ដោយ:ឆាយានាថ
ភ្នំពេញ: នាពេលថ្មីៗនេះ តាមការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ គឺ បានកំណត់ការផ្តន្ទាទោសលោក ផែង វណ្ណៈ ជាមន្ត្រីយោធា និង ជានិពន្ធនាយកសារព័ត៌មានខ្លួនឯងផងនោះ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ តែអនុវត្តទោសត្រឹម២ខែ១៥ថ្ងៃ ប៉ុណ្ណោះ ពាក់ព័ន្ធបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ និង បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបណ្តឹងរបស់លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
បើតាមគិតរយៈពេលនៃការឃុំខ្លួនលោក ផែង វណ្ណៈ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ គឺ បង្ហាញថា លោក ផែង វណ្ណៈ នឹងត្រូវដោះលែងចេញពីពន្ធនាគារវិញ នៅថ្ងៃទី១៨ ខែមិថុនា នេះ ហើយមួយខែក្រោយសាលក្រមនឹងចូលជាស្ថាពរ ប្រសិនបើជនជាប់ចោទ ផែង វណ្ណៈ ឬ ព្រះរាជអាជ្ញា មិនប្តឹងឧទ្ធរណ៍ទេនោះ ។ ក្រោយសាលក្រមចូលជាស្ថាពរ លោកផែង វណ្ណៈ នឹងមានឋានៈជា“ទណ្ឌិត” ។
បញ្ហានេះ មហាជនមានចម្ងល់ថា តើលោក ផែង វណ្ណៈ នឹងអស់ក្របខ័ណ្ឌជាមន្ត្រីយោធាដែរឬទេ ហើយអាចប្រកបវិជ្ជាជីវៈសារព័ត៌មាន បានទៀតឬយ៉ាងណា ? ។
ឆ្លើយតបចម្ងល់ទាំងនេះ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងប្រាប់នៅព្រឹកថ្ងៃទី១៨ ខែមិថុនា នេះ ជាគោលការណ៍ ប្រធានអង្គភាពសាម៉ី បានចាត់ចែងតួនាទីលោក ផែង វណ្ណៈ តាំងពីពេលសមត្ថកិច្ច ចាប់ខ្លួនលោកមកម្ល៉េះ ។
លោក ឈុំ សុជាតិ អះអាងថា”លោក ផែង វណ្ណៈ ត្រូវអស់ក្របខ័ណ្ឌហើយ តែអតីតភាពការងារលោកប៉ុន្មានឆ្នាំហើយនោះ គឺ មិនចងចាំទេ”។
មាត្រា២៨ ច្បាប់ស្តីពី លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ចែងថា អាចត្រូវតែងតាំងជានាយទាហានអាជីពបាន ចំពោះជនណាដែល ៖ មានសញ្ជាតិខ្មែរ , មានលិខិតថ្កោលទោសដែលបញ្ជាក់ថាគ្មានទោស , មានសម្បទាតាមតម្រូវការ ដើម្បីបំពេញមុខងារ ។
ត្រង់ចំណុចនេះ អាចបង្ហាញយ៉ាងច្បាស់ថា លោក ផែង វណ្ណៈ មានលិខិតថ្កោលទោស ដោយបញ្ជាក់ថា ធ្លាប់មានទោសពីមុនមក គឺ មិនអាចធ្វើជាមន្ត្រីយោធាបានទៀតទេ ។
ដោយឡែកជុំវិញ ការប្រកបវិជ្ជាជីវៈសារព័ត៌មានរបស់លោក ផែង វណ្ណៈ វិញ , អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ថ្លែងប្រាប់ថា ក្នុងករណីតុលាការ មិនបានកំណត់ ថា ជនជាប់ចោទ មិនអាចប្រកបវិជ្ជាជីវៈសារព័ត៌មាន បាន មានន័យថា អ្វីៗជាធម្មតា ។
លោក អ៊ុក គឹមសេង បន្តថា “គ្មានច្បាប់ណាហាមឃាត់ បើសិនតុលាការមិនកំណត់ គាត់មានសិទ្ធិសេរីភាព ដូចគេដូចឯងដែរ អត់ពាក់ព័ន្ធនឹងប្រកាសរបស់ក្រសួងព័ត៌មានទេ”។
គេនៅចាំបានថា កាលពេលប្រកាសសាលក្រម គឺ តុលាការពុំបានកំណត់អំពីការហាមឃាត់មិនអោយលោក ផែង វណ្ណៈ ប្រកបវិជ្ជាជីវៈសារព័ត៌មាននោះទេ ។
ទោះបីយ៉ាងណា នៅថ្ងៃទី១៨ ខែមិថុនា នេះ លោក ផែង វណ្ណៈ នឹងត្រូវដោះលែងចេញពីពន្ធនាគារ ។ ប៉ុន្តែ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានទេ ដោយសារទូរស័ព្ទទាំង២ប្រព័ន្ធ ទូរស័ព្ទមិនចូលទាំង២ ៕ ល