នៅឆ្នាំ២០២០នេះ កយកា គ្រោងនឹងផ្តល់កញ្ចប់ថវិកាប្រមាណជាង ២៤,៥ លានដុល្លារសហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជា

82
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ កិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េនិងកម្ពុជា ត្រូវបានធ្វើឱ្យប្រសើរឡើងនិងទូលំទូលាយថែមទៀត។ ជាក់ស្តែងបរិមាណនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានកើនឡើងគួរឱ្យកត់សម្គាល់ និងបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេស​កម្ពុជា។

យោងតាមប្រភពទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា)បានឱ្យដឹងថា ៖នៅឆ្នាំ២០២០នេះ កយកា គ្រោងនឹងផ្តល់កញ្ចប់ថវិកាប្រមាណ ២៤,៥ លានដុល្លារសហរដ្ឋ​អាមេរិកដល់ប្រទេសកម្ពុជា។

ទាក់ទង​នឹងជំនួយអភិវឌ្ឍន៍នេះ លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាង របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំការិយាល័យប្រទេសកម្ពុជា នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ បានជួបពិភាក្សាការងារជាមួយ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មា​ធិការនីតិសម្បទា និងអភិវឌ្ឍន៍ កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាអំពីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កូរ៉េសម្រាប់ប្រទេសកម្ពុជា។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ភាគីទាំងពីរ បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នា លើរបៀបវារៈរួមមាន៖ ទី ១)កម្មវីធីទស្សនកិច្ចផ្លូវការមកប្រទេសកម្ពុជារបស់លោកស្រីប្រធានកយកា ទី២)ផែនការសហប្រតិបត្តិការរបស់កយកាសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២០ ទី៣)គម្រោងថ្មីរបស់កយកាសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ និង ទី៤)គម្រោងថ្មីរបស់កយកាសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២២ ៕/B