នៅក្បែរ​ក្រុង​សោះ​, សាលា​មួយកន្លែង​ខ្វះ​បន្ទប់​បង្រៀន​សិស្ស​

409
ចែករម្លែក
  • 23
    Shares

ដោយ​: បូកគោ / កំពត​: ហាក់ដូចជា​ខុសគ្នា​ស្រឡះ​ពី​តំបន់​ចុងកាត់មាត់ញក ដោយ​មកដល់​បច្ចុប្បន្ន​មាន​រហូតដល់​អគារ​ទំនើប និង​សល់​បន្ទប់​នៅ​ទំនេរ ខណៈដែល​សាលាបឋមសិក្សា​រ័ត្ន​ស៊ីវ​ត្ថា​បឹង​តា​រោង​ស្ថិតក្នុង​ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត​ចម្ងាយ​ត្រឹម​ប្រហែល​ប្រាំ​គីឡូម៉ែត្រ​ពី​កណ្តា​ក្រុង​កំពត​ប៉ុណ្ណោះ​បែរជា​ខ្វះ​បន្ទប់​សម្រាប់​បង្រៀន​សិស្ស​។ ផ្តើមចេញ ពី​បញ្ហា​នេះ គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ និង​មាតាបិតា​សិស្ស​បាន​អំពាវនាវ​ដល់​សម្បុរ​ស​ជន​ជួយ សាលារៀន​មួយ​ខ្នង​បន្ថែមទៀត​ដើម្បី​កាត់បន្ថយ​ការលំបាក ស្របពេល​បរិមាណ​សិស្ស​កើនឡើង​រៀងរាល់ឆ្នាំ​។​

​លោកស្រី​ចេ​វ រច្ចនី នាយិកា​សាលាបឋមសិក្សា​រ័ត្ន​ស៊ីវ​ត្ថា​បឹង​តា​រោង​បាន​មានប្រសាសន៍ថា សាលា​បឋម សិក្សា​បឹង​តា​រោង​មាន​អគារ​មួយ​ខ្នង​ស្មើនឹង​បី​បន្ទប់ សិស្ស​សរុប​ចំនួន​១២៥​នាក់​ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៦​។ ដោយ សារ​បន្ទប់​មាន​តិច​ទើប​កូន​អ្នកភូមិ​ក្បែរ​សាលា​ភាគច្រើន​បង្ខំចិត្ត​ទៅ​ចុះឈ្មោះ​រៀន​នៅ​ឆ្ងាយ​ពី​ផ្ទះ ដូចជា សាលា​ព្រៃ​តុម្ព សាលា​វត្តភ្នំ​សរ​ជាដើម​។ ​ម្យ៉ាងទៀត​មាតាបិតា​សិស្ស​មួយចំនួន​យល់ថា​ទីតាំង​សាលា​មិនសូវ​សុវត្ថិភាព​សម្រាប់​កូនចៅ ពិសេស​រដូវវស្សា​តែងតែ​លិច​ទឹក​ធ្វើឱ្យ​អាក់ខាន​ដល់​ការសិក្សា​ផង​។ លោកស្រី​នាយិកា​បាន​បន្ត ថា ក្រៅពី​ខ្វះ​បន្ទប់​សម្រាប់​បង្រៀន សាលា​ក៏​ពុំមាន​បណ្ណាល័យ គ្មាន​ទីចាត់ការ ហើយ​សិស្ស​ត្រូវ​រៀន​លាយឡំ​គ្នា​បង្ក​ការរំខាន​គ្រប់​ម៉ោង​។ ម្ល៉ោះហើយ​ទើប​អ្នកមាន​ជីវភាព​ធូរធារ គេ​មិន​យក​កូន​មក​ចុះឈ្មោះ​រៀន​នៅ​សាលា​នេះ​ទេ​។ លោកស្រី​នាយិកា​បាន​អំពាវនាវ​ថា សូម​សប្បុរសជន​ជួយ​ដល់​សាលា ដូចជា ជួយ​ចាក់ដី ធ្វើ​របង​ព័ទ្ធ ជុំវិញ ពោលគឺ​ការលំបាក​មាន​ច្រើន តែបើ​ជួយ​ផ្នែក​ណា​ក៏​បានដែរ ពិសេស​ការសង់​អគារ​មួយ​ខ្នង​បន្ថែម ព្រោះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ចំនួន​សិស្ស​តែង​កើនឡើង​ជានិច្ច​។

​តំណាងឱ្យ​លោកគ្រូ អ្នកគ្រូ​ក្នុង​សាលា​ទាំងមូល អ្នកគ្រូ​អ៊ុច សុខ​វ័​ន្ត បាន​រៀបរាប់ថា​ទោះបី​សាលា​មានការ​ខ្វះខាត​ច្រើនក្តី តែ​សិស្ស​បាន​យកចិត្តទុកដាក់​ក្នុងការ​សិក្សា​របស់​ពួកគេ​ណាស់​។ អគារ​មួយ​ខ្នង​បី​បន្ទប់ នេះ​មិនទាន់​ត្រឹមត្រូវ​តាម​ស្តង់ដារ​នៅឡើយ​ទេ ព្រោះ​សិស្ស​ពី​ថ្នាក់​ទី​១ ដល់ទី​៦ មាន​រហូតដល់​ទៅ​ប្រាំមួយ​ថ្នាក់​ឯណោះ​។ អ្នកគ្រូ​អ៊ុច សុខ​វ័​ន្ត បាន​បន្តថា ប្រសិនបើ​មាន​សប្បុរសជន​ជួយ ពិសេស​សង់​ជា​បន្ទប់​សម្រាប់​ថ្នាក់​ម​ត្តេ​យ្យ​នោះ​កាន់តែ​ប្រសើរ​។ សព្វថ្ងៃ​បណ្ណាល័យ​ជា​លក្ខណៈ​ចល័ត​បណ្តោះអាសន្ន​ដោយ​ធ្វើ​រួមគ្នា​ជាមួយ​បន្ទប់ រៀន​តែម្តង​។ ទិដ្ឋភាព​បែបនេះ​ពិតជា​មានការ​រំខាន​ទាំង​អារម្មណ៍​សិស្ស​ទាំង​គ្រូ​៕ ល​