច្រៀង​នៅ​ទីនោះ​ឆាប់ៗ ពោល​អាច​នៅ​ចុងឆ្នាំ​២០១៧ ឬ​ដើមឆ្នាំ​២០១៨​នេះ​។​

២​បទ​ដែល សេង សូ​ណា បាន​ច្រៀង ទើបតែ​ផលិត​បាន​ជិត​១​ខែ​មកនេះ ក្នុងនោះ​មាន​បទ​ទី​១ “​មើល​មេឃ​រំលែក​ចិត្ត​នឹក​បង​គ្រា​មុន​” និង​បទ​ទី​២” អាសូ​ណា​អត់​ខ្វល់​”​។ នាង​ថា នៅ​អាទិត្យ​ក្រោយ​ខាង​ផលិតកម្ម​នឹង​ចេញទៅ​ថត​ជា MV នៅក្នុង​ទឹក​ខេត្ត កំពង់ចាម ដោយ​ការថត​នោះ​យក​ឡាន​សុទ្ធតែ​ទំនើបៗ​ថែម​ទៀតផង​។ ជាមួយគ្នា​នោះ ខាង​ផលិត​កម្មបាន​តម្រូវ​ឲ្យ​នាង​ចេះ​លេង ហ្គី​តា ដើម្បី​ឲ្យ​ស៊ី​ទៅនឹង​ភាព​សិច​ស៊ី ហើយ​បច្ចុប្បន្ន​នាង​កំពុងតែ​រៀន​ជំនាញ​នេះ​។​

​សេង សូ​ណា លើកឡើងថា នាង​មិន​នឹកស្មានថា ខ្លួន​អាច​ច្រៀង​បានឡើយ ហើយ​នាង​ពិតជា​សប្បាយចិត្ត​ជាខ្លាំង​នៅពេលដែល​ម្ចាស់​ផលិតកម្ម​ខាងលើ​ផ្ដល់ឱកាស​បែបនេះ​។ នាង​សង្ឃឹមថា ទីផ្សារ​សិល្បៈ​របស់​នាង នឹង​ងើប​ឡើងវិញ​ហើយ​ខ្លាំង​ជាង​មុន​ទៅទៀត បន្ទាប់ពី​ផែនការ​ដែល​បាន​រៀបរាប់​ខាងលើ​។​

​អ្វី​ជាពិសេស​ជាងនេះទៅទៀត​នោះ តារា​ស្រី​ល្បី​ដើមទ្រូង​ខ្នាត​អឺរ៉ុប​រូបនេះ រំពឹង​ទីផ្សារ​នៅក្រៅ​ប្រទេស​ច្រើនជាង​នៅក្នុង​ស្រុក ព្រោះ​តាម​គោលការណ៍​ផលិតកម្ម​ចង់យក​នាង​ទៅ​រស់នៅ និង​ច្រៀង​នៅ​ប្រទេស​បារាំង​តែម្ដង​៕​អត្ថ​ប​ទៈ ស៊ុនហួត​/sn
​ប្រភព​៖sabay​