នៅតែមាន​សង្ឃឹមថា​ខ្ញុំ​នឹង​អាច​ជួប​សាច់ញាតិ​របស់ខ្ញុំ​ម្តងទៀត​

2094
ចែករម្លែក

ដោយៈស្រីនាថ/ភ្នំពេញៈ​ខ្ញុំ​ឈ្មោះ រស់ ប៊ុណ្ណា​រិ​ទ្ធិ បច្ចុប្បន្ន​រស់នៅ​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី សហរដ្ឋ​អាម៉េរិក​។ នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ​មាន​អាយុ​ប្រហែល​១៥​ឆ្នាំ​។ ខ្ញុំ​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ជាមួយ​គ្រួសារ​មិត្តភក្តិ​របស់ខ្ញុំ​ម្នាក់ ដែលមាន​ឪពុក​ជា​អ្នកបម្រើ​ការងារ​នៅ​ស្ថានទូត​អាម៉េរិក​ក្នុង​ទីក្រុង​ភ្នំពេញ​។ ខ្ញុំ​ជា​កូនប្រុស​ច្បង​ក្នុងចំណោម​បងប្អូន​បង្កើត​៥​នាក់​ដែល​រស់នៅ​សង្កាត់​ទួលគោក ស្ថិតនៅ​កាច់ជ្រុង​មហាវិថី​ម៉ៅ​សេទុង និង​ផ្លូវ​រថភ្លើង មុនពេល​ទៅដល់​រង្វង់​មូល​ទួលគោក​។ ឆ្លង​ពី​ផ្ទះ​របស់ខ្ញុំ មាន​សាកលវិទ្យាល័យ​២​ឬ​៣​កន្លែង​ទៀត​។

​ ​ខ្ញុំ និង​គ្រួសារ​របស់​មិត្តភក្តិ​របស់ខ្ញុំ បានធ្វើ​ដំណើ​តាម​យន្តហោះ​ដែល​ចុះចត​នៅ​ព្រលានយន្តហោះ​អូរ​តា​ប៉ៅ (Utapao) ព្រំដែន​ប្រទេស​ថៃ ហើយ​គឺជា​កន្លែង​ដែល​យើង​បាន​ស្នាក់​នៅក្នុង​ជំរំ​នៅ​ទីនោះ​អស់​រយៈពេល​២​ខែ មុនពេល​ទទួលបាន​កា​រ​ជួយឧបត្ថម្ភ​ឲ្យ​ចាកចេញ​ទៅកាន់​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋ​អាម៉េរិក​។ យើង​បាន​ស្នាក់នៅ សាន អូ​នូ​ហ្វ្រី រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋ​អាម៉េរិក​អស់​រយៈពេល​ប្រហែល​១​ខែ ហើយ​ក៏បាន​ផ្លាស់​ទៅ​រស់នៅ​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី វិញ​។ ក្រោយមកទៀត យើង​បាន​ផ្លាស់ប្តូរ​ទៅ​រស់នៅក្នុង​រដ្ឋ​ហ្ល​រី​ដា ក្នុង​ទីក្រុង​លែ​ក​ម៉ា​រី ហ្ល​រី​ដា (​រដ្ឋ​ហ្ល​រី​ដា​កណ្តាល​) ចាប់តាំងពី​ឆ្នាំ​១៩៩៦​។

​ខ្ញុំ​មាន​ឪពុក​ឈ្មោះ រស់ ហួន កើត​នៅ​ឆ្នាំ​១៩៣៣ និង​ម្តាយ​ឈ្មោះ អា​ញ់ សូ​ហ៊ុន កើត​ឆ្នាំ ១៩៣៩ និង​មាន​បងប្អូន​បង្កើត​ដែលមាន​រាយ​ឈ្មោះ​ដូចខាងក្រោម​៖
១) រស់ ប៊ុណ្ណា​រ៉ា ភេទ​ស្រី
២) រស់ ប៊ុណ្ណា ភេទ​ស្រី
៣) រស់ ប៊ុ​ណ្ណេ ភេទ​ប្រុស​
៤)​រស់ ប៊ុណ្ណ​រដ្ឋា​ណា ភេទ​ប្រុស​
​មុនពេល​ខ្មែរក្រហម​ចូលមក​ក្រុងភ្នំពេញ ខែមេសា ឆ្នាំ​១៩៧៥ លោកយាយ​របស់ខ្ញុំ​រស់​នៅ​ជាមួយ​បងប្អូន​ជីដូនមួយ​រប​ស់​ខ្ញុំ ដែល​បាន​រៀបការ​រួច ហើយ​មានកូន​ចំនួន​២​នាក់​។ គាត់​រស់នៅ​ជិត​ខ្ញុំ​។ ខ្ញុំ​មាន​មីង និង​ពូ​មួយចំនួនទៀត ដែល​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ​។ បងប្អូន​ជីដូនមួយរ​បស់​ខ្ញុំ​ម្នាក់​គឺជា​តារាភាពយន្ត ហើយ​បងប្អូន​ជីដូនមួយ​រប​ស់​ខ្ញុំ​ពីរ​នាក់​ផ្សេងទៀត​គឺជា​អ្នករាំ​របាំ​អប្សរា​។

​ ​អស់​រយៈពេល​ជិត​៤៣​ឆ្នាំ​មកហើយ ដែល​ខ្ញុំ​មិន​ធ្លាប់បាន​ទំនាក់ទំនង​ជាមួយ​សមា​ជិ​ក​គ្រួសារ​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នៅតែមាន​សង្ឃឹមថា​ខ្ញុំ​នឹង​អាច​ជួប​សាច់ញាតិ​របស់ខ្ញុំ​ម្តងទៀត​។ ខ្ញុំ​កំពុងតែ​រៀបចំ​គម្រោង​ទៅ​ប្រទេស​កម្ពុជា​នៅ​ដើមឆ្នាំ​២០១៩​នេះ​។ ប្រសិនបើ​បងប្អូន​ណា​បាន​ស្គាល់​និង​ដឹង​ដំណឹង​អំពី​ឈ្មោះ​សមាជិកគ្រួសារ​របស់ខ្ញុំ​ដូច​ការរៀបរាប់​របស់​ខ្ញុំ​ខាងលើ សូមមេត្តា​ទំនាក់ទំនង​​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា តាមរយៈ​អាសយដ្ឋាន ៖ ផ្ទះ​លេខ​៦៦ ផ្លូវ​ព្រះសីហនុ ក្រុងភ្នំពេញ ទូរ​ស័ព្ទ​លេខ ០២៣ ២១១ ៨៧៥​៕សរន